ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគម បានឱ្យដឹងថា បុរសម្នាក់ជាអាជីវករលក់មាសប្តូរប្រាក់នៅផ្សារដំដែក បានត្រូវចោរមួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើមស្ទាក់វាយប្លន់ដណ្តើមយកហិបលុយ និងគ្រឿងអលង្ការមានតម្លៃជាច្រើន រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។
លោកអនុសេនីយ៍ឯក ហេង សំណាង អធិការរងនគរបាលស្រុកសូទ្រនិគមទទួលបន្ទុកព្រហ្មទណ្ឌ ថ្លែងថា អំពើប្លន់អ្នកលក់មាសនេះ កើតឡើងនៅវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី៤ មេសា នៅភូមិផ្សារដែក ឃុំដំដែក ស្រុកសូទ្រនិគម នៅមុខផ្ទះជនរងគ្រោះ ខណៈគាត់ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះក្នុងបំណងទៅផ្សារ ដើម្បីលក់ដូរតាមទម្លាប់។ លោកអធិការរងបានឱ្យដឹងទៀតថា ជនរងគ្រោះនៅក្នុងអំពើប្លន់ប្រដាប់អាវុធនេះឈ្មោះ ប៊ុន អេង ភេទប្រុស អាយុ៤៩ឆ្នាំ ប្រពន្ធឈ្មោះ សៀង ប៉ាយ រស់នៅក្នុងភូមិកើតហេតុ ជាអាជីវករលក់មាស ប្តូរប្រាក់ នៅផ្សារដំដែក ។ ជនរងគ្រោះជាប្តីបានរៀបរាប់ថា នៅពេលគាត់ចេញពីផ្ទះភ្លាម ស្រាប់តែមានជនបិទមុខ៣នាក់ ក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ដោយម្នាក់ក្នុងចំណោមនោះមានកាំភ្លើងខ្លីមួួយដើមកាន់នឹងដៃធ្វើសកម្មភាពភ្ជង់គាត់ ហើយសម្លុតដណ្តើមយកហិបលុយទៅបាត់ដោយសុវត្ថិភាព ។
មន្ត្រីសមត្ថកិច្ចនិយាយថា នេះជាករណីប្លន់ជាលើកទី២ហើយ សម្រាប់ជនរងគ្រោះជាអាជីវកររូបនេះ ដែលលើកទី១គាត់ក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះនៅក្នុងអំពើប្លន់ទូមាសដ៏សាហាវនៅក្នុងផ្សារដំដែកកាលពីប៉ុន្មានឆ្នាំកន្លងទៅ ។ ទោះជាយ៉ាងណា ព័ត៌មាននេះសមត្ថកិច្ចនៅមិនទាន់បានទម្លាយឱ្យបានស៊ីជម្រៅពីទំហំនៃទឹកប្រាក់ដែលត្រូវបាត់បង់នៅក្នុងអំពើប្លន់នោះនៅឡើយទេ ។
សូមបញ្ជាក់ថា នេះជាករណីប្លន់អ្នកលក់មាសប្តូរប្រាក់ជាលើកទី២ហើយ សម្រាប់ខេត្តសៀមរាប ដែលត្រូវបានចាត់ទុកថាជាតំបន់ប៉ូលនៃវិស័យទេសចរណ៍ជាតិកម្ពុជា នៅក្នុងរយៈពេលជិត៤ខែ កន្លងទៅនេះ ។ លើកទី១ កើតឡើងនៅវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៣ នៅចំណុចផ្លូវបំបែក ក្បែរផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដោយក្រុមចោរមានគ្នា៣នាក់ ក្នុងសម្លៀកបំពាក់អាវធំ កាន់អាវុធខ្លីគ្រប់ដៃ ជិះម៉ូតូ២គ្រឿងបើកកៀរម៉ូតូស្រ្តីរងគ្រោះ ឈ្មោះ វ៉ា ស្រីម៉ាច អាយុ៣១ឆ្នាំ ជាអ្នកលក់មាសប្តូរប្រាក់នៅផ្សារដើមក្រឡាញ់ ប្លន់យកស្បោងមាសដែលមានតម្លៃប្រមាណ៨មុឺនដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយរហូតមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់វែកមុខក្រុមចោរប្លន់ទាំងនេះឃើញនៅឡើយទេ ។
ទាក់ទិននឹងអំពើប្លន់ប្រដាប់អាវុធនេះដែរ គេនៅចាំបានថា កាលពីថ្ងៃទី ២៣ កក្កដា ២០១២ កន្លងទៅ ចោរមួយក្រុមដែលប្រភពព័ត៌មានអះអាងថាមានខ្លះស្លៀកពាក់ជាយោធា បានធ្វើសកម្មភាពយ៉ាងព្រហើនបំផុតដោយបាញ់គំរាមទៅលើអ្នកលក់មាស-ប្តូរប្រាក់ចំនួន២តូប ក្នុងផ្សារពួក ហើយទីបំផុតពួកឧក្រិដ្ឋជនចំនួន៤នាក់ ក្នុងចំណោមនោះត្រូវបានបាញ់សម្លាប់នៅនឹងកន្លែង បន្ទាប់ពីពួកគេបានចាប់អ្នកភូមិចំនួន៣នាក់ធ្វើជាចំណាប់ខ្មាំង ក្នុងនោះម្នាក់ត្រូវចោរបាញ់សម្លាប់ និងពីរនាក់ទៀតបាញ់ឱ្យរបួស ។
ក្រុមអ្នកតាមដានសន្តិសុខសង្គមបានលើកឡើងថា សកម្មភាពប្លន់ដ៏ព្រហើននេះធ្វើឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាជីវករដែលរមែងព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ