រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ មេសា បានសម្រេចបន្តឃុំខ្លួនលោកវន់ ពៅ អាយុ៣៨ឆ្នាំ ដែលជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោកសុគន្ធ សម្បត្តិ អាយុ៣៤ឆ្នាំ នៅក្នុងឃុំដដែល ។ លោកទាំងពីរគឺស្ថិតក្នុងចំណោមមនុស្សចំនួន២១នាក់ដែលត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចាម និងមានចលនាទាមទារឱ្យមានការដោះលែងជាបន្តបន្ទាប់ចាប់តាំងពីពេលចាប់ខ្លួនក្នុងខែមករារហូតមក ។ ការចាប់ឃុំខ្លួននេះក្នុងប្រតិបត្តិការបង្ក្រាបបាតុកម្មហិង្សារបស់កម្មកររោងចក្រ ដោយកងរាជអាវុធហត្ថរាជធានី ។
ការបន្តឃុំខ្លួនលោកវន់ ពៅ និងលោកសុគន្ធ សម្បត្តិ នេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជាសាធារណៈ ដោយមានការចូលរួមពីមេធាវីចំនួនបីនាក់ការពារក្តីឱ្យជនជាប់ចោទទាំងពីរនាក់ ប៉ុន្តែកំបាំងមុខជនជាប់ចោទទាំងពីរ ព្រោះពួកគេមិនត្រូវបាននាំខ្លួនមកចូលរួមក្នុងសវនាការទេ។
លោកកែវ មុន្នី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោកវន់ ពៅ និងលោកសុគន្ធ សម្បត្តិ ដែលកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង មកបើកសវនាការតាមការស្នើសុំរបស់មេធាវីការពារក្តីឱ្យជនជាប់ចោទទាំងពីរនាក់នេះ ។ តុលាការបញ្ជាក់ថា លោកវន់ ពៅ និងលោកសុគន្ធ សម្បត្តិ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើដែលបង្កឱ្យមានការវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
លោកចៅក្រមប្រកាសថា តុលាការបដិសេធការសុំនៅក្រៅឃុំរបស់មេធាវីការពារក្តីឱ្យជនជាប់ចោទ ព្រោះការដោះលែងលោកវន់ ពៅ ឱ្យនៅក្រៅឃុំនឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយគ្មានឯកសារណាបញ្ជាក់ថា លោកវន់ ពៅ មានជំងឺធ្ងន់ធ្ងរដូចដែលមេធាវីការពារក្តីឱ្យជនជាប់ចោទបានអះអាងនោះទេ ។
ចៅក្រមសាលាដំបូងបញ្ជាក់ថា អ្នកទាំងពីរនាក់ត្រូវបានចោទប្រកាន់ដូចគ្នានៅក្នុងសំណុំរឿងក្តីនេះ គឺជនជាប់ចោទទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទ «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រតឹ្តអំពើដែលបង្កឱ្យមានការវឹកវរដល់សន្តិសុខសង្គម» ដែលប្រព្រឹត្តកាលពីថ្ងៃទី២ មករា ២០១៤ នៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ការបដិសេធរបស់តុលាការនេះ មិនមែនជាលើកទីមួយទេសម្រាប់ករណីលោកវន់ ពៅ ដែលសាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំ ខណៈសវនាការដល់អង្គសេចក្តីមិនទាន់បានធ្វើនៅឡើយនោះ ។
គួរកត់សម្គាល់ថា ខណៈពេលដែលសាលាដំបូងកំពុងបើកសវនាការជំនុំជម្រះលោកវន់ ពៅ និងលោកសុគន្ធ សម្បត្តិ ក៏មានក្រុមអ្នកគាំទ្រប្រមាណជិត១០០នាក់បានមកប្រមូលផ្តុំគ្នានៅខាងមុខតុលាការ ដោយលើកបដាដែលមានរូបលោកវន់ ពៅ និងអ្នកឯទៀតដែលបានចាត់ទុកថា ជាសកម្មជនបានស្រែកទាមទារឱ្យតុលាការដោះលែងលោកវន់ ពៅ ឱ្យនៅក្រៅឃុំ ។ ក្រុមអ្នកតវ៉ាលើកនេះគឺជាអ្នកតវ៉ាដែលមានមុខដដែល ធ្លាប់បានចេញធ្វើសកម្មភាពនានាកន្លងមកនេះ និងស្រែកថា «សុំតុលាការដោះលែងឱ្យលោកវន់ ពៅ នៅក្រៅឃុំ ។ ហេតុអ្វីបានជាសូម្បីតែសុំនៅក្រៅឃុំទៅព្យាបាលជំងឺសោះមិនបានដែរនោះ វាអយុត្តិធម៌ណាស់» ។
នៅក្នុងពេលដែលមានការតវ៉ានោះ គេឃើញមានវត្តមានរបស់លោកស្រីមូរ សុខហួរ តំណាងគណបក្សសង្គ្រោះជាតិ ដែលប៉ុន្មានថ្ងៃមុននេះលោកស្រីបានបង្កើតព័ត៌មានសម្រុកចូលទីលានប្រជាធិបតេយ្យដោយឥតអៀនខ្មាសដែលអាជ្ញាធរបានហាមឃាត់ ។ វត្តមានលោកស្រីនៅខាងមុខសាលាដំបូងរាជធានី បានធ្វើជាអ្នកគាំទ្រដែរ ។
ទោះបីជាបែបណា មិនមានការកកស្ទះចរាចរណ៍នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញទេ ព្រោះប៉ូលិសចរាចរណ៍បានសម្រួលនៅពេលក្រុមអ្នកតវ៉ាមកប្រមូលផ្តុំគ្នា ។ អ្នកតវ៉ាមិនបានប្រើអំពើហិង្សាទេក្នុងការប្រមូលផ្តុំគ្នានោះ ប៉ុន្តែគេឃើញសមត្ថកិច្ចជាច្រើននាក់ឈរជើងនៅជិតក្រុមអ្នកតវ៉ារួចជាស្រេចដែរ ទំនងដើម្បីទប់ទល់ ។
ក្នុងសំណុំរឿងនេះ តុលាការអះអាងថា មេធាវីរបស់លោកវន់ ពៅ និងមេធាវីរបស់លោកសុគន្ធ សម្បត្តិ បានសុំឱ្យតុលាការដោះលែងអ្នកទាំងពីរនៅក្រៅឃុំចំនួន៥ថ្ងៃ ក្នុងគោលបំណងនាំជនជាប់ចោទទៅព្យាបាលជំងឺ ។ ប៉ុន្តែតុលាការយល់ឃើញថា ការឱ្យអ្នកទាំងពីរនាក់នៅក្រៅឃុំនោះពិតជានឹងប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ។ ចំណែកឯមេធាវីលោកសុគន្ធ សម្បត្តិ បញ្ជាក់ថា ជនជាប់ចោទរូបនេះមានជំងឺ និងត្រូវទៅព្យាបាលនៅក្រៅប្រទេស ដែលចំណុចនេះតុលាការមិនអាច អនុញ្ញាតបានទេ ។
គួរបញ្ជាក់ថា លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងចំណោមមនុស្សជាច្រើននាក់ទៀតកាលពីរសៀលថ្ងៃទី២ មករា ។ បច្ចុប្បន្ននេះ លោកវន់ ពៅ កំពុងត្រូវបានឃុំខ្លួននៅមណ្ឌលកែប្រែទី៣ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម ។ គេនៅចាំថា បន្ទាប់ពីការឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានី មេធាវីការពារក្តីរបស់ជនជាប់ចោទបានដាក់ពាក្យប្តឹងឧទ្ធរណ៍សុំនៅក្រៅឃុំហើយកាលពីថ្ងៃទី១១ កុម្ភៈ និងថ្ងៃទី២៤ កុម្ភៈ សាលាឧទ្ធរណ៍បានសម្រេចបន្តឃុំខ្លួនលោកវន់ ពៅ ដដែល ៕
ចែករំលែកព័តមាននេះ