ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ឈើ​ដឹក​ជញ្ជូន​មិន​ឈប់​ឈរ​លើផ្លូវ​ជាតិ​លេខ5 ការបង្ក្រាប​កើតមាន​បន្ត​បន្ទាប់ តែនៅ​មានកម្រិត

11 ឆ្នាំ មុន

ខេត្ដ​កំពង់​ឆ្នាំង​ ៖ ឈើប្រណីត​ប្រភេទ​នាង​នួន​ចំនួន៣០​ដុំ​ធំៗ​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ដ​ប៉ុស្ដិ៍​សន្ដិសុខ​លេខ​៥០០​ ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ មេសា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ចម្ការ​ស្វាយ​ ឃុំ​ស្វាយ​ ស្រុកសាមគ្គី​មាន​ជ័យ​ ខណៈ​ឈើ​ទាំងនោះ​ត្រូវ​បាន​គេ​លួច​ដឹក​តាម​រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ពណ៌ស​ មួយ​គ្រឿង​បង្កប់​ក្រោម​បាវ​អង្កាម​២០​បាវ​​បន្លំ​ភ្នែក​សមត្ថកិច្ច​ ។​

ខេត្ដ​កំពង់​ឆ្នាំង​ ៖ ឈើប្រណីត​ប្រភេទ​នាង​នួន​ចំនួន៣០​ដុំ​ធំៗ​ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ដ​ប៉ុស្ដិ៍​សន្ដិសុខ​លេខ​៥០០​ ស្ទាក់​ចាប់​បាន​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ មេសា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​ចម្ការ​ស្វាយ​ ឃុំ​ស្វាយ​ ស្រុកសាមគ្គី​មាន​ជ័យ​ ខណៈ​ឈើ​ទាំងនោះ​ត្រូវ​បាន​គេ​លួច​ដឹក​តាម​រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ពណ៌ស​ មួយ​គ្រឿង​បង្កប់​ក្រោម​បាវ​អង្កាម​២០​បាវ​​បន្លំ​ភ្នែក​សមត្ថកិច្ច​ ។​

មន្ដ្រី​កងរាជាអាវុធ​ហត្ថ​ប៉ុស្ដិ៍ស​ន្ដិសុខ​លេខ​៥០០​ បាន​ឱ្យ​ដឹង​ថា​ តាម​ផែន​ការ​របស់​លោក​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ដ​ ក្នុង​កិច្ច​ការ​ពារ​សណ្ដាប់ធ្នាប់​ សន្ដិសុខ​ ទប់ស្កាត់​ការ​បះ​បោរ​ធ្វើ​បាតុកម្ម​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​ មីនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ប៉ុស្ដិ៍​សន្ដិសុខ​លេខ​៥០០​ បាន​ចេញ​ល្បាត​នៅ​ក្នុង​ភូមិ​សាស្រ្ដ​របស់​ខ្លួន​ ។​ នៅ​វេលា​ម៉ោង​ជាង​១០​ព្រឹក​ថ្ងៃ​នោះ​ បាន​ឃើញ​រថយន្ដ​ហ៊ីយ៉ាន់​ដាយ​ ពណ៌ស​ មួយ​គ្រឿង​ គ្មាន​ស្លាក​លេខ​ បើក​បរ​ពី​ជើង​ទៅ​ត្បូង​គួរ​ឱ្យ​សង្ស័យ​ក៏​រាយ​ការណ៍ជូន​លោក​មេបញ្ជា​ការ​ និង​លោក​ព្រះ​រាជ​អាជ្ញាខេត្ដ​ សុំ​ស្ទាក់​ឃាត់​ដើម្បី​ត្រួត​ពិនិត្យ​ ។​ ពេល​ស្ទាក់​ជាប់​ អ្នកបើក​បរ​រថយន្ដ​ និង​ព្រូ​បាន​ឈប់​ហើយ​ចុះ​រត់គេច​ខ្លួន​បាត់​ លុះ​សមត្ថកិច្ច​ឆែក​ឆេរ​នៅ​ក្រោម​បាវ​អង្កាម​២០​បាវ​រក​ឃើញ​ឈើ​ប្រណីត​ចំនួន​៣០​ដុំ​ ។​

តាម​បញ្ជា​របស់ថ្នាក់​លើ​ ឈើ​ប្រណីត​និង​រថយន្ដ​មួយ​គ្រឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់ត្រឡាច​ ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់​ ។​ ក្រោយ​ពី​ត្រួត​ពិនិត្យ​និង​វាស់​វែង​រួមគ្នា​ជា​មួយ​សមត្ថកិច្ច​ក្នុង​ការ​ស្នាក់​ការ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ត្រឡាច​ សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ឈើប្រណីត​ប្រភេទ​នាង​នួន​ទាំង​៣០ដុំ​នេះ​ មាន​ចំនួន​ស្មើ​នឹង​១,៤៣៨​ម៉ែត្រ​គូប​ ។​

សូម​បញ្ជាក់​ថា​ បទ​ល្មើស​ដឹក​ឈើ​ប្រណីត​ឆ្លង​កាត់​ពី​ខេត្ដ​មួយ​ទៅ​ខេត្ដ​មួយ​មាន​គ្រប់​រូប​ភាព​ ដែល​ករណី​នេះ​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ដ​ ស្នើ​សុំ​ឱ្យ​គណៈ​កម្មការ​ចម្រុះ​បង្ក្រាប​បទ​ល្មើស​ថ្នាក់​ខេត្ដ​បង្កើន​សកម្ម​ភាព​បង្ក្រាប​ឱ្យ​បាន​យ៉ាង​សកម្ម​ផង​កុំ​ឱ្យ​ឃុប​ឃិត​ជា​មួយ​បទ​ល្មើស​ ដើម្បី​ទប់ស្កាត់​បទ​ល្មើស​នេះ​ឱ្យ​បាន​ សំដៅ​ចូល​រួម​ចំណែក​ការ​ពារ​ធនធាន​ព្រៃ​ឈើ​របស់​ជាតិ​ឱ្យ​បាន​គង់វង្ស​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ ។

មុន​នេះ​ ឈើ​ប្រណីត​ប្រភេទ​ធ្នង់​និង​នាង​នួន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៥​ ជា​រៀង​រាល់​យប់​ ខណៈ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​គ្រប់​ផ្នែក​នៅ​តាម​ដង​ផ្លូវ​នៅ​មាន​កម្រិត​ ទើប​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ថា​ មាន​ការ​បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ជញ្ជូន​តាម​អំពើចិត្ដ​ លុះ​យូរៗ​ម្ដង​ទើប​មាន​ការ​បង្ក្រាប​យក​ស្នា​ដៃ​ ឬ​អាច​និយាយ​បានថា​ លោត​ឆត្រ​មិន​បាន​បង់លុយ​ ។​

ជាក់ស្ដែង​ កាល​ពី​វេលា​ម៉ោង​៤និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២​ មេសា​ សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់​ចាប់​រថយន្ដ​ទួរីស​ មួយ​គ្រឿង​ដឹក​ឈើ​ប្រណីត​ប្រភេទ​នាង​នួន​ មានមុខ​កាត់​ធំៗ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ពោធិ៍រិទ្ធក្រៃ​ ឃុំ​ស្វាយ​ ស្រុក​ទឹក​ផុស​ ។​

មន្ដ្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ឱ្យ​ដឹង​ថា​ រថយន្ដ​ទួរីស​ដឹក​ឈើ​ប្រណីត​ខុស​ច្បាប់​នេះ​ ពណ៌​ខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2Q-0129 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ឆ្លង​កាត់ទី​រួម​ខេត្ដ​ ។ ដោយ​មានការ​សង្ស័យ​រួម​ផ្សំ​នឹង​ការ​ផ្ដល់​ព័ត៌​មាន​ពី​បណ្ដាញ​ផង​ ទើប​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​លោក ថោង​ វីរ៉ាវុឌ្ឍី​ នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់ឆ្នាំង​ បានចែកគ្នា​ជា​២ក្រុម គឺ​មួយ​ក្រុម​ជា​អ្នក​ដេញ​ពីក្រោយ​ និង​មួយក្រុម​ទៀត​ជា​អ្នក​ចាំ​ស្ទាក់​ចាប់​នៅ​ខាង​មុខ​ ហើយ​ក៏​ស្ទាក់​ចាប់​បាន​រថយន្ដល្មើស​នោះ​នៅ​ចំណុច​ខាង​លើ​ ប៉ុន្ដែ​ពេល​ស្ទាក់ចាប់​បាន​នោះ​ អ្នក​បើកបរ​និង​ព្រូ​បាន​គេច​ខ្លួន​បាត់​ ។

ឮក្រោយ​ពេល​ចាប់​បាន​រថយន្ដ​ដឹក​ឈើ​នេះ​ មន្ដ្រី​ជំនាញ​បាន​នាំ​យក​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​កំពង់ត្រឡាច​ ដើម្បី​វាស់​វែង​និង​មាន​ចំនួន​២៦​ដុំ ប្រវែង​ចាប់​ពី​១​ទៅ​២ម៉ែត្រ​ ស្មើ​នឹង​១,៣៧៧​ម៉ែត្រ​គូប​ ។ ឈើ​ទាំង​នេះ​រួម​ជា​មួយ​រថយន្ដ​ ត្រូវ​បាន​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​កំពង់​ត្រឡាច​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ ៕