ខេត្តស្វាយរៀង ៖ លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំបក្សទូទាំងខេត្ត សរុបជាង៥០០នាក់ កាលពីព្រឹកថ្ងៃទី៥ មេសា ។ ពិធីនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្ត ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
លោកជំទាវ ម៉ែន សំអន ថ្លែងថា សូមក្រុមការងារចុះមូលដ្ឋាន និងក្រុមប្រឹក្សាឃុំ-សង្កាត់ ចុះដល់មូលដ្ឋាន បន្តពង្រឹង និងជំរុញកិច្ចដំណើរការនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាផ្នែកសំខាន់មួយនៃកម្មវិធីដ៏សុីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឱ្យមានសមភាព ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកជំទាវ ម៉ែន សំអន បន្តទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នគរបាល កងរាជអាវុធហត្ថ ត្រូវពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខ ឱ្យបានល្អប្រសើរ ជាពិសេសអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឱ្យមានប្រសិទ្ធភាព ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ