ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​ហែល​ទឹក​ឆ្នាំ​នេះ​សមា​គម​កីឡា​ក្រសួង​មហា​ផ្ទៃ​ដណ្តើម​បាន​មេ​ដាយ​ច្រើន​ជាង​គេ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​រៀបចំ​ឡើង​ដោយ​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា​ នៃ​ក្រសួង​អប់រំ​ ​យុវ​ជន និង​កីឡា​ សហការ​ជាមួយ​សហ​ព័ន្ធ​កីឡា​ហែល​ទឹក​កម​្ពុជា​ តាំង​ពី​ល្ងាច​ថ្ងៃទី​១ មេសា​ មក​នោះ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ មេសា​ នៅ​អាង​ហែល​ទឹក​នៃពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ ​ក្រោម​អធិបតី​ភាព​លោក​ប៊ូ​ ជុំ​សេរី​ អនុ​រដ្ឋ​លេខា​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ហែល​ទឹក​ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​រៀបចំ​ឡើង​ដោយ​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា​ នៃ​ក្រសួង​អប់រំ​ ​យុវ​ជន និង​កីឡា​ សហការ​ជាមួយ​សហ​ព័ន្ធ​កីឡា​ហែល​ទឹក​កម​្ពុជា​ តាំង​ពី​ល្ងាច​ថ្ងៃទី​១ មេសា​ មក​នោះ​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៥ មេសា​ នៅ​អាង​ហែល​ទឹក​នៃពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ ​ក្រោម​អធិបតី​ភាព​លោក​ប៊ូ​ ជុំ​សេរី​ អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់​ព័ន្ធ​ និង​កីឡាករ-​កីឡា​ការិនី​ជា​ច្រើន​នាក់​ ។​ ជា​ការ​កត់​សម្គាល់​ ឆ្នាំ​នេះ​កីឡា​ករ-​កីឡា​ការិនី​មក​ពី​សមា​គម​កីឡា​ក្រសួង​មហា​ផ្ទៃ​ដណ្តើមបាន​មេដាយ​ច្រើន​ជាង​គេ ។​

មានប្រសាសន៍​នា​ឱកាស​នោះ​ លោក​ប៊ូ ជុំ​សេរី​ ឱ្យដឹង​ថា​ ឆ្លងតាម​របាយ​ការណ៍​​នៃ​ការ​ប្រកួត​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កីឡាករ-​កីឡា​ការិនី​ និង​គណៈ​កម្មការ​ដែល​បាន​រៀបចំ​ការ​ប្រកួត​បាន​រលូន​តាំងពី​ដើម​រហូត​ដល់​ចប់ ។​ លោក​បន្ត​ថា​ ទោះ​ជា​យ៉ាងណា​ សមត្ថភាព​បច្ចេក​ទេស​របស់​កីឡា​ករ​-​កីឡា​ការិនី​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ​ ដូច្នេះ​សូម​ឱ្យ​ក្មួយៗ​បង្កើន​ការ​យកចិត្ត​ទុកដាក់​​ហ្វឹក​ហាត់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​ក្លាយ​ជា​ជើង​ឯក​ដែល​ពូកែ​ទាំង​គុណភាព​ និងបច្ចេក​ទេស​ ជា​ពិសេស​ដើម្បី​ដើរឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​​កីឡា​ស៊ី​ហ្គេម​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នា​ឆ្នាំ​២០២៣​ ខាង​មុខ ។​
សម្រាប់​លទ​្ធ​ផល​ចំណាត់​ថ្នាក់​ផ្នែក​ក្រប​ខ័ណ្ឌ​ក​១​ ចំណាត់​ថ្នាក់ជា​ក្រុមបាន​ទៅ​សមា​គម​​កីឡា​ក្រសួង​មហា​ផ្ទៃ​, លេខ​២ បាន​ទៅ​វិទ្យា​ល័យ​ជម្ពូ​វ័ន​ និង​លេខ​៣ បាន​ទៅ​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា ។​

វិញ្ញា​ហែល​​១០០​ម៉ែត្រ​សេរី​ផ្នែក​បុរស​ លេខ​១ បានទៅ​​កីឡាករ​ហែម ថុន​ពន្លឺ​ មក​ពី​សមា​គម​កីឡា​ក្រសួង​មហា​ផ្ទៃ ។​ វិញ្ញាសា​ហែល​១០០​ម៉ែត្រ​​របៀប​ផ្ងារ​ផ្នែក​នារី​ លេខ​១ បាន​ទៅ​កីឡា​ការិនី​ ​ហែម ថុន​វិទិនី​ មក​ពី​សមា​គម​កីឡា​ក្រសួង​មហា​ផ្ទៃ​ ។ វិញ្ញាសា​ហែល​១០០​ម៉ែត្រ​របៀប​មេ​អំបៅ​ លេខ​១ បាន​ទៅ​កីឡាករ​សុខ បញ្ញា​ មក ពី​វិទ្យា​ល័យ​ជម្ពូ​វ័ន​ និង​ផ្នែក​នារី​លេខ​១​ បាន​ទៅ​កីឡា​ការិនី​ហែម​ ថុន​វិទិនី មកពី​សមា​គម​កីឡា​ក្រសួង​មហា​ផ្ទៃ ។​

វិញ្ញាសា​ហែល​៤០០​ម៉ែត្រ​៤​របៀប​ លេខ​១ បាន​ទៅ​លើ​កីឡា​ករ​​ហែម ថុន​ពន្លឺ​ មកពី​សមា​គម​កីឡា​ក្រសួង​មហា​ផ្ទៃ ។​ វិញ្ញាសា​ហែល​របៀប​កង្កែប​២០០​ម៉ែត្រ​ លេខ​១ បាន​ទៅ​កីឡា​ករ​​ហែម ថុន​ពន្លឺ​ មកពី​សមា​គម​កីឡា​ក្រសួង​មហា​​ផ្ទៃ​ ។​ ចំណែក​ក្រប​ខ័ណ្ឌ​ក២ វិញ​ ចំណាត់​ថ្នាក់​ជា​ក្រុម​លើ​វិញ្ញាសា​ហែល​៤​របៀប​ ១០០​ម៉ែត្រ​​៤​ដង​ ចំណាត់​ថ្នាក់​លេខ​១ បាន​ទៅ​វិទ្យា​ល័យ​ជម្ពូ​វ័ន​, លេខ​២ បានទៅ​ក្លិប​ខេត្ត​កំពង់ចាម​ និង​លេខ​៣ បាន​ទៅ​សមា​គម​កីឡា​ក្រសួង​មហា​ផ្ទៃ។​

វិញ្ញាសា​ហែល​២០០​ម៉ែត្រ​៤​របៀប​ផ្នែក​នារី​ លេខ​១ បាន​ទៅ​កីឡា​ការិនី​ ប៊ុន រក្សា​ មកពី​មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា ។​ វិញ្ញាសា​ហែល​១០០​ម៉ែត្រ​ផ្ងារ​ បុរស​លេខ​១ បាន​ទៅ​កីឡា​ករ​ពេជ្រ​ ស៊ីថៃ​ មក​ពី​ក្លិប​ខេត្ត​កំពង់​ចាម ។​ វិញ្ញាសា​ហែល​១០០​ម៉ែត្រ​កង្កែប​ លេខ​១ បាន​ទៅ​កីឡាករ​អ៊ុង សារី មក​ពី​ក្លិប​ខេត្ត​កំពង់​ចាម ។​វិញ្ញាសា​ហែល​សេរី​៥០​ម៉ែត្រ​ នារី​លេខ​១​ បាន​ទៅ​កីឡា​ការិនី​សួង​ ជែសស៊ី​ មក​ពី​សាលា​អាយ​ខេន ។​

សូម​បញ្ជាក់​ថា​ ការប្រកួត​ឆ្នាំ​នេះ​មាន​សមា​គម​ និង​ក្លិប​ចូលរួម​ចំនួន​១៣ រួម​មាន​ អនុ​​វិទ្យា​ល័យ​ទួល​ស្លែង,​ មជ្ឈ​មណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា,​ ក្លិប​​គមនា​គមន៍​, ក្លិប​យុវជន​ភូមិ​ឫស្សី​, វិទ្យា​ល័យ​ជម្ពូ​វ័ន​, អង្គ​ការ​ភាព​ញញឹម​នៃ​កុមារ, មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​កណ្តាល, សាលា​អាយ​ខេន​, សាលា​ ALIS,​ អនុ​វិទ្យា​ល័យ​ទឹក​ល្អក់​, អង្គ​ការ​មិត្ត​សម្លាញ់, មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ចាម និង​សមា​គម​កីឡា​​ក្រសួង​មហា​ផ្ទៃ ។​ សរុប​កីឡា​ករ-​កីឡា​ការិនី​ចូល​រួម​មាន​ចំនួន​៣០៩​នាក់​ ក្នុង​នោះ​កីឡា​ការិនី​៧៤​នាក់ ៕​