រដ្ឋាភិបាលសីុលី កាលពីថ្ងៃទី២ មេសា ផ្តោតលើការស្តារឡើងវិញនូវបណ្តាសេវាកម្មជាមូលដ្ឋានក្នុងតំបន់ភាគខាងជើងប្រទេស ដែលរងការប៉ះពាល់ខ្លាំងជាងគេដោយការរញ្ជួយដីដ៏ខ្លាំងមួយមានកម្លាំងដល់ទៅ៨,២រីស្ទ័រ កាលពីថ្ងៃទី១ មេសា កន្លងមកនេះ ដែលបង្កឱ្យមានស៊ូណាមិនៅតំបន់ប៉ាសីុហ្វិក ។
ប្រទេសជប៉ុនបានចេញការប្រកាសអាសន្នស៊ូណាមិ ដែលអាចប៉ះពាល់បណ្តាតំបន់ឆ្នេរសមុទ្រខាងកើតមហាសមុទ្របា៉សីុហ្វិក ក្នុងនោះរួមមានភាគខាងជើងកោះហុកកៃដូ និងតំបន់ហ្វូគូសីុម៉ា ដែលរងការបំផ្លាញធ្ងន់ធ្ងរបំផុតដោយស៊ូណាមិមួយ កាលពីឆ្នាំ២០១១ ។ការរញ្ជួយដី កាលពីថ្ងៃទី១ មេសា នោះ នៅភាគខាងជើងសីុលី បណ្តាលឱ្យមនុស្សស្លាប់៦នាក់ ហើយបង្កឱ្យមានស៊ូណាមិបង្កើតជារលកសមុទ្រធំៗ មានកម្ពស់២ម៉ែត្រ រួចបង្ខំឱ្យមានការជម្លៀសមនុស្សចេញ៩០០.០០០នាក់ពីតំបន់ជាប់ឆ្នេរសមុទ្រ ។ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ស្ថិតក្នុងសមុទ្រ ចម្ងាយ១០០គ.មភាគពាយ័ព្យ កំពង់ផែរ៉ែ IQUIQUE ស្ថិតនៅជិតព្រំដែនប៉េរូ ក្នុងជម្រៅ២០គ.ម។
ដោយសារការប្រកាសអាសន្នពីស៊ូណាមិ បណ្តាតំបន់ឆ្នេរសមុទ្រនៅភាគខាងជើងប្រទេស ត្រូវបានជម្លៀសមនុស្សចេញ ហើយប្រធានាធិបតីសីុលី លោកស្រីមី សែល បាសឺឡេត កាលពីយប់ថ្ងៃទី១ មេសា ប្រកាសពីគ្រោះមហន្តរាយធម្មជាតិ នៅតំបន់អារីកា និងតំបន់តារា៉ បា៉កា រួចលោកស្រីទៅកាន់ទីក្រុង IQUIQUE ជាទីក្រុងមួយស្ថិតនៅក្បែរចំណុចកណ្តាលនៃការរញ្ជួយដីនាថ្ងៃទី១ មេសា ។ លោកស្រីសន្យាបញ្ជូនកងទាហាន និងប៉ូលិសឱ្យទៅជួយក្នុងបណ្តាតំបន់រងគ្រោះ ។ ក្រសួងមហាផ្ទៃសីុលី និយាយថា មនុស្ស៦នាក់ស្លាប់ដោយសារការបាក់ជញ្ជាំងឬដោយសារភ័យគាំងបេះដូង ។ រលកស៊ូណាមិដំបូងគេបានមកដល់ឆ្នេរសមុទ្រជាងកន្លះម៉ោងក្រោយការរញ្ជួយដី ។
ការប្រកាសអាសន្នពីស៊ូណាមិត្រូវលុបចោលវិញ កាលពីព្រឹកថ្ងៃទី២ មេសា ក្នុងតំបន់ភាគច្រើន ហើយបណ្តាមនុស្សដែលជម្លៀសចេញចាប់ផ្តើមវិលត្រឡប់ចូលផ្ទះវិញ ។ នៅប្រទេសប៉េរូ បណ្តាមូលដ្ឋាននៅជាប់សមុទ្រក៏ត្រូវបានជម្លៀសមនុស្សចេញដែរ ។ មានការដាច់ភ្លើងនៅក្រុងតាក់ណា ម៉ូកឺហ្គា និងអារីគីបា៉ ក៏ប៉ុន្តែពុំមានសេចក្តីរាយការណ៍ពីជនរងគ្រោះឬពីការខូចខាតធ្ងន់ធ្ងរឡើយ ។
នៅកោះហាវ៉ៃរបស់អាមេរិក ប្រជាជនត្រូវបានស្នើកុំឱ្យទៅក្បែរមាត់សមុទ្រឬចុះលេងទឹក ក្រោយការរញ្ជួយដីនោះ ។
កាលពីឆ្នាំ២០១០ ពេលបញ្ចប់អាណត្តិទីមួយរបស់លោកស្រី មីសែល បា៉សឺឡេត មានការរញ្ជួយដីកម្លាំង៨,៨រីស្ទ័រមួយ ព្រមទាំងស៊ូណាមិវាយប្រហារលើទីក្រុងជាច្រើននៅភាគកណ្តាលសីុលី បណ្តាលឱ្យមនុស្សស្លាប់៥២៦នាក់ ។
មានការរញ្ជួយដីថ្មីមួយទៀតកម្លាំង៧,៨វីស្ទ័រ កើតមានកាលពីយប់ថ្ងៃទី២ មេសា នៅចុងខាងជើងប្រទេសស៊ីលី ២៤ម៉ោងក្រោយការរញ្ជួយដីមុននេះមានកម្លាំងដល់ទៅ៨,២វីស្ទ័រញ៉ាំងឱ្យមានការប្រកាសអាសន្នស៊ូណាមីថ្មី ។ យោងតាមអាជ្ញាធរថា ការរញ្ជួយដីថ្មីនេះកើតមាននាវេលាម៉ោង២៣និង៤៣នាទី ម៉ោងក្នុងស្រុកនៅកន្លែងមួយមានចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង IQUIQUE ។ ការប្រកាសអាសន្នស៊ូណាមី ក៏ធ្វើផងដែរនៅភាគខាងត្បូងប្រទេសប៉េរូ ។
ប្រជាជនបណ្តាមូលដ្ឋានស្ថិតនៅជាប់មាត់សមុទ្រត្រូវបានជម្លៀសចេញ ពិសេសទីក្រុងអារីកា ទីក្រុង IQUIQUE និងទីក្រុង ANTOFAGASTA សុទ្ធជាតំបន់រងការប៉ះពាល់ខ្លាំងជាងគេ ដោយសារការរញ្ជួយដីកម្លាំង៨,២ វីស្ទ័រនាពេលមុននេះបណ្តាលឱ្យមនុស្សស្លាប់៦នាក់ ។
ទូរទស្សន៍ផ្លូវការស៊ីលី TVN គូសបញ្ជាក់ថា ប្រធានាធិបតីស៊ីលី លោកស្រីមីសែលបាសឺឡេត ដែលចុះទៅកាន់តំបន់រងគ្រោះដើម្បីវាយតម្លៃលើការខូចខាតស្ថិតនៅទីក្រុងអារីកា លោកស្រីត្រូវជម្លៀសខ្លួនមកកាន់ទីខ្ពស់មួយនៃទីក្រុងនេះពេលមានការប្រកាសអាសន្នស៊ូណាមីថ្មី ។ សម្រាប់ពេលនេះអាជ្ញាធរស៊ីលីពុំទាន់រាយការណ៍ពីជនរងគ្រោះណាមួយ ឬការខូចខាតខាងសម្ភារនៅឡើយក្រោយការរញ្ជួយដីថ្មីនោះ ៕
ចែករំលែកព័តមាននេះ