រាជធានីភ្នំពេញ ៖ នៅលើសង្វៀនទូរទស្សន៍ CTN នាយប់ថ្ងៃអាទិត្យ ទី៦ មេសាសប្តាហ៍នេះ កម្មវិធីប្រកួតប្រដាល់របស់កំពូលអ្នកប្រយុទ្ធគុនខ្មែរវគ្គ២ ដណ្តើមខ្សែក្រវាត់ត្រូវសម្រាកមួយសប្តាហ៍សិន ដោយដាក់ជំនួសការប្រកួតជាលក្ខណៈមិត្តភាពដែលមានកីឡាករជើងចាស់ និងជើងថ្មី និងកីឡាករបរទេសសរុបទាំងអស់៥គូចូលរួមប្រកួតសាកកម្លាំងគ្នា ។
កីឡាករឈុំ បញ្ញា មកពីក្លិបខេមរិន្ទមានរិទ្ធ ត្រូវជួបជាមួយកីឡាកររឿង ដេត មកពីក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ។ រវាងគូនេះសុទ្ធតែជាអ្នកប្រដាល់ជើងចាស់ដូចគ្នាធ្លាប់មានបទពិសោធន៍ប្រកួតនៅលើសង្វៀនយ៉ាងក្រាស់ក្រែល បុ៉ន្តែពួកគេមិនធ្លាប់មានប្រវត្តិចូលប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកគុនខ្មែរនេះម្តងណាឡើយ ។ សម្រាប់ការជួបគ្នាលើកនេះទាំងសងខាងសុទ្ធតែមិនហ៊ានអះអាងពីលទ្ធផលចាញ់ឈ្នះឡើយ ។ ទោះបីយ៉ាងណា ដោយសារពួកគេសុទ្ធតែជាអ្នកខ្លាំងដូចគ្នា ទើបគេគិតថាមុននឹងរកឃើញលទ្ធផលចាញ់ឈ្នះច្បាស់ជាមានការតតាំងគ្នាយ៉ាងស្វិតស្វាញមិនខាន ។
អន ឈិនហេង មកពីមជ្ឈមណ្ឌលកីឡានៃកងយោធពលខេមរភូមិន្ទ ជួបជាមួយជួង ទីតា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ។ រវាងគូនេះក៏ធ្លាប់មានបទពិសោធន៍ប្រកួតនៅលើសង្វៀនយ៉ាងក្រាស់ក្រែលដូចគ្នា បុ៉ន្តែកន្លងមកពួកគេទាំងពីរមិនធ្លាប់ជួបគ្នាម្តងណាឡើយ ទើបគេពិបាកវាយតម្លៃពីលទ្ធផលចុងក្រោយ មិនដឹងជ័យជម្នះធ្លាក់ក្នុងកណ្តាប់ដៃខាងណា ។ លោកឡោ វុទ្ធី ដែលជាគ្រូបង្ហាត់របស់ ជួង ទីតា បានប្រាប់ថា សិស្សរបស់លោកមួយរយៈចុងក្រោយនេះខំប្រឹងប្រែងហ្វឹកហាត់មិនហ៊ានធ្វេសប្រហែសឡើយ ដូច្នេះ អន ឈិនហេង បើចង់យកឈ្នះគេ គឺមិនមែនជារឿងងាយស្រួលឡើយ ។
សំអាង ឌុន មកពីក្លិបអេភូថងកីឡា ត្រូវបានគេផ្គូផ្គូងឱ្យជួបជាមួយកីឡាករជើងខ្លាំងមកពីសហរដ្ឋអាមេរិក Edmund Jacob Bordes ។ អ្នករៀបចំកម្មវិធីប្រកួតបានធ្វើការអះអាងថា កីឡាករអាមេរិកមានបទពិសោធន៍ប្រកួតវាយនៅក្នុងទ្រុងនេះយូរឆ្នាំមកហើយ ទើបលោកជ្រើសរើសយក សំអាង ឌុន មកប្រកួតជាមួយបែបនេះ ដោយសារតែមើលឃើញថា សំអាង ឌុន ក៏មានបទពិសោធន៍ប្រកួតវាយក្នុងទ្រុងនេះគ្រាន់បើ ដែលអាចទប់ទល់កីឡាករអាមេរិកបាន បុ៉ន្តែមិនអាចកំណត់ពីការចាញ់-ឈ្នះទុកមុនបានឡើយ ។
ចំណែក២គូទៀត គឺកីឡាករប្រាក់ ចាន់ស៊ីន មកពីក្លិបមិត្តបូ៉លិស ជួបជាមួយកីឡាករនូ សុបិន្ត មកពីក្លិបអេភូថងកីឡា និងកីឡាករស្ងួន ដាវីដ មកពីក្លិបយូដូនាគរាជ ជួបជាមួយកីឡាករស៊ន់ បញ្ញាវឌ្ឍន៍ មកពីក្លិបយូដូរាជសីហ៍ ៕
ចែករំលែកព័តមាននេះ