ខេត្តកំពង់ឆ្នំាង៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC), អង្គការសហប្រជាជាតិស្តី ពីកម្មវិធីមេរោគអេដស៍ បានយល់ព្រមធ្វើការរួមគ្នានៅលើកម្មវិធីការការពារមេរោគអេដស៍ ដោយយកកីឡាបាល់ទាត់ជាមូលដ្ធាន ដើម្បីផ្សព្វផ្សាយ និងជួយដោះស្រាយហានិភ័យនៃការឆ្លងមេរោគអេដស៍ ក្នុងចំណោមមនុស្ស វ័យក្មេង នៅក្នុងប្រទេសចំនួន៥ក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ និងហ្វីលីពីន។
គម្រោងនេះអនុវត្តនៅក្នុងប្រទេសកម្ពុជាដែលនឹងរួមចំណែកដល់ការរីកចម្រើនច្រើនជាងមុនក្នុងការកាត់បន្ថយការឆ្លងនៃមេរោគអេដស៍។ក្រៅពីនេះក៏បញ្ឈប់ការមើលងាយ និងការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍និងពង្រីកការយល់ដឹងអំពីជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២ មេសា ២០១៤ ដោយមានការចូលរួមសហប្រតិបត្តិការនិងគំាទ្រ ពីអង្គការសហប្រជាជាតិ ស្តីពីកម្មវិធីមេរោគអេដស៍នៅកម្ពុជាដែលផ្តល់នូវការគំាទ្រផ្នែកខ្លឹមសារការផ្សព្វផ្សាយ អង្គការសលត៍ ក្លិបបាល់ទាត់ភ្នំពេញក្រោន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រសួងអប់រំយុវជននិងកីឡា និងអង្គការនារីកម្ពុជាដើម្បីសន្តិភាព បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពរវាងគ្រូបង្វឹក និងអាជ្ញាកណ្តាល នៅទីលានប្រកួតកីឡាបាល់ទាត់ក្នុងក្រុងកំពង់ឆ្នំាង ដើម្បីផ្សព្វផ្សាយពីជំងឺអេដស៍ ការបង្ការនិងពិនិត្យឈាម ព្រមទំាងរបៀបប្រើប្រាស់ស្រោមអនាម័យដល់កីឡាករ និងប្រជាជនក្នុងតំបន់ផងដែរ។
កញ្ញា សូដានេ អ្នកសម្របសម្រួលផ្នែកផ្សព្វផ្សាយប្រចំាប្រទេសកម្ពុជាបានឲ្យដឹងថា សម្រាប់ព្រឹត្តការណ៍នេះ យើងរៀបចំឡើងមានគោលបំណងសំខាន់ៗចំនួន៥គឺ
-បង្កើននិងពង្រីកការយល់ដឹងពីមេរោគអេដស៍និងជំងឺអេដស៍ ប្រឆំាងនឹងការរើសអើងលើអ្នកផ្ទុកមេរោគអេដស៍។
-ការទប់ស្តាត់ការឆ្លងមេរោគអេដស៍ ជាពិសេសក្នុងចំណោមយុវជនដោយប្រើអំណាចនៃកីឡាបាល់ទាត់ នៅប្រទេសកម្ពុជាជាយុទ្ធសាស្រ្តនៃការផ្សាយ។
-បង្កើនកិច្ចខិតខំសហការជាមួយបណ្តាញសង្គមស៊ីវីល អង្គការ និងបណ្តាញយុវជន ដើម្បីឆ្លើយតប និងពង្រីកអនុភាពនៃការផ្សព្វផ្សាយប្រយុទ្ធប្រឆំាងនឹងការរីករាលដាលនៃជំងឺអេដស៍។
-លើកទឹកចិត្តកីឡាករ កីឡាការិនីទំាងអស់អោយទៅធ្វើតេស្តឈាម ប្រសិនបើធ្លាប់ធ្វើទង្វើអ្វីមួយដែលអាចឈានទៅដល់ការឆ្លងនៃមេរោគអេដស៍។
-ផ្តល់ចំណេះដឹងដល់យុវជនពីការការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍។
ចែករំលែកព័តមាននេះ