រាជធានីភ្នំពេញ ៖ ពេលនេះក្រុម៧មករា បានក្លាយជាក្រុមដែលមានពិន្ទុនាំមុខគេនៅក្នុងតារាងជាបណ្តោះអាសន្ននៅក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ខ្មែររៀលអុីស្ទេត ឆ្នាំ២០១៤ ដែលរៀបចំធ្វើឡើងនៅលើទីលានដំរីស កាលពីថ្ងៃអាទិត្យ ទី៣០ មីនា បន្ទាប់ពីក្រុមមួយនេះបានយកឈ្នះលើក្រុមអាកាសចរណ៍ស៊ីវិលក្នុងលទ្ធផល៣-២ រួចមកនោះ ។
ក្រុម៧មករាប្រកួតបាន៣លើក មិនទាន់ស្គាល់ចាញ់ម្តងណាឡើយ មាន៩ពិន្ទុ កំពុងឈរក្នុងលំដាប់ថ្នាក់នាំមុខគេនៅក្នុងពូលA ។ ចំណែកឯក្រុមអាកាសចរណ៍ស៊ីវិលវិញនោះលេងបាន៣ប្រកួតដូចគ្នា ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ។ ដោយឡែក សម្រាប់ក្រុមម្ចាស់ផ្ទះខ្មែរយូណាយធីត A វិញនោះ ពេលនេះកំពុងតែឈរនៅលេខរៀងទី២ ក្នុងតារាងព្រោះតែការប្រកួតទាំង៣លើករបស់គេមកនេះឈ្នះ២ ចាញ់១ ដូចក្រុមអាកាសចរណ៍ស៊ីវិលដែរ បុ៉ន្តែគេមានសំណាងត្រង់ថា ចំណេញគ្រាប់បាល់១គ្រាប់ពីក្រុមអាកាសចរណ៍ស៊ីវិលជាមួយនឹងការយកឈ្នះលើក្រុមម្ទេសខ្មាំង៥-១ នៅក្នុងការប្រកួតលើកទី៣ កាលពីថ្ងៃអាទិត្យនោះ ។ ឯក្រុមម្ទេសខ្មាំងវិញនោះ ពេលនេះកំពុងស្ថិតនៅបាតតារាង ព្រោះតែការប្រកួតទាំង៣លើករបស់គេមិនទាន់ស្គាល់ឈ្នះម្តងណាឡើយ ។
ការប្រកួតនៅពេលល្ងាច ក្រុម YFC បានយកឈ្នះក្រុម Heng Asia FC ៤-១ ។ ពេលនេះក្រុម YFC ប្រកួតបាន៣លើក ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ឯក្រុម Heng Asia FC ប្រកួតបាន៣លើកដូចគ្នា ចាញ់ទាំង៣ប្រកួត ។ មួយប្រកួតទៀត ក្រុម RFL FC បានលត់ក្រុម Good Hill ឱ្យចាញ់៦-១ ។ ក្រុម RFL FC ពេលនេះប្រកួតបាន៣លើក ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ឯក្រុម Good Hill FC វិញប្រកួតបាន៣លើក ឈ្នះ១ ចាញ់២ ទើបតែរកបាន៣ពិន្ទុគត់ ។
ការប្រកួតនៅក្នុងពូលB ដែលបានធ្វើឡើងនៅលើទីលាន Don Bosco វិញនោះមានទាំងអស់៤ប្រកួត ខណៈក្រុមមួយចំនួនកំពុងតែមានពិន្ទុប្រទាញប្រទង់គ្នា ។ ក្រុម EZECOM គឺជាក្រុមដែលគេចាប់អារម្មណ៍ជាងគេ បន្ទាប់ពីលេងស្មើ២-២ ជាមួយក្រុម Sabay ។ ក្រុម EZECOM លេងបាន៣ប្រកួត ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ ឯក្រុម Sabay លេងបាន៣ប្រកួត ឈ្នះ១ ស្មើ២ មាន៥ពិន្ទុ ។
មួយប្រកួតទៀត ក្រុមខ្មែរយូណាយធីតB លេងឈ្នះក្រុមខ្លាស ៦-០ ។ ក្រុមខ្មែរយូណាយធីតB លេងបាន៣ប្រកួត ឈ្នះ២ ចាញ់១ មាន៦ពិន្ទុ ចំណែកឯក្រុមខ្លាសលេងបាន៣ប្រកួតដូចគ្នា ស្មើ១ ចាញ់២ មាន១ពិន្ទុបុ៉ណ្ណោះ ។ការប្រកួតនៅពេលល្ងាច ក្រុមកូនខ្មែរបានយកឈ្នះក្រុមមករាយូណាយធីត ២-១ ។ ក្រុមកូនខ្មែរលេងបាន៣ប្រកួត ឈ្នះ១ប្រកួត ចាញ់២ប្រកួត មាន៣ពិន្ទុ ឯក្រុមមករាយូណាយធីតវិញលេងបាន៣ប្រកួត ចាញ់ទាំង៣ប្រកួតតែម្តង ។
មួយប្រកួតទៀត ក្រុមទួលសង្កែ FC បានយកឈ្នះក្រុម AMRU FC ៣-១ ។ ក្រុមទួលសង្កែ FC ពេលនេះលេងបាន៣ប្រកួត ឈ្នះ២ប្រកួត និងចាញ់១ប្រកួត ។ ចំណែកឯក្រុម AMRU FC លេងបាន៣ប្រកួត ឈ្នះ២ប្រកួត ចាញ់១ប្រកួត មាន៦ពិន្ទុ ៕
ចែករំលែកព័តមាននេះ