រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទះពានរង្វាន់លីអូបៀរមណ្ឌលភ្នំពេញ ដែលចាប់ផ្តើមធ្វើតាំងពីថ្ងៃទី៣១ មីនា នៅទីលានកីឡា Beeline Arena ជ្រោយចង្វានោះ មកដល់ថ្ងៃទី៥ មេសា បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមកីឡាបាល់ទះសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលស្បូវ ជាអ្នកលើកពានបន្ទាប់ពីបំបាក់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្នុងលទ្ធផល៣សិតទល់២សិត គឺ២៥ទល់២១, ២៨ទល់២៦, ២១ទល់២៥, ២៤ទល់២៦ និង៨ទល់១៥ ។
លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ឱ្យដឹងថា ក្នុងចំណោម១២ក្រុមដែលបានចូលរួមនេះគឺយើងជ្រើសរើសយកតែ២ក្រុមប៉ុណ្ណោះឱ្យឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុមដែលរង់ចាំមកពីតាមបណ្តាខេត្តដើម្បីប្រជែងគ្នាដណ្តើមពានលំដាប់ទូទាំងប្រទេសតែម្តង ។ លោកបន្តថា ក្រៅពីស្វែងរកក្រុមជើងខ្លាំងនៃពានរង្វាន់ខាងលើនេះ គឺយើងមានបំណងជ្រើសរើសកីឡាករដែលមានសមត្ថភាពពិតប្រាកដដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសីុហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះផងដែរ ។
សម្រាប់ប្រាក់រង្វាន់ជ័យលាភីដែលត្រូវប្រគល់ជូនគឺក្រុមជាប់ចំណាត់ថ្នាក់១សហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់វាលស្បូវទទួលបាន៤៥០ដុល្លារ, ចំណាត់ថ្នាក់លេខ២ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ទទួលបាន២៥០ដុល្លារ, ចំណាត់ថ្នាក់លេខ៣ក្រុមបញ្ជាការដ្ឋានអង្គរក្ស(ក២) ទទួលបាន២០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ ក្រុមវិទ្យាល័យឫស្សីកែវទទួលបាន១០០ដុល្លារ ៕
ចែករំលែកព័តមាននេះ