រាជធានីភ្នំពេញ ៖ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ មីនា អាជ្ញាធររាជធានី បានកោះប្រជុំជាមួយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រោមឱវាទទាំងអស់ ដើម្បីដាក់ផែនការត្រៀមរៀបចំ រក្សា និងការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ឧសភា ខាងមុខនេះ ដែលយើងជាអាជ្ញាធរត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសក្នុងពេលឃោសនា និងការបោះឆ្នោតឱ្យបានល្អប្រសើរ ។ ថ្មីៗនេះបក្សប្រឆាំងបានប្រកាសខ្លួនរួចហើយ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ឧសភា ដែលជាថ្ងៃកំណត់ឱ្យមានការឃោសនាបោះឆ្នោតក្រុមប្រឹក្សានោះ ពួកគេនឹងធ្វើមហាបាតុកម្មដ៏ធំមួយ ហើយបក្សប្រឆាំងក៏អះអាងដែរថា នៅពេលនោះកម្លាំងសមត្ថកិច្ចមិនអាចធ្វើអ្វីពួកគេបានទេ ព្រោះជាអំឡុងពេលនៃការឃោសនាបោះឆ្នោត ។
ទាក់ទិននឹងបញ្ហាខាងលើនេះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការឃោសនា និងបោះឆ្នោតក្រុមប្រឹក្សានោះ លោកបានឱ្យរដ្ឋបាលរាជធានីភ្នំពេញ ហៅមេធាវីឱ្យប្រចាំការនៅសាលារាជធានីភ្នំពេញ ដើម្បីធ្វើការងារនេះ សំដៅធ្វើយ៉ាងណាអនុវត្តកុំឱ្យខុសពីនីតិវិធីនៃច្បាប់ ។ ហើយក្នុងអំឡុងពេលនោះ សាលារាជធានីភ្នំពេញមិនអនុញ្ញាតឱ្យមានការបិទប័ណ្ណឃោសនានានានៅតាមបង្គោលភ្លើង ដើមឈើ និងនៅតាមទីសាធារណៈឡើយ ទង្វើបែបនេះវាបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញទៀតផង ។ លោក ប៉ា សុជាតិវង្ស បញ្ជាក់ទៀតថា គោលបំណងរបស់អាជ្ញាធរ គឺដើម្បីការពារឱ្យបាននូវសន្តិសុខ សុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងមូល ហើយការអនុវត្តរបស់យើងត្រូវតែធ្វើស្របតាមច្បាប់ និងមិនមានភាពលម្អៀងឡើយ។
លោក លន់ ឆេងកៃ ប្រធានគណៈកម្មាធិការបោះឆ្នោតរាជធានីភ្នំពេញ បានឱ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ឧសភា ខាងមុខនេះ ។ សម្រាប់រាជធានីភ្នំពេញមានមណ្ឌលបោះឆ្នោតចំនួន១២មណ្ឌលស្មើនឹង១២ការិយាល័យ គឺក្នុងមួយខណ្ឌមាន១មណ្ឌល ឬ១ការិយាល័យ អ្នកចូលរួមបោះឆ្នោតមានចំនួន៨១០នាក់ ។ ទាក់ទិននៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោក ប៉ា សុជាតិវង្ស បានណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារទៅតាមអ្វីដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំរួច គឺមិនឱ្យមានល្បែងស៊ីសងគ្រប់ប្រភេទ ការពារឱ្យបាននូវបទល្មើសផ្សេងៗជាដើម ។ ចំណែកមន្ទីរវប្បធម៌រាជធានីភ្នំពេញ ត្រូវរៀបចំល្បែងប្រជាប្រិយនៅតាមវត្តអារាម និងតាមរមណីយដ្ឋាននានា ៕
ចែករំលែកព័តមាននេះ