ខេត្តកំពង់ចាម ៖ ក្រោមការសើុបអង្កេតយ៉ាងក្តៅគគុករបស់សមត្ថកិច្ចដើម្បីតាមប្រមាញ់ក្រុមចោរប្លន់ចំនួន៣នាក់ ដែលធ្វើសកម្មភាពកាប់បុរសមេជាងផ្សារដែកឈ្មោះ ណៃ ណុច អាយុ៤០ឆ្នាំ រស់នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម បណ្តាលឱ្យរងរបួសធ្ងន់៥កាំបិតកាលពីវេលាម៉ោង៥ភ្លឺថ្ងៃទី៣ មេសា ប្លន់យកម៉ូតូសេ១២៥ មួយគ្រឿង ស៊េរីឆ្នាំ២០១៤ ទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី៤ មេសា និងព្រឹកថ្ងៃទី៥ មេសា ព្រមទាំងដកហូតបានម៉ូតូ២គ្រឿងផងដែរ ។
លោកអនុសេនីយ៍ឯក ហង្ស វណ្ណចន អធិការរងនគរបាលក្រុងកំពង់ចាមឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវបានចាប់ខ្លួននោះរួមមាន ១-ឈ្មោះ វង្ស សំរិទ្ធ ហៅក្លូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ២-ឈ្មោះ លន់ ចិន្តា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ (អ្នកដៃដល់កាប់ជនរងគ្រោះ) ៣-ឈ្មោះ ហេង បូរ៉េត ហៅរាជ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម ។
លោកអធិការរងបន្តថា មេជាងផ្សារដែកឈ្មោះ ណុច បានជិះម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៤ ចេញពីផ្ទះនៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ដោយឌុបបងស្រីនៅវេលាម៉ោងជាង៤ទៀបភ្លឺថ្ងៃទី៣ មេសា ដើម្បីទៅលក់បន្លែនៅឯផ្សារ រួចជិះម៉ូតូត្រឡប់មកផ្ទះវិញ ។ លុះពេលមកដល់មុខផ្ទះ ក៏ត្រូវចោរ៣នាក់មកស្ទាក់ប្លន់ដោយកាប់នឹងដាវសាមូរ៉ៃបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូត្រូវចោរជិះយកទៅបាត់ ។
នាព្រឹកថ្ងៃទី៣ មេសានោះ លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្ត បានចេញបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុកតាមប្រមាញ់មុខសញ្ញា ។ ជាក់ស្តែង នៅម៉ោង១២យប់ថ្ងៃទី ៤ មេសា កម្លាំងនគរបាលបានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ ស្រីមាន អាយុ១៨ឆ្នាំ ពេលកំពុងជិះម៉ូតូដែលសង្ស័យចេញពីផ្ទះសំណាក់អ៊ូលី មកដល់ផ្ទះម៉ែយ៉ែមនៅភូមិចុងថ្នល់ សង្កាត់បឹងកុក ។ ពេលហៅសួរនាំស្ត្រីរូបនេះឆ្លើយថា ម៉ូតូនោះជារបស់ប្រុសស្នេហ៍ឈ្មោះរាជ ដែលប្លន់បានពីមេជាងផ្សារដែកឈ្មោះណុច នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ។
ក្នុងពេលនោះ សមត្ថកិច្ចបានឱ្យស្ត្រីរូបនេះទូរស័ព្ទហៅជនឈ្មោះរាជ ឱ្យមករួចក៏ចាប់ខ្លួន និងបានចាប់ឈ្មោះចិន្តា បន្តទៀតនាយប់នោះ ហើយរហូតដល់ព្រឹកថ្ងៃទី៥ មេសា ក៏ចាប់ឃាត់ខ្លួនឈ្មោះក្លូ ទៀត ។ ជាមួយនឹងការឃាត់ខ្លួននេះដែរ ក៏ដកហូតបានម៉ូតូ២គ្រឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងបញ្ជូនទៅសាលាដំបូងខេត្ត ។
ជនសង្ស័យឈ្មោះ លន់ ចិន្តា ឆ្លើយថា នៅយប់ថ្ងៃទី២ មេសា រូបគេនិងឈ្មោះរាជ បានជួបគ្នានៅផ្ទះលក់គ្រឿងញៀនឈ្មោះវី នៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម រហូតដល់វេលាម៉ោងជាង៣ទៀបភ្លឺឈានចូលថ្ងៃទី៣ មេសា ក៏ជិះមូ៉តូមកម្តុំសាលាហុងគ្រី ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ដោយរៀបចំគម្រោងចេញប្លន់ម៉ូតូ ។ ពេលជិះម៉ូតូចេញទៅ រូបគេ (ចិន្តា) ជិះពីក្រោយដោយកាន់ដាវ១ ឈ្មោះរាជ អង្គុយនៅកណ្តាល ចំណែកឈ្មោះក្លូ ជាអ្នកបើកម៉ូតូ ។ ខណៈជិះម៉ូតូទៅដល់ភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ឃើញបុរសម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ បម្រុងបត់ចូលផ្ទះ ក៏ទៅកៀរផ្តួល ហើយកាប់ទៅលើជនរងគ្រោះនោះតែម្តងដើម្បីប្លន់យកម៉ូតូ ដោយឈ្មោះរាជ ជាអ្នកចូលទៅលើកម៉ូតូជិះគេចចេញទៅកាន់ភូមិសាស្ត្រឃុំហាន់ជ័យ ស្រុកកំពង់សៀម រហូតដល់យប់ថ្ងៃទី៤ មេសា ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ៕
ចែករំលែកព័តមាននេះ