ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថ ស្រុកសំពៅលូនឃាត់ខ្លួនគ្រាដែលលួចនាំយកម៉ូតូអត់ពន្ធមួយគ្រឿងពីប្រទេសថៃ ចូលក្នុងប្រទេសកម្ពុជាតាមច្រករបៀងមួយកន្លែងក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ដោយខុសច្បាប់ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥មេសា២០១៤នេះ។
លោកអញ កាម៉ាល់ មេបញ្ជាការរងមូលដ្ធានកងរាជអាវុធហត្ថស្រុកសំពៅលូនបានឲ្យដឹងថា ជនសង្ស័យនោះឈ្មោះជា ដេត អាយុ២៣ឆ្នាំ នៅភូមិសង្កែ ឃុំបឹងបែង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកបញ្ជាក់ថា ក្រៅពីឃាត់ខ្លួនមនុស្ស កម្លាំងរបស់លោកដែលដឹកនាំដោយលោកអោក វ៉ាន់រិន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកសំពៅលូន បានដកហូតយកម៉ូតូមួយគ្រឿងម៉ាក«MSX»ពណ៏សខ្មៅ។ ជននេះត្រូវកម្លាំងស្ទាក់ចាប់ ពេលដែលព្យាយាមជិះម៉ូតូដែលខ្លួនលួចនាំចូលខុសច្បាប់នេះ ឆ្ពោះទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ជាមួយនិងការបង្រ្កាបអ្នករត់ពន្ធឆ្លងដែនខុសច្បាប់នេះដែរ តាមប្រភពព័ត៌មានពីអ្នកភូមិថា ឈ្មួញដែលតែងលួចនាំម៉ូតូគេចពន្ធពីប្រទេសថៃ ចូលស្រុកខ្មែរតាមច្រករបៀងលួចលាក់ខាងលើ គឺភាគច្រើនពួកគេមកពីស្រុកម៉ាឡៃ។ អ្នកភូមិនិយាយថា ច្រករបៀងនៅក្នុងភូមិគីឡូ១៣ ខាងលើនេះ គឺជាប្រភពនៃការនាំចេញនាំចូលបទល្មើសគ្រប់ប្រភេទ។ ដូចជាការបើកដៃឲ្យពលករខ្មែរឆ្លងដែនខុសច្បាប់ នាំចូលហ្គាសគេចពន្ធ នាំចូលម៉ូតូគេចពន្ធ ចំណីអាហារខូចគុណភាព និងទំនិញផ្សេងៗទៀត។ល។ រីឯ សមត្ថកិច្ចព្រំដែនមួយចំនួនដែលប្រចាំការនៅទីនោះ ត្រូវគេមើលឃើញថា បានរួមគ្នាដៃយ៉ាងសកម្មក្នុងការសមគំនិតបង្កើតឲ្យមានបទល្មើសនេះឡើង ដោយគ្មានការទប់ស្កាត់ឬបង្រ្កាបឡើយ រាប់ទាំងមន្រ្តីគយស្រុកសំពៅលូនផង។
លោកអញ កាម៉ាល់ មេបញ្ជាការរងដដែលបញ្ជាក់ថា កម្លាំងរបស់លោកតែងឆ្មក់ទៅបង្រ្កាបបទល្មើសខុសច្បាប់ជាបន្តបន្ទាប់ ដែលលួចនាំចូលតាមច្រករបៀងខាងលើនេះ។ លោកថាយូរៗម្ដងក្រុមអ្នករត់ពន្ធម៉ូតូបានលួចនាំម៉ូតូគេចពន្ធចូលតាមច្រកនេះ។ ទោះជាយ៉ាងណាលោកថា ទាំងម៉ូតូទាំងជនប្រព្រិត្តដែលកម្លាំងរបស់លោកបង្រ្កាបបានខាងលើនេះ ត្រូវលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបញ្ជាឲ្យបញ្ជូនទៅកាន់អង្គភាពគយនៅស្រុកសំពៅលូននេះហើយ ដើម្បីចាត់ការបន្ត ។
ចែករំលែកព័តមាននេះ