រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៏ថា ការជួបចរចារវាងគណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិជាលក្ខណៈទូលាយមើលទៅហាក់ដូចជាជាប់គំាងមែន តែការចរចាដោយសម្ងាត់ដំណើរការដោយរលូន ។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ មេសា ២០១៤នេះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងជួបចរចាជាមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ហើយថាលទ្ឋផលយ៉ាងណានោះនឹងបានដឹង ។ប្រសាសន៏យ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មេសា ២០១៤ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានជាតិវ៉ាន់ដា គណនេយ្យ នៅមជ្ឈមណ្ឌលកោះពេជ្រក្នុងរាជធានីភ្នំពេញ ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានព្រមានទុកជាមុនចំពោះបាតុកម្មរបស់បក្សប្រឆាំងដែលថាមានមនុស្សចូលរួម២លាននាក់ ដោយសម្តេចបញ្ជាក់ថា ” បាតុកម្មគំាទ្រ និង បាតុកម្មប្រឆាំង ចេញម៉ោប៉ុន្មាននាក់ ស្អីក៏ព្រហើនម៉េះ ថៅកែបាតុកម្មតំាងពីទស្សវត្សរ៍៩០ ស្អីបាតុកម្ម ស្អីបាតុកម្ម រួចអាងអីរត់ចូលទូត ប្រសិនបើរាជរដ្ឋាភិបាលចំបាច់ត្រូវអនុវត្តន៏នោះ ទោះជាឡើងជិះយន្តហោះក៏ដោយ ក៏អាចហៅយន្តហោះនោះឲ្យត្រឡប់មកវិញបានដែរ ។
បើតាមសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ រាជរដ្ឋាភិបាលកំពុងពិចារណាផ្លូវច្បាប់យ៉ាងហ្មត់ចត់ ចំពោះលិខិតរបស់លោក សម រង្ស៊ី ទូលថ្វាយព្រះមហាក្សត្រនោះ ៕
ចែករំលែកព័តមាននេះ