ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបញ្ជូន​មក​ដល់​ខ្មែរ​ គ្មាន​ប្រាក់​ជិះ​រថ​យន្តបន្ត​​ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ត្រឡប់​ទៅ​ស្រុក​វិញ​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវ​ជន​ម្នាក់ជា​ពលករ​ឆ្លង​ដែ​ន​ទៅ​ធ្វើ​ការ​​នៅ​ថៃ​ខុស​ច្បាប់​​ត្រូវ​ថៃ​ចាប់​បញ្ជូនមក​ទឹក​ដី​ខ្មែរ​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត តែ​ដោយគ្មាន​ប្រាក់​ធ្វើ​ដំណើរ​បន្ត​ទៅ​ស្រុក​វិញ​បាន​ដេក​តាម​ដង​ផ្លូវ និង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ទៅ​ស្រុក​កំណើត​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ យុវ​ជន​ម្នាក់ជា​ពលករ​ឆ្លង​ដែ​ន​ទៅ​ធ្វើ​ការ​​នៅ​ថៃ​ខុស​ច្បាប់​​ត្រូវ​ថៃ​ចាប់​បញ្ជូនមក​ទឹក​ដី​ខ្មែរ​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត តែ​ដោយគ្មាន​ប្រាក់​ធ្វើ​ដំណើរ​បន្ត​ទៅ​ស្រុក​វិញ​បាន​ដេក​តាម​ដង​ផ្លូវ និង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ទៅ​ស្រុក​កំណើត​។

យុវ​ជន​ខាង​លើ​ឈ្មោះ​ឡេវ ខឿត អាយុ​១៧​ឆ្នាំ​ ជា​ក្មេង​កំព្រា រស់​នៅ​ជាមួយ​ជីដូន​តាំង​ពី​តូច​ក្នុង​ភូមិ​ថ្នល់​ដាច់​ ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្ម​ពួក​។ ខណៈ​យុវ​ជន​កំសត់​រូប​នេះ​កំពុង​ដើរ​តែ​ម្នាក់​ឯង​នៅ​តាម​ដង​ផ្លូវ​ ហើយ​យក​ផ្លែ​ស្វាយ​ធ្វើ​ជា​អាហារ​ ភ្នាក់​ងារ​កោះ​សន្តិ​ភាព​បាន​សួរ​នាំ​ និង​ដឹក​យុវ​ជន​រូប​នេះ​តាម​ម៉ូតូ​រហូត​ដល់​ចំណុច​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរ​បី​ជាន់​ ហើយ​បាន​​​ទិញ​នំ និង​ទឹក ព្រម​ទាំង​ជួយ​ជា​ថវិកា​សម្រាប់​ចាយ​វាយ​ដល់​រូប​គេ​បន្តិច​បន្តួច​ទៀត​ផង​។

យុវ​ជន​រូប​នេះ​បាន​រៀប​រាប់​ថា គេ​ទើប​ត្រូវ​សមត្ថ​កិច្ច​ថៃ​បញ្ជូន​មក​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​កាល​ពី​ព្រលប់​ថ្ងៃ​ទី៣ មេសា ២០១៤។ យុវ​ជន​រូប​នេះ​បន្តទៀត​ថា មុន​ពេល​សមត្ថ​កិច្ច​ថៃ​ចាប់​ រូប​គេ​មាន​លុយ​១.១០០បាត​ ប៉ុន្តែ​ក្រោយ​ពេល​សមត្ថ​កិច្ច​ថៃ​ចាប់​ បាន​យក​ប្រាក់ពី​រូប​គេ​រហូត​៣​កន្លែង​ ហើយ​ពេល​មក​ដល់​សមត្ថ​កិច្ច​ខ្មែរ​គេ​យក​២០០​បាត​ទៀត​ទើប​អស់​ប្រាក់​ក៏​បង្ខំ​ចិត្ត​ដើរ​តាម​ដង​ផ្លូវ​នៅ​បន្ទាត់​ព្រំ​ដែន​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែតរហូត​ដល់​​​យប់​ជ្រៅ​ពេក​មិន​ហ៊ាន​បន្ត​ដំណើរ​ក៏​ចូល​ទៅ​ដេក​អត់​បាយ​មួយ​យប់​នៅ​ភូមិ​ព្រៃ​គប់​ក្បែរ​របង​វត្ត​ ដោយ​មិន​ហ៊ាន​សុំ​អ្នក​ស្រុក​ស្នាក់​ឡើយ​ លុះ​ព្រឹក​ឡើង​ទើប​បន្ត​រហូត​ជួប​ជាមួយ​អ្នក​យក​ព័ត៌​មាន​តែម្តង​។

យុវ​ជន​រូប​នេះ​បន្ត​ថា រូប​គេ​បាន​ចាញ់​បោក​មេ​ខ្យល់​អស់​ប្រាក់​ជិត​៣​ពាន់​បាត​ដោយ​គេ​នាំ​ទៅ​ខេត្ត​ឈុន​បុរី​ ប្រទេស​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​អស់​រយៈ​ពេល​២​ខែ ប៉ុន្តែ​មិន​បាន​ប្រាក់​កម្លាំង​ពល​កម្ម​ទេ ព្រោះ​មេការ​ជា​ខ្មែរ​កុហក​រូប​គេ​ថាថ្ងៃ​នេះ ថ្ងៃ​នោះ​​ រូប​គេ​ទទួល​បាន​ត្រឹម​តែ​ប្រាក់​ឱ្យ​ខ្ចី​មួយ​ថ្ងៃ​បន្តិច​បន្តួច​សម្រាប់​ទិញ​បាយ​ហូប​តែប៉ុណ្ណោះ។ ដោយ​មិន​អាច​ទ្រាំ​រស់​នៅ​បាន​ក៏​សម្រេច​ចិត្ត​រត់​ត្រឡប់​មក​ស្រុក​វិញ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ក៏​ត្រូវ​សមត្ថ​កិច្ច​ថៃឆែកឆេរ​គ្មាន​ឯក​សារ​ឆ្លង​ដែន​ក៏​ចាប់​បញ្ជូន​តាម​រថ​យន្ត​ទ្រុង​មក​កម្ពុជាវិញ។

ជុំ​វិញ​ការ​លើក​ឡើង​ពី​ការ​យក​ប្រាក់​ពល​ករ​បញ្ជូន​តាម​រថ​យន្ត​ទ្រុង​នេះ​ អ្នក​យក​ព័ត៌​មាន​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ទាំង​សមត្ថ​កិច្ច​ខ្មែរ និង​​​ថៃ​៕