រាជធានីភ្នំពេញ ៖ ភូមិគ្រឹះស្កឹមស្កៃមួយនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានចារកម្មក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋានឆ្មក់ចូលឆែកឆេរ និងបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអីុនធើរណេត និងឃាត់ខ្លួនជនជាតិកូរ៉េចំនួន១៥នាក់ ដែលគេសង្ស័យថាជាមេខ្លោងក្នុងការបើកល្បែងស៊ីសងក្រៅប្រទេស ។
ប្រតិបត្ដិការបង្ក្រាបល្បែងស៊ីសងនេះបានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២ មេសា នៅភូមិគ្រឹះលេខ៦៩ ផ្លូវលេខ៣១៣ ដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ ភូមិគ្រឹះដែលសមត្ថកិច្ចចុះឆែកឆេរនេះត្រូវបានអាជ្ញាធរមូលដ្ឋានឱ្យដឹងថា ជាកម្មសិទ្ធិរបស់លោកឧត្ដមសេនីយ៍យោធាម្នាក់ ដែលបានជួលទៅឱ្យជនជាតិកូរ៉េនេះជាយូរមកហើយ ទំនងមិនដឹងជាគេជួលដើម្បីបើកល្បែងស៊ីសងនៅក្រៅប្រទេសបែបនេះទេមើលទៅ ។ តាមព័ត៌មានឱ្យដឹងថា ដោយមានការស្រាវជ្រាវពីមន្ដ្រីចារកម្មក្រសួងមហាផ្ទៃ ទើបដឹងថា ភូមិគ្រឹះនេះបើកល្បែងស៊ីសង ហើយសមត្ថកិច្ចក៏បានរាយការណ៍ទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញចុះទៅបង្ក្រាបតែម្ដង ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា ជនជាតិកូរ៉េចំនួន១៥នាក់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធនឹងការបើកល្បែងស៊ីសងត្រូវបានដកហូត រួចបញ្ជូនទៅកាន់នាយកដ្ឋានចារកម្មដើម្បីសាកសួរ ។ ក្រៅពីជនជាតិកូរ៉េ សមត្ថកិច្ចក៏បាននាំខ្លួនស្រ្ដីខ្មែរចំនួន២នាក់ផងដែរ។ ទោះបីជាបែបណា សមត្ថកិច្ចពុំបានផ្ដល់ព័ត៌មានជុំវិញការបង្ក្រាបល្បែងស៊ីសងថ្នាក់អន្ដរជាតិនេះឡើយ ។ ចំណែកក្រុមអ្នកយកព័ត៌មានពុំត្រូវបានអនុញ្ញាតឱ្យសាកសួរព័ត៌មាននេះទេ ហើយប៉ូលិសកាចម្នាក់ពីរបានគំរាមបោកម៉ាស៊ីនថតភ្នាក់ងារទូរទស្សន៍បាយ័នម្នាក់ថែមទៀត នៅពេលថតពីក្រៅ ខណៈដែលលោកស័ក្ដិបីមួយរូបបើកទ្វារឱ្យរថយន្ដចេញ ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានយ៉ាងអាថ៌កំបាំងបំផុត ។ ទំនងបែបប្រមូលប្រាក់បានច្រើនដែរមិនដែលអត់ទេ ប៉ុន្ដែវាជារឿងអាថ៌កំបាំងដែលគេលាក់លៀម លាក់រហូតដល់មិនឱ្យអ្នកកាសែតទៅជិតទៀតផង ខំលាក់ខ្លាំងណាស់ តើមានអ្វីពិសេសត្រូវលាក់នោះ ។
គួរបញ្ជាក់ថា កន្លងមក ជនបរទេសតែងបានយកប្រទេសកម្ពុជាធ្វើជាទីកន្លែងបើកល្បែងស៊ីសងនៅក្រៅប្រទេស ព្រមទាំងបើកកន្លែងចាប់ជំរិតទារប្រាក់ទាំងហ្វូងៗហើយបង្ក្រាបមិនចេះអស់ ។ ជួនកាលពេលទៅបង្ក្រាបមានអ្នកផ្ដល់ដំណឹងមុនក៏មានដែរ ។ ក្នុងការជួលទីតាំងបើកល្បែង គឺជនបរទេសជួលសុទ្ធតែភូមិគ្រឹះស្កឹមស្កៃដើម្បីងាយស្រួលបិទបាំង ៕
ចែករំលែកព័តមាននេះ