ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​20​ឆ្នាំ​មក​ហើយ​សហ​រដ្ឋ​អាមេរិក​ផ្តល់​ថវិកា​ជាង​61​លាន​ដុល្លារ​ដល់ CMAC

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​ ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​៣ មេសា​ ឆ្នាំ​២០១៤​ ឱ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​រំលឹក​ដល់​ទិវា​យល់​ដឹង​អំពី​គ្រាប់​មីន​អន្តរ​ជាតិ​ និង​ជំនួយ​ក្នុង​សកម្ម​ភាព​មីន​ លោក​ William E. Todd ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ប្រគល់​បរិក្ខារ​ដោះ​មីន​ក្រោម​ទឹក​ដល់​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC) ហើយ​បាន​សម្ពោធ​ឃ្លាំង​មួយ​ដែល​ត្រូវ​បាន​

រាជ​ធានី​ភ្នំ​ពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​ ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​៣ មេសា​ ឆ្នាំ​២០១៤​ ឱ្យ​ដឹង​ថា​ ដើម្បី​ជា​ការ​រំលឹក​ដល់​ទិវា​យល់​ដឹង​អំពី​គ្រាប់​មីន​អន្តរ​ជាតិ​ និង​ជំនួយ​ក្នុង​សកម្ម​ភាព​មីន​ លោក​ William E. Todd ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ប្រគល់​បរិក្ខារ​ដោះ​មីន​ក្រោម​ទឹក​ដល់​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ (CMAC) ហើយ​បាន​សម្ពោធ​ឃ្លាំង​មួយ​ដែល​ត្រូវ​បាន​ជួស​ជុល​សម្រាប់​អង្គ​ភាព​ដោះ​មីន​ក្រោម​ទឹក​របស់ CMAC នៅ​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ថ្ងៃទី​៣ មេសា​ ២០១៤ ។​

ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ បាន​ផ្តល់​បរិក្ខារ​សម្រាប់​ដោះ​មីន​ក្រោម​ទឹក​ ដែល​រួម​មាន​ទូក​ខ្យល់​ ស្នប់​ខ្យល់​ ថង់​ម៉ាស៊ីន​បូម និង​បរិក្ខារ​មុជ​ទឹក​ដទៃ​ទៀត ។​ ក្រសួង​ការ​ពារ​ប្រទេស​សហ​រដ្ឋ​អាមេរិក​បាន​ផ្តល់​​ថវិកា​សម្រាប់​ការ​ជួស​ជុល​ឃ្លាំង ។​ អំណោយ​នោះ​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​ពង្រឹង​សមត្ថភាព​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ក្នុង​ការ​លុប​បំបាត់​គ្រាប់​មីន​ សំណល់ គ្រាប់​ផ្ទុះ​ពី​សង្គ្រាម​ និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​​ផ្ទុះ​នៅ​ក្នុង​ទន្លេ​មេគង្គ​ និង​នៅ​ទូទាំង​ប្រទេស​ ។​ ​លោក​ឃឹម​ សោភ័ណ្ឌ​ ទីប្រឹក្សា​អាជ្ញាធរ​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ និង​លោក​ហេង រតនា​ អគ្គ​នាយក​ CMAC ក៏​បាន​ចូ​លរួម​ក្នុង​ពិធី​នោះ​ដែរ។​

លោក​ឯក​អគ្គ​រដ្ឋ​ទូត​ William E. Todd មានប្រសាសន៍​ថា​ «វា​ជា​ការ​គួរ​ឱ្យ​ស្តាយ​ដែល​គ្រាប់​មីន និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​​ផ្ទុះ​គឺ​ជាស្ថានភាព​សោកនាដ​​កម្ម​​មួយ​នៅ​កម្ពុជា ។​ នៅ​ពេល​យើង​ធ្វើ​ការ​លុប​បំបាត់​កេរដំណែល​ដ៏​គ្រោះ​ថ្នាក់​នៃ​សង្គ្រាម​ យើង​កំពុង​តែ​ធ្វើ​ការដើម្បី​​ធ្វើ​ឱ្យ​ភព​ផែន​ដី​ក្លាយ​ជា​កន្លែង​មួយ​មានសុវត្ថិ​ភាព​ដោយ​ការ​ពារ​ជីវិត​ជន​​ស្លូត​ត្រង់​ និង​បង្កើន​ឱកាស​សេដ្ឋ​កិច្ច​ និង​សង្គម​ដល់​ប្រជាជន​មួយ​ចំនួនដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​ខ្លាំង​នៅ​លើ​ពិភព​លោក»។​

ក្នុង​រយៈ​ពេល​២០​ឆ្នាំ​កន្លង​ទៅ​ សហ​រដ្ឋ​អាមេរិក​បាន​ចំណាយ​ថវិកា​ចំនួន​ជាង​៦១​លាន​ដុល្លារ​អាមេរិក​ក្នុងការ​ដោះ​មីន និង​បោស​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា​ តាម​យៈ​ជំនាញ​បច្ចេក​ទេស​របស់ CMAC ក្រុម​ប្រឹក្សា​សកម្ម​ភាពមីន​ អង្គការ​ Hazardous Areas Life-Support Organization Trust, Golden West Foundation និង​អង្គការ​ Norwegian People’s Aid ។​ នៅ​ក្នុង​សកម្ម​ភាព​នាថ្ងៃ​នោះ​ អង្គការ​ទាំង​នេះ​បាន​បង្ហាញ​សមត្ថ​ភាព​ដោះ​មីន​​របស់​គេ​ ដោយបាន​ធ្វើ​​ការបង្ហាញ​នូវ​សកម្ម​ភាព​របស់​ឆ្កែ​ហិត​មីន​ ការស្ទង់​រក​មើល​គ្រាប់​បែក​ចង្កោម​ ការ​ដោះ​មីន​ដោយ​​ប្រើ​គ្រឿង​ចក្រ​ ការ​រាវ​រក​លោហ​ធាតុ និង​ការ​ប្រមូល​យក​គ្រឿង​ផ្ទុះ៕​