រាជធានីភ្នំពេញ ៖ អតីតប្រតិភូរាជរដ្ឋាភិបាល និងជាអភិបាលក្រុងភ្នំពេញ លោកជា សុផារ៉ា បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីរសៀលថ្ងៃទី២ មេសា ២០១៤ បានជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលជាតិខណ្ឌ៧មករា ចំនួន៨នាក់ដែលរងរបួសក្នុងការប៉ះទង្គិចគ្នារវាងក្រុមចលនាប្រឆាំងរាជរដ្ឋាភិបាលហៅកាត់ថាក្រុម (CFF) ។
ពិធីជួបសំណេះសំណាលនោះធ្វើឡើងនៅក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានការដឹកនាំមន្រ្តីនគរបាលចូលរួមដោយលោកឧត្តមសេនីយ៍ អ៊ែល សំនាង ស្នងការរងរាជធានីភ្នំពេញ លោកវរសេនីយ៍ទោហួត ចាន់យ៉ារ៉ាន់ អធិការ នគរបាលខណ្ឌ៧មករា និងលោកស៊ូ សារ៉ា អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់និងចរាចរខណ្ឌ ។
មន្ត្រីនគរបាលជាតិខណ្ឌ៧មករា០៨នាក់ដែលរងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមCFFនោះមាន ១-លោកពលបាលទោ ប្រាក់ សារិន របួសធ្ងន់បាក់ដៃឆ្វេង បាក់ដៃឆ្វេង ធ្លាយពោះនឹងអំបែងគ្រាប់បៀមនៅក្នុងទ្រូង ,២-លោកពលបាលទោ ការ ស៊ីនឿន របួសធ្ងន់បាក់ដៃឆ្វេងនិងធ្លាយពោះ ,៣-លោកពលបាលត្រី ឡោ សុវណ្ណឌី របួសធ្ងន់ធ្លាយពោះត្រូវកំភួនជើងស្តាំនិងកំភួនជើងឆ្វេង ,៤-លោកព្រិន្ទបាលទោ ទេព ស៊ុំ របួសធ្ងន់ដាច់សាច់ត្រង់គួថ ,៥-លោកព្រិន្ទបាលទោយ៉ាវ បូរ៉ា របួសស្រាលត្រូវដៃឆ្វេង, ៦-លោកពលបាលទោស៊ឹង ស៊ីណន របួលស្រាលត្រូវលើក្បាលខាងឆ្វេង ,៧-លោកព្រិន្ទបាលឯកហៃ វ៉ិត របួសស្រាល ត្រូវត្រង់បំពង់កនិងលើទ្រូងស្តាំ និង៨-លោកព្រិន្ទបាលទោកែវ វុទ្ធី របួសស្រាល ត្រូវក្រុមCFF វាយនឹងស្វាយកាំភ្លើងចំគុម្ភត្រជៀកខាងឆ្វេង ។
ចែករំលែកព័តមាននេះ