ការប៉ះទង្គិចគ្នានានារវាងពួកនិស្សិត បណ្តាជនស៊ីវិលប្រដាប់អាវុធពុំស្គាល់អត្តសញ្ញាណ និងប៉ូលិស បណ្តាលឱ្យមនុស្សយ៉ាងតិច៧នាក់ ត្រូវរបួសកាលពីថ្ងៃទី៣ មេសា នៅទីក្រុងការ៉ាកាស់ ក្នុងឱកាសនៃបាតុកម្មមួយប្រឆាំងសភាពការណ៍សេដ្ឋកិច្ចដុនដាបនៅវេណេស៊ុយអេឡា ។
បាតុកម្មរបស់ពួកនិស្សិតប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីសង្គមនិយមលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលមានរយៈពេលជិត២ខែមកហើយ កាលពីថ្ងៃទី៣ មេសា បានហែក្បួនតវ៉ាប្រឆាំងនឹងអតិផរណា ដែលឡើងដល់៥៧%ក្នុង១ឆ្នាំ និងការខ្វះខាតទំនិញនានាពិសេសស្បៀង ។ ក្បួនបាតុកម្មដែលលើកចេញពីសាកលវិទ្យាល័យកណ្តាលរបស់វេណេស៊ុយអេឡា UCV ទៅកាន់ការិយាល័យរបស់អនុប្រធានាធិបតីទទួលបន្ទុកខាងសេដ្ឋកិច្ច ត្រូវកងឆ្មាំជាតិ និងប៉ូលិសប្រឆាំងកុបកម្មរារាំង ទើបមានការប៉ះទង្គិចគ្នាតាមរយៈបានគប់ដុំថ្ម ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ។ ពេលកើតមានឧប្បត្តិហេតុនោះ លេចពួកជនស៊ីវិលប្រដាប់អាវុធនៅបរិវេណសាកលវិទ្យាល័យ ដោយពួកនោះជិះម៉ូតូមក ហើយគំរាមពួកនិស្សិត និងបាញ់ទៅលើអាកាសខាងក្នុងសាកលវិទ្យាល័យ។
ជាការតបតវិញ និស្សិតមួយចំនួនដែលពាក់ម៉ាស់ បានវាយអ្នកកាន់កាំភ្លើង២នាក់ ។ ការប៉ះទង្គិចគ្នាបណ្តាលឱ្យមនុស្សយ៉ាងតិច៧នាក់ត្រូវរបួស។ប្រទេសវេេណស៊ុយអេឡា ចាប់តាំងពីថ្ងៃទី៤ កុម្ភៈ មក ក្លាយជាទីលាននៃបាតុកម្ម ជួនកាលផ្ទុះហិង្សារវាងពួកនិស្សិតរួមជាមួយពួកប្រឆាំងនឹងប៉ូលិស ព្រមទាំងពួកបាតុករគំាទ្ររដ្ឋាភិបាល ។ យោងតាមតួលេខផ្លូវការថា មនុស្ស៣៩នាក់ បានត្រូវស្លាប់ និងជាង៥៥០នាក់ត្រូវរបួសរហូតមកទល់ពេលនេះដោយសារអំពើហិង្សា ៕
ចែករំលែកព័តមាននេះ