ខេត្ដកំពង់ចាម ៖ «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលកាន់តែខិតជិតមកដល់ក្នុងពេលខាងមុខដ៏ឆាប់នេះ សូមអធិការនគរបាលស្រុក-ក្រុងទាំងអស់មានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះជនទុច្ចរិតដែលអាចនឹងឆក់ឱកាសធ្វើសកម្មភាពផ្សេងៗក្នុងមូលដ្ឋាន ។ ជាមួយនេះ ល្បែងជះទឹកបង្កគ្រោះថ្នាក់ត្រូវហាមឃាត់ ហើយមន្ដ្រីសមត្ថកិច្ចក៏មិនត្រូវឱ្យមានការពាក់ព័ន្ធកាងល្បែងស៊ីសងដែរ» ។ នេះជាប្រសាសន៍របស់លោកឧត្ដមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្ដ ថ្លែងនារសៀលថ្ងៃទី៤ មេសា នៅអធិការដ្ឋាននគរបាលស្រុក ក្នុងពិធីបំពាក់ឋានន្ដរស័ក្ដិដល់មន្ដ្រីនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកមេមត់ តំបែរ ពញាក្រែក និងវរសេនាតូចលេខ៦១៥និងលេខ៦១៧ សរុបចំនួន១០៥នាក់ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ ថ្លែងថា រយៈពេលកន្លងមក ក្នុងភារកិច្ចគ្រប់គ្រងដឹកនាំកម្លាំងនគរបាលស្រុក ជានិច្ចកាលតែងខិតខំយកចិត្ដទុកដាក់ដល់កងកម្លាំង ធ្វើការពង្រឹងអំពីវិន័យ ស្មារតីគោរពបទបញ្ជា របៀបរបបធ្វើការងារ រហូតធ្វើឱ្យអធិការដ្ឋាននគរបាលស្រុកមេមត់ ទទួលបាននូវមោទនភាព និងជំនឿជឿជាក់ពីប្រជាពលរដ្ឋផងដែរ ។
លោកអធិការថ្លែងទៀតថា ក្នុងរយៈពេលមួយត្រីមាសកន្លងមកនេះ បទល្មើសដែលកើតឡើងនៅក្នុងភូមិសាស្រ្ដស្រុកមេមត់ មានចំនួន៦លើក បង្ក្រាបបានជាក់ស្ដែង និងតាមការស្រាវជ្រាវបានចំនួន៥ករណី ចាប់ឃាត់ខ្លួនមនុស្ស១៦នាក់ ក្នុងនោះមានករណីហិង្សាដោយចេតនា៣លើក ចាប់ខ្លួន៣នាក់ ករណីល្បែងស៊ីសងបញ្ជល់មាន់១ករណី ចាប់ខ្លួន១២នាក់ ករណីបំពានផ្លូវភេទចាប់ខ្លួន១នាក់ និងបង្ក្រាបការជួញដូរគ្រឿងញៀន២ករណី ចាប់ខ្លួន៥នាក់ ក្នុងនោះស្រ្ដីម្នាក់ រឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទម្សៅពណ៌ស ចំនួន២៥៤កញ្ចប់ ។
លោក អ៊ុល កែវ ប្រធានក្រុមប្រឹក្សាស្រុកមេមត់មានប្រសាសន៍ថា ក្រុមក្មេងទំនើងតែងធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយក្នុងមូលដ្ឋាន ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្ដបន្ទាប់ ព្រមទាំងចាត់ការតាមនីតិវិធីច្បាប់ ។ ម៉្យាងទៀត ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវតែសហការឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាឱ្យបានល្អប្រសើរ ហើយចំណុចសំខាន់គោលយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ក៏ត្រូវឱ្យទទួលបានជោគជ័យដែរ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ