រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតនៅភ្នំពេញបានផ្តល់ជំនួយជាបរិក្ខាដោះមីនក្រោមទឹកដែលមានតម្លៃ១២ម៉ឺនដុល្លារដល់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ក្នុងន័យដើម្បីជម្រុញសកម្មភាពជាអន្តរជាតិលើសំណល់ជាយុទ្ធភណ្ឌផ្ទុះពីសង្រ្គាម។
ពីធីទទួលព្រមជាមួយពិធីសម្ភោធឃ្លាំងថ្មីរបស់ស៊ីម៉ាកដែលត្រូវបានជួសជុលកែលម្អក្រោមជំនួយរបស់សហរដ្ឋអាមេរិកនេះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៣ មេសា ឆ្នាំ២០១៤ នៅសាលាហ្វឹកហ្វឺនស៊ីម៉ាកខេត្តកំពង់ឆ្នាំង ក្រោមវត្តមានរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក និងលោក Willia E.Tood ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។
លោក Willia E.Tood ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ជំនួយដែលបានផ្តល់ជូននាពេលនេះគឺជាផ្នែកមួយនៃរដ្ឋាភិបាលអាមេរិកនៃកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីជម្រុញកំណើននៃសកម្មភាពជាអន្តរជាតិក្នុងការលុបបំបាត់កេរ្តិ៍ដំណែលដ៏គ្រោះថ្នាក់នៃសង្គ្រាម ដើម្បីធ្វើឲ្យពិភពលោកក្លាយជាកន្លែងមួយមានសុវត្ថិភាព និងដើម្បីការពារជីវិតរបស់ជនស្លូតត្រង់ ហើយបង្កើនឱកាសផ្នែកសេដ្ឋកិច្ច និងសង្គមសម្រាប់ជនខ្លះដែលស្ថិតក្នុងភាពខ្សត់ខ្សោយជាងគេក្នុងពិភពលោក។
លោកបញ្ជាក់ថា បរិក្ខារដោះមីនក្រោមទឹកដែលសហរដ្ឋអាមេរិកផ្តល់ជូននាពេលនេះ នឹងផ្តល់ឲ្យអ្នកដោះមីនកម្ពុជានូវសមត្ថភាព ភាពថ្មីចាំបាច់និងពិសេស ក្នុងពេលដែលផ្លូវទឹកកម្ពុជាសម្បូរដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
ចែករំលែកព័តមាននេះ