រាជធានីភ្នំពេញ ៖ ដោយមានការណែនាំពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីបាននិងកំពុងសម្រុកស្ថាបនាសួនច្បារពុះចែកទ្រូងផ្លូវលើកំណាត់ផ្លូវជាតិលេខ៦ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឱ្យបានរួចរាល់ក្នុងដំណាច់ខែមិថុនា ២០១៤ បន្ទាប់ពីកំណាត់ផ្លូវនេះត្រូវបានកសាងរួចរាល់ហើយនោះ។
ដោយមានការជម្រុញពីលោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនបាននិងកំពុងដំណើរការស្ថាបនាសួនខាងលើនេះដោយដាំស្មៅ និងផ្កានៅលើសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦មានចំនួន១៣សួន ឬ១៣ប្រឡោះ ហើយរហូតមកដល់ពេលនេះស្ថាបនារួចបាន៧សួនហើយ និងកំពុងស្ថាបនាយ៉ាងសកម្មជាបន្តទៀត។
លោកនង គន្ធរ៉ា ប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរសាធារណការបានឱ្យដឹងថា ការស្ថាបនាសួនច្បារពុះចែកទ្រូងផ្លូវទាំង១៣កន្លែងនេះនឹងសម្រេចឱ្យរួចរាល់នៅដំណាច់ខែមិថុនា ២០១៤ ខាងមុខនេះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ