ខេត្តសៀមរាប៖ នៅទីលានខាងមុខប្រាសាទអង្គរវត្តនឹងលេចសម្រស់បៃតងដោយវាលស្មៅ ដែលនឹងលូតលាស់នាពេលខាងមុខ ។ ពេលនេះការរៀបចំដាំស្មៅកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម ។
យោងតាមផេកហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្សាយថា កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងាររបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្ដរវិស័យនៃអាជ្ញាធរជាតិអប្សរា បានឈូសឆាយដីរៀបចំដាំស្មៅ នៅទីតាំងអតីតចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្ត ក្នុងគោលបំណងបង្កើនទេសភាពបៃតង និងសោភ័ណភាពស្រស់បំព្រងនៅជុំវិញបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ។
តាមផែនការនៃគម្រោងការរៀបចំនាពេលនេះ គឺមានទាំងការដាំស្មៅ និងប្រភេទដើមឈើ ដើម្បីលម្អបរិវេណនោះផងដែរ ក្នុងនោះនឹងមានការដាំស្មៅចំនួន៩ពាន់ម៉ែត្រការ៉េ ដាំដើមក្រវាន់ព័ទ្ធជុំវិញ៣០០ដើម និងឈើធ្នង់៦០ដើម ។
ទីតាំងអតីតចំណតបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តបានបញ្ឈប់នូវប្រតិបត្តិការចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដោយតម្រូវឱ្យយានជំនិះគ្រប់ប្រភេទចូលចតក្នុងចំណតរៀបចំរួចរាល់ដែលស្ថិតនៅផ្នែកខាងត្បូងឆៀងខាងលិច ចម្ងាយប្រមាណ២០០ម៉ែត្រពីទីតាំងចាស ់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ