ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំសាររំលែកទុក្ខ និងថវិការបស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន ​សែន ជូនចំពោះ​ក្រុមគ្រួសារ​​សពលោក​ពល​​ទោ វី កក្កដា ​ពលីនៅ​សមរភូមិ​

3 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៉ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត…

ខេត្ត​ប៉ៃលិន ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៉ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ បាន ស្រី​មុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ បាន​នាំ​យកសារ​រំលែក​ទុក្ខ និង​ថវិកា​ចំនួន ១០​លាន​រៀល របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព លោក​ពលទោ វី កក្កដា ដែល​បាន​ពលី​ជីវិត​នៅ​សមរភូមិ​ជួរ​មុខ ប្រាសាទ​តា​ក្របី ក្នុង​សង្គ្រាម​ឈ្លានពាន កាលពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​អាយុ​២១​ឆ្នាំ​។

ស្ថិត​ក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៉ី ឈាន និង​លោក​ជំទាវ បាន ស្រី​មុំ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​នូវ​សារ​រំលែក​ទុក្ខ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​មាន​ខ្លឹមសារ​ថា​៖ «​ក្នុង​វេលា​ដ៏​សែន​ក្តុកក្តួល​នេះ ខ្ញុំ និង​សហការី​នៃ​កាកបាទក្រហមកម្ពុជា សូម​សម្តែង​នូវ​ក្តី​សោកស្តាយ អាឡោះអាល័យ​ជា​ពន់ពេក​ជាមួយ​លោកស្រី និង​ក្រុម​គ្រួសារ​ទាំងអស់ ចំពោះ​ការ​បាត់​កូន ប្អូន និង​សាច់ញាតិ​ជាទី​ស្រឡាញ់ ប្រកបដោយ​ព្រហ្ម​វិហារធម៌ គុណធម៌​ល្អ​ប្រពៃ​ថ្លៃថ្លា​នៅ​ក្នុង​គ្រួសារ ហើយ​ការ​ពលី​ជីវិត របស់​លោក​ពលទោ វី កក្កដា គឺជា​ការ​បាត់បង់​វីរ​កងទ័ព​មាន​សមត្ថភាព និង​គុណ​តម្លៃ​ខ្ពស់​មួយ​រូប នៃ​កង​យោធពលខេមរភូមិន្ទ ដែល​មាន​ទឹកចិត្ត​អង់អាច​ក្លាហាន មោះមុត​លើ​សមរភូមិ​ប្រយុទ្ធ​តស៊ូ​ប្តូរជីវិត ដើម្បី​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ​ជាតិ ជា​ពិសេស​ការពារ​សុខ​សន្តិភាព​ជូន​ប្រជាជន និង​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​ពលទោ វី កក្កដា សូម​បាន​ទៅ​កាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

ជា​ការ​ឆ្លើយ​តប តំណាង​គ្រួសារ​សព បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ព្រមទាំង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​និង​រំ​លក​ទុក្ខ ហើយ​សូម​បួងសួង​ដល់​បារមី​វត្ថុ​សាក​សិទ្ធ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក លោកស្រី និង​ក្រុមការងារ​ទាំងអស់ សូម​មាន​សុខភាព​ល្អ និង​ទទួល​បាន​ជ័យជម្នះ​គ្រប់​ភារកិច្ច​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៉ី ឈាន និង​លោក​ជំទាវ បាន ស្រី​មុំ ព្រមទាំង​ក្រុមការងារ​បាន​ធ្វើការ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ពលទោ វី កក្កដា និង​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សព ឱ្យ​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ