រាជធានីភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្តអត់ស្លាកយីហោដ៏ធំមួយកន្លែងស្ថិតនៅតាមផ្លូវបេតុងក្នុងដីឡូត៍លេខ២៣K សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលគេដឹងថា ថៅកែជាជនជាតិវៀតណាម បានត្រូវភ្លើងឆេះសន្ធោសន្ធៅកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី៣ មេសា ។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាតរថយន្ត៥គ្រឿង អេឡេវ៉ាទ័រសម្រាប់ចូកគ្រឿងម៉ាស៊ីនធ្ងន់ៗ១គ្រឿង និងម៉ូតូ២គ្រឿង ព្រមទាំងឆេះរលាកដៃថៅកែស្រីផងដែរ ។
ថៅកែយានដ្ឋាននេះឈ្មោះ លី ញឹក ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ថៃ ឡេង អាយុ៥៣ឆ្នាំ ទាំងពីរនាក់ជាជនជាតិវៀតណាម ស្នាក់នៅក្នុងយានដ្ឋានខាងលើ ។ បើតាមថៅកែស្រីឱ្យដឹងថា ខណៈពេលគាត់កំពុងលង់លក់ក្នុងដំណេក ស្រាប់តែឮសំឡេងផ្ទុះចេញពីក្នុងរថយន្តប៉ាហ្សេរូ៉ ដែលគេយកមកជួសជុលចតនៅក្នុងយានដ្ឋានឆេះសន្ធោសន្ធៅទៅហើយ និងរាលដាលទៅរថយន្តម៉ាកហុីយ៉ាន់ដាយដែលជាប្រភេទរថយន្តស្ទូច២គ្រឿង និងម៉ូតូ២គ្រឿងម៉ាកអ៊ែរប្លែត និងឃ្លីក ព្រមទាំងឆាបឆេះចេញពីរថយន្តស្ទូចម៉ាកហុីយ៉ាន់ដាយ១គ្រឿងទៀតដែលចតនៅជាប់មាត់ទ្វាររបង ។
ថៅកែស្រីនិយាយថា ខណៈពេលឃើញភ្លើងឆេះបែបនេះ គាត់បានដួសទឹកយកទៅជះ និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ បុ៉ន្តែដោយនៅតែមិនព្រមរលត់ ទើបរាយការណ៍ទៅសមត្ថកិច្ចទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យទៅជួយបាញ់ទឹកអស់៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង ។ ថៅកែយានដ្ឋានបានអះអាងថា ការឆេះនេះមិនមែនបណ្តាលមកពីទុស្សេចរន្តភ្លើងទេ បុ៉ន្តែក៏មិនទាន់ហ៊ានសន្និដ្ឋានថាបណ្តាលមកពីមូលហេតុអ្វីពិតប្រាកដដែរ គ្រាន់តែដឹងថាឆេះចេញពីក្នុងរថយន្ត២គ្រឿងផ្សេងគ្នាក្នុងពេលតែមួយ ។ មុនដំបូងឆេះចេញពីរថយន្តប៉ាហ្សេរ៉ូដែលចតនៅកណ្តាលយានដ្ឋាន រួចរាលដាលទៅរថយន្តស្ទូច២គ្រឿងដែលចតនៅជិតគ្នា ឆេះអេឡេវ៉ាទ័រ១គ្រឿងដែលជាគ្រឿងចក្រសម្រាប់ចូកលើកគ្រឿងម៉ាស៊ីនធ្ងន់ៗ និងឆេះម៉ូតូ២គ្រឿងទៀតដែលចតនៅជិតនោះ ។ ស្របពេលនោះដែរ ក៏មានភ្លើងឆេះចេញពីរថយន្តស្ទូចដែលចតនៅជាប់មាត់ទ្វាររបងឃ្លាតឆ្ងាយពីរថយន្តប៉ាហ្សេរ៉ូប្រមាណ៧ទៅ៨ម៉ែត្រ ។
អ្នកជិតខាងដែលទៅចោមរោមជួយពន្លត់ក្នុងហេតុការណ៍ឆេះខាងលើនេះនិយាយថា ករណីនេះអាចមានអ្នកលួចដុត ដោយសារតែការឆេះចេញពីរថយន្ត២គ្រឿងដែលចតនៅឃ្លាតឆ្ងាយពីគ្នា ។ ម្យ៉ាងទៀត យានដ្ឋានជួសជុលរថយន្តនេះធំណាស់ មានរថយន្តដែលគេយកមកជួសជុលចតទុកជាច្រើនគ្រឿង និងគ្រឿងបន្លាស់រថយន្តស្អេកស្កះ ។ ប្រភពព័ត៌មានឱ្យដឹងថា ក្នុងពេលមានភ្លើងឆេះនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងទៅជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង ។ ក្នុងសកម្មភាពបាញ់ទឹកពន្លត់នេះមានរយៈពេលប្រមាណកន្លះម៉ោងបុ៉ណ្ណោះ ៕
ចែករំលែកព័តមាននេះ