ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ប្រកួត​​កីឡា​​ចំបាប់​​ជ្រើស​រើស​​ជើង​ឯក​​ថ្នាក់​ជាតិ​​ប្រចាំ​ឆ្នាំ​​2014​ ចាប់​ផ្តើម​​នៅ​​ថ្ងៃ​នេះ​​ហើយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ សហការ​ជា​មួយ​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា បាន​ប្រកាស​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​មាន​​រយៈ​ពេល​៥​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​៥​ រហូត​ដល់​ថ្ងៃ​ទី​៩​ ខែ​មេសា​នេះ​ ក្នុង​សាល​ប្រកួត​កីឡា​ចំបាប់​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ សហការ​ជា​មួយ​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា បាន​ប្រកាស​ពី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៤​ ដែល​មាន​​រយៈ​ពេល​៥​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​៥​ រហូត​ដល់​ថ្ងៃ​ទី​៩​ ខែ​មេសា​នេះ​ ក្នុង​សាល​ប្រកួត​កីឡា​ចំបាប់​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ ។​

សម្រាប់​ការ​ប្រកួតឆ្នាំ​នេះ​មាន​សមា​គម​ និង​ក្លិប​ចូល​រួម​ចំនួន​១០ រួម​មាន​ សមា​គម​កីឡា​ចំបាប់​ក្រសួង​មហា​ផ្ទៃ, សមា​គម​កីឡា​ចំបាប់​រិទ្ធិ​សែន,​ សមា​គម​កីឡា​ចំបាប់​យាយ​ព្រីង​មាន​រិទ្ធ,​ សមា​គម​កីឡា​ចំបាប់​ឃ្លាំង​មឿង​, សមា​គម​កីឡា​ចំបាប់​បារមី​ម៉ឺន​ឯក,​ សមាគម​កីឡា​ចំបាប់​វិហារ​សួគ៌​, សមាគម​កីឡា​ចំបាប់​ស្វាយ​ពោធិ៍,​ ក្លិប​កីឡា​ចំបាប់​ CICI,​ ក្លិប​កីឡា​ចំបាប់​ល័ក្ខ​រ៉ៃ​យុ៉ង​ និង Phnom ​Penh Wrestling Club សរុប​កីឡាករ-​កីឡា​ការិនី​​មាន​ចំនួន​២៧០​នាក់ ។​

លោក​ធិន​ វិចិត្រ​ អគ្គ​លេខាធិការ​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ប្រាប់​​ឱ្យ​ដឹង​ថា​ ការ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង​​ គឺ​ពិត​ជា​បាន​នាំ​មក​នូវ​ឱកាស​ក្នុង​ការស្វែង​រក​កីឡា​ករ-​កីឡា​ការិនី​ដែល​មានសមត្ថភាព​ពិត​ប្រាកដ​ដើម្បី​បន្ត​វេន​ពី​ក្រុម​ជម្រើស​ជាតិ និង​ជា​ថ្នាល​សម្រាប់​ដំណើរ​​​ឆ្ពោះ​ទៅ​ប្រកួត​កីឡា SEA Games ឆ្នាំ​២០២៣​ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​ ។​ លោកបន្ត​ថា​​ ក្រៅ​ពី​​រៀបចំ​ព្រឹតិ្ត​ការណ៍​ប្រកួត​ថ្នាក់​ជាតិ​ សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ សហការ​ជា​មួយ​ក្លិប​កីឡា​ចំបាប់​ភ្នំ​ពេញ​ (Phnom Penh Wrestling Club) ដែល​មាន​លោក Casey Barnett ជា​ម្ចាស់​ក្លិប​មាន​ទទួល​បើកបង្ហាត់​ចំបាប់​សម្រាប់​កីឡាករ-​កីឡា​ការិនី​វ័យ​ក្មេង​ដែល​មាន​ចិត្ត​ស្រឡាញ់​វិស័យ​កីឡា ។​ ចំពោះ​ការ​ហ្វឹក​ហាត់​គឺ​នៅ​រៀង​រាល់​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ដោយ​មាន​២​ពេល​ គឺ​ពេល​ព្រឹក​ចាប់​ពី​ម៉ោង​៨​ដល់​ម៉ោង​១០​ និង​ពេល​រសៀល​ចាប់​ពី​ម៉ោង​៣ ដល់​ម៉ោង​៥​ល្ងាច​ នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ។​

គួរ​បញ្ជាក់​ថា​ សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​ តែង​តែ​រៀបចំ​ការប្រកួត​ថ្នាក់​ជាតិ​ជា​រៀង​រាល់​ឆ្នាំ​​ ដើម្បី​ជ្រើស​រើស​​រក​កីឡាករ-​កីឡា​ការិនី​ដែល​មាន​សមត្ថ​ភាព​ពិត​ប្រាកដ​ ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ​ធំៗ​ និង​ការ​ប្រកួត​លើ​ឆាក​អន្តរ​ជាតិ​ជា​ដើម ។ កាលពី​ចុង​ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ​ ប្រភេទកីឡា​ចំបាប់​កម្ពុជា​ដណ្តើម​បាន​មេដាយ​ចំនួន​១០​គ្រឿង​ពី​ព្រឹត្តិ​ការណ៍​ SEA Games លើក​ទី​២៧​ នៅ​ប្រទេស​មីយ៉ាន់​ម៉ា​ ក្នុង​នោះ​មេ​ដាយ​មាស​៤​គ្រឿង​ ប្រាក់​​២​គ្រឿង​ និង​សំរឹទ្ធ​៤​គ្រឿង​ ៕​