ខេត្ដព្រះវិហារ ៖ ពលរដ្ឋប្រមាណ៩០នាក់ ភាគច្រើនជាស្រ្ដី រស់នៅក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ដែលដឹកនាំដោយបុគ្គលិករបស់អង្គការមួយប្រចាំខេត្ដ កាលពីព្រឹកថ្ងៃទី១ មេសាបានធ្វើសកម្មភាពដកដំណាំអំពៅដែលទើបតែដាំថ្មី ដោយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យធ្វើវិនិយោគដំណាំអំពៅ ផលិតស្ករស គឺក្រុមហ៊ុនរ៉ូយ ហ្វេង មានទីតាំងស្ថិតក្នុងភូមិពោធិ៍ទាប ស្រុកឆែប ។
ជុំវិញបញ្ហាខាងលើ បើតាមប្រជាពលរដ្ឋដែលធ្វើសកម្មភាពដកដំណាំអំពៅរបស់ក្រុមហ៊ុននេះ បានប្រាប់អ្នកយកព័ត៌មានដោយចោទថា ក្រុមហ៊ុនបានឈូសឆាយ និងដាំដំណាំអំពៅនៅលើដីរបស់ពួកគាត់ ទើបបានជានាំគ្នាប្រមាណ៣ភូមិក្នុងឃុំប្រមេរ មកធ្វើការហាមឃាត់ដោយដកដំណាំអំពៅ និងផ្អាកមិនឱ្យក្រុមហ៊ុននេះដាំបន្ដទៀត ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោកស្រី ខូយ ប៊ុនថាន អភិបាលរងខេត្ដបានចុះពិនិត្យដល់កន្លែងកើតហេតុ ក៏ឃើញសកម្មភាពពលរដ្ឋកំពុងឃាត់គ្រឿងចក្រដាំដំណាំ និងបានដកដំណាំអំពៅអស់ប្រមាណ៣ហិកតា និងធ្វើឱ្យខូចខាតដំណាំអំពៅប្រមាណ៣៦ហិកតាទៀត ។ លោកស្រីអភិបាលរងខេត្ដថ្លែងថា ការធ្វើវិនិយោគរបស់ក្រុមហ៊ុននេះគឺធ្វើលើដីសាធារណៈរបស់រដ្ឋមិនប៉ះពាល់ដល់ដីប្រជាពលរដ្ឋឡើយ ប៉ុន្ដែប្រជាពលរដ្ឋមួយចំនួនតូចចេះតែអុកឡុកមិនឱ្យក្រុមហ៊ុនវិនិយោគ ដោយទុកដីទាំងអស់នោះដល់ពួកគាត់។
ចំណែកអាជ្ញាធរខេត្ដបានចោទថា មានអង្គការក្រៅរដ្ឋាភិបាលមួយប្រចាំខេត្ដ តែងតែញុះញង់ឱ្យពលរដ្ឋប្រឆាំងដាច់ខាតជាមួយក្រុមហ៊ុនវិនិយោគនេះ ។ ឯតំណាងក្រុមហ៊ុនវិនិយោគដំណាំអំពៅបានចោទថា មានប្រជាពលរដ្ឋប្រមាណ៩០នាក់ បានមកដកបំផ្លាញដំណាំអំពៅរបស់ក្រុមហ៊ុន និងបានយកស្រូវប្រមាណ១០បាវមកបាចលើដី ដើម្បីនៅពេលស្រូវដុះយកលេសធ្វើជាភស្ដុតាងប្ដឹងថា ក្រុមហ៊ុនរំលោភយកដីរបស់ពួកគាត់ ។
ជុំវិញរឿងនេះដែរ មន្ដ្រីស្នងការដ្ឋាននគរបាលខេត្ដឱ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងពីក្រុមហ៊ុនវិនិយោគខាងលើ ស្នងការដ្ឋាននគរបាលខេត្ដបានកោះហៅតំណាងពលរដ្ឋ៤នាក់ទៅសាកសួរនៅថ្ងៃទី៣ មេសា ប៉ុន្ដែនៅពេលដែលតំណាងទាំង៤នាក់មក ក៏ឃើញប្រជាពលរដ្ឋជាង៣០០នាក់មកជាមួយ គោលបំណងចង់ចូលទៅក្នុងស្នងការដ្ឋាន ប៉ុន្ដែមិនទទួលការអនុញ្ញាតឱ្យចូលទេ ទាំងអ្នកតំណាង៤រូប និងប្រជាពលរដ្ឋជាង៣០០នាក់ផង ទើបពួកគាត់នាំគ្នាត្រឡប់ទៅមូលដ្ឋានវិញ ។
មន្ដ្រីអាជ្ញាធរនិយាយថា ចំពោះការវិនិយោគដំណាំអំពៅផលិតស្ករសរបស់ក្រុមហ៊ុនរ៉ូយ ហ្វេង នេះបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋរួមចំណែកទប់ស្កាត់ការធ្វើចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រ ហើយមានតែប្រជាពលរដ្ឋភាគតិចប៉ុណ្ណោះដែលប្រឆាំងការអភិវឌ្ឍរបស់ក្រុមហ៊ុន ។ ទោះបីជាបែបណា ក្នុងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សមួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ជម្លោះដីធ្លីភាគច្រើនផ្ដើមចេញពីការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដូចជាករណីខាងលើនេះ មុនពេលផ្ដល់ដីសម្បទានគប្បីមានការពន្យល់ណែនាំប្រជាពលរដ្ឋឱ្យបានដឹងជាមុន ចៀសវាងមានការប្រឆាំងតវ៉ាដូចជាពេលនេះ ៕
ចែករំលែកព័តមាននេះ