រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម មួយក្រុមមានគ្នា១០នាក់បានដេញវាយគ្នាតាមដងផ្លូវសាធារណៈធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបាន១០នាក់ភ្លាមៗ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៦ មេសា ២០១៤ នៅចំណុចមុខក្លឹបហេបភី តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីពួកគេនាំគ្នាចូលទៅផឹកស៊ីក្នុងក្លិបហេបភីហើយបង្កទំនាស់ហិង្សាដាក់គ្នាផ្អើលពេញមុខក្លិប។
លោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យបានឱ្យដឹងថា ក្រុមក្មេងស្ទាវទាំងនោះ ១-ឈ្មោះអៀង ខេមរា ភេទប្រុស អាយុ២២ឆ្នាំ, ២-ឈ្មោះវុន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ, ៣-ឈ្មោះផាត់ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ, ៤-ឈ្មោះឈន យ៉េត ភេទប្រុស អាយុ១៩ឆ្នាំ, ៥-ឈ្មោះអាត ដា ភេទប្រុស អាយុ២៣ឆ្នាំ, ៦-ឈ្មោះឈន យូត ភេទប្រុស អាយុ១៩ឆ្នាំ, ៧-ឈ្មោះហៀន ចាន់នួន ភេទប្រុស អាយុ១៨ឆ្នាំ, ៨-ឈ្មោះទុម ខេន ភេទប្រុស អាយុ២១ឆ្នាំ, ៩-ឈ្មោះលឹម សំអុល ភេទប្រុស អាយុ១៩ឆ្នាំ និង១០-ឈ្មោះវន វើត ភេទប្រុស អាយុ២៥ឆ្នាំ។
បច្ចុប្បន្នក្មេងស្ទាវទាំង២ក្រុមត្រូវកម្លាំងកងរាជអាវុធហត្ថនាំយកទៅកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យដើម្បីចាត់ការបន្ត។
សូមបញ្ជាក់ថា ក្លិបខាងលើនេះតែងតែកើតមានទំនាស់ទាស់ទែងគ្នាជាញឹកញាប់ណាស់ ដែលកាលពីពេលកន្លងមកក៏ធ្លាប់មានផ្ទុះអាវុធដែរ។ លើសពីនេះទៀតកាលពីឆ្នាំ២០១២ មានគ្រោះអគ្គិភ័យឆាបឆេះស្លាប់មនុស្ស២នាក់នៅក្នុងក្លិបទៀតផង៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ