រាជធានីភ្នំពេញ ៖ ស្ថាប័នកំពូលរបស់ជាតិចំនួន២ គឺស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនជាបន្តបន្ទាប់ប្រតិកម្មតបទៅនឹងលិខិតរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលបានថ្វាយព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២ មេសា កន្លងមកថា ធ្វើឱ្យប៉ះពាល់ដល់ស្ថាប័ន ព្រះមហាក្សត្រ និងរដ្ឋសភា ។
សេចក្តីថ្លែងការណ៍របស់រដ្ឋសភា ចុះថ្ងៃទី៤ មេសា ដែលកោះសន្តិភាពបានទទួលលើកទ្បើងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចុះថ្ងៃទី២ មេសា ថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាលិខិតប្រកបដោយពុតត្បុត ពិសពុល ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នកំពូលរបស់ជាតិ២ គឺព្រះរាជបល្ល័ង្ក និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយមិនអាចអត់ឱនឱ្យបានទ្បើយ។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ តាមរយៈការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងដោយសម្ងាត់ ហើយមានភាពរលូនគ្មានអំពើហិង្សា ។
សេចក្តីថ្លែងការណ៍ដដែលបានលើកទ្បើងទៀតថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានដំណើរការរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ហើយមាននីត្យានុកូលភាពពេញលេញក្នុងការអនុវត្តការងារ ។ ទាំងមុនពេលបោះឆ្នោត ទាំងក្នុងពេលបោះឆ្នោត និងទាំងក្រោយបោះឆ្នោត ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិបានប្រកាសថា ចូលរួមការបោះឆ្នោត តែមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សសង្គ្រោះជាតិជ្រើសរើសយកផ្លូវបាតុកម្មអហិង្សា ធ្វើឱ្យមានអស្ថិរភាពសង្គម បង្កើតភាពច្របូកច្របល់ ប្រជាពលរដ្ឋមានការភិតភ័យ និងរស់នៅមិនបានសុខ ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទាំងបង្កើតនូវអំពើប្រកាន់ពូជសាសន៍ ដែលសកលលោកទាំងមូលបានថ្កោលទោស ។ គណបក្សសង្គ្រោះជាតិ បានបោះបង់ចោលតួនាទី និងភារកិច្ចដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រគល់ឱ្យ ។ នេះគឺជាសកម្មភាពផ្ទុយនឹងឆន្ទៈប្រជារាស្ត្រ និងផ្ទុយពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ ។
ចំណែកសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាចុះថ្ងៃទី៥ មេសា វិញបានលើកទ្បើងនិងប្រកាស គាំទ្រទាំងស្រុងនូវព្រះរាជសាររបស់ព្រះមហាក្សត្រចុះថ្ងៃទី១ មេសា ក្នុងការបើកសម័យប្រជុំលើកទី២ នីតិកាលទី៥ នៃរដ្ឋសភា ព្រមទាំងប្រកាសថ្កោលទោសចំពោះលិខិតចុះថ្ងៃទី២ មេសា របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិថា មានចរិតរំលោភលើអង្គព្រះមហាក្សត្រ និងបំពានលើឆន្ទៈប្រជាពលរដ្ឋខ្មែរ។ សេចក្តីថ្លែងការណ៍ដដែលបានលើកទ្បើងទៀតថា ក្នុងរដ្ឋធម្មនុញ្ញត្រង់មាត្រា៧ បានចែងថា«អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានទ្បើយ» ។ ជាពិសេសមាត្រា១៨ថ្មី បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភា ដោយព្រះរាជសារ ហើយព្រះរាជសារនេះ ព្រឹទ្ធសភា និងរដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាទ្បើយ» ។ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ មិនគ្រាន់តែមិនចូលរួមសម័យប្រជុំដំបូងរដ្ឋសភាតាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងបន្តធ្វើពហិការឥតឈប់ឈរ ដើម្បីរារាំងប្រក្រតីនៃដំណើរការរបស់រដ្ឋសភានីតិកាលទី៥ ។
គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ស្ថាប័នធំរបស់ជាតិចំនួនពីរនេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានដាក់ថ្វាយលិខិតដល់ព្រះមហាក្សត្រកាលពីថ្ងៃទី២ មេសា ដោយក្នុងលិខិតនោះ មានអត្ថន័យនិងខ្លឹមសារសម្តែងនូវមតិជំទាស់ទៅនឹងព្រះរាជសារ របស់ព្រះមហាក្សត្រ ។ ក្នុងលិខិតនោះ បានលើកទ្បើងថា រដ្ឋសភាបច្ចុប្បន្ន គឺមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដ របស់ប្រជាពលរដ្ឋខ្មែរទ្បើយ ហើយក៏ពុំអាចធ្វើជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលបានទេ ដោយសារពុំមានតំណាងរាស្ត្រគ្រប់ចំនួន១២០រូប ចូលរួមប្រជុំដំបូងនៃរដ្ឋសភា ដូចដែលតម្រូវដោយមាត្រា៧៦នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទូលថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថា យោងព្រះរាជសារ ព្រះមហាក្សត្រ ក្នុងឱកាសបើកបវសេនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ចុះថ្ងៃទី១ មេសា ឆ្នាំ២០១៤ ក្នុងឋានៈទូលបងំ្គ ជាប្រធានគណបក្សសង្គ្រោះជាតិ ដែលតំណាងឱ្យប្រជាពលរដ្ឋយ៉ាងតិច៣លាននាក់ ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះករុណា ជាអម្ចាស់ ទ្រង់ព្រះមេត្តាជ្រាបថា រដ្ឋសភាបច្ចុប្បន្ន ដែលត្រូវបានបង្កើតទ្បើង កាលពីថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣ គឺជាសភាឯកបក្ស ដែលមានតែតំណាង មកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ មិនមែនតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ។
ប្រតិកម្មនានា បានផ្ទុះទ្បើងដូចគ្រាប់បែកបរមាណូបង្ហាញនូវការគាំទ្រដល់ព្រះរាជសារនៃអង្គព្រះមហាក្សត្រ ។ ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៥ មេសា ឆ្នាំ២០១៤ បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥ នាថ្ងៃទី២៣ កញ្ញា ឆ្នាំ២០១៣ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានប្រោសព្រះរាជទាន ព្រះរាជសារ ដ៏មានអត្ថន័យវិសេសវិសាលបំផុតនៅក្នុងឱកាសបើកបវេសនកាលរដ្ឋសភា នាសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៥ ថ្ងៃទី១ មេសា ឆ្នាំ២០១៤ ។ មកដល់បច្ចុប្បន្ននេះ រដ្ឋសភានីតិកាលទី៥ បាននិងកំពុងបំពេញនូវភារកិច្ចរបស់ខ្លួនជាប្រក្រតីទាំងក្នុង និងក្រៅប្រទេស ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដោយទទួលបានលទ្ធផលល្អប្រសើរ ជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន ។
ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិ មិនព្រមចូលប្រជុំដំបូងតាមការកោះប្រជុំរបស់ព្រះមហាក្សត្រទ្បើយ និងបន្តធ្វើពហិការមិនចូលប្រជុំរដ្ឋសភា រហូតមកដល់ពេលនេះ ហើយថែមទាំងបានជំរុញសកម្មភាពប្រទូស្តរ៉ាយឥតឈប់ឈរ សំដៅបង្កអស្ថិរភាពជីវភាពសង្គមលើគ្រប់ផ្នែក និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតទៀតផង ។ ក្នុងពេលថ្មីៗនេះ នៅក្នុងលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី២ មេសា ឆ្នាំ២០១៤ ដែលផ្ញើថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាទីសក្ការៈ បានបង្ហាញឱ្យឃើញច្បាស់ជាថ្មីទៀត នូវការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រ និងឆន្ទៈរបស់ប្រជារាស្ត្រខ្មែរ ដែលគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានទ្បើយ ។ គណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះខ្លឹមសារនៃលិខិតរបស់ លោក សម រង្ស៊ី ដែលមានចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ អំពីភាពស្របច្បាប់នៃរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥នេះ ។
គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវស្វាមីភក្តិឥតងាករេចំពោះអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ហើយបេ្តជ្ញាដាច់ខាតធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ។ ចំណែកក្រសួងការពារជាតិ ក៏បានចេញញត្តិគាំទ្រដល់អង្គព្រះមហាក្សត្រដែរ ដែលចុះហត្ថលេខាដោយលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ៦ មេសា ។ ញាតិ្តបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី៥ មេសា ដែលបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ តាមរយៈសារលិខិតរបស់ខ្លួនចុះថ្ងៃទី២ មេសា ឆ្នាំ២០១៤ តបទៅនឹងព្រះរាជសារបើកបវេសនាកាលនៃរដ្ឋសភានាសម័យប្រជុំលើកទី២នីតិកាលទី៥ កាលពីថ្ងៃទី១ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ។
ញត្តិរបស់ក្រសួងការពារជាតិមានខ្លឹមសារថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទទាំងមូល ពិតជាពុំអាចទទួលយកបាននូវទង្វើអគតិរបស់លោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រមាថមាក់ងាយយ៉ាងគឃ្លើនដល់ព្រះកិត្តិយស និងព្រះកិត្តិនាមរបស់ ព្រះករុណា ព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់របំផុតរបស់ប្រជាជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ ទង្វើដ៏ព្រហើនកោងកាចនេះ បានបង្ហាញយ៉ាងច្បាស់ពីការបំពារបំពានដល់ស្ថាប័នកំពូលរបស់ជាតិ រាជបល្ល័ង្ក និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជាសាកល ត្រឹមត្រូវ សេរី និងយុត្តិធម៌ ។ រីឯក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងយុត្តិធម៌ ក៏បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់លោក សម រង្សុី ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងទាំង២ ដែលកោះសន្ដិភាពបានទទួល គឺថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការលើកឡើងដែលថា រដ្ឋសភាបច្ចុប្បន្នដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ គឺជាសភាឯកបក្ស មិនមែនតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូល មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ និងពុំអាចធ្វើ ជាតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូលបានឡើយ ដោយសារពុំមានតំណាងរាស្ត្រគ្រប់ចំនួន១២០រូប ចូលរួមក្នុងកិច្ចប្រជុំដំបូងនៃរដ្ឋសភាដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ ការលើកឡើងរបស់លោក សម រង្សុី នេះមិនត្រឹមតែជាការជាន់ឈ្លីលើគោលការណ៍នីតិរដ្ឋនិងឆន្ទៈរួមរបស់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបំពានមួយយ៉ាងជាក់ស្ដែង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះកិត្តិុយសនិងព្រះកិត្តិនាមរបស់ព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលត្រូវបានការពារយ៉ាងដាច់ខាតដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបានឡើយ» «អង្គព្រះមហាក្សត្រគង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី និងជាអ្នកធានានូវការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប » ។
ការថ្កោលទោសត្រូវបានធ្វើឡើងនៅគ្រប់ក្រសួងស្ថាប័ន មន្ទីរអង្គភាព និងតាមរាជធានី-ខេត្តទូទាំងប្រទេសផងដែរ ៕
ចែករំលែកព័តមាននេះ