រាជធានីភ្នំពេញ ៖ បន្ទាប់ពីត្រៀមខ្លួនលេចមុខនៅលើសង្វៀន Thai Fight របស់ស្ថានីយទូរទស្សន៍បុ៉ស្តិ៍លេខ៣ ថៃនៅលើទឹកដីថៃ នាថ្ងៃទី៦ មេសានោះហើយ កីឡាករជើងខ្លាំងរបស់កម្ពុជា សេន ប៊ុនថេន ក៏នឹងត្រៀមខ្លួនទៅកាន់ប្រទេសបារាំងផងដែរនៅក្រោយអំឡុងបុណ្យចូលឆ្នាំខ្មែរ ។ អុីចឹងហើយទើបគេឃើញកីឡាកររូបនេះយកចិត្តទុកដាក់ខ្លាំងក្នុងការហ្វឹកហាត់ បើទោះជាអំឡុងពេលនេះកីឡាករភាគច្រើនងាកទៅលេងស្រុកកំណើត និងដើរកម្សាន្តជាជំនួសក្តី ។
សេន ប៊ុនថេន បញ្ជាក់ថា សម្រាប់ដំណើរទៅកាន់ប្រទេសបារាំង ខ្លួនមិនភ័យនោះទេ ដោយសារតែលោកធ្លាប់ស្គាល់ថ្វីដៃកីឡាករអឺរុ៉ប និងធ្លាប់ផ្តួលពួកគេនៅលើទឹកដីនោះច្រើនលើកច្រើនសារួចមកហើយ ។ បុ៉ន្តែអ្វីដែលធ្វើឱ្យលោកមិនសប្បាយចិត្ត គឺការលេចមុខជាលើកដំបូងនៅលើសង្វៀនប្រទេសថៃ ដែលកីឡាករកម្ពុជាខ្លាំងៗ២រូបទៅហើយសុទ្ធតែស្ពាយការអាម៉ាស់ត្រឡប់មកវិញ ។ ការប្រកួតនៅថៃ លោកនឹងធ្វើដំណើរតាមរថយន្តនៅព្រឹកថ្ងៃសុក្រស្អែកនេះ ដើម្បីទទួលបានការសម្រាកមួយថ្ងៃ ហើយឡើងរេញ Thai Fight នៅថ្ងៃអាទិត្យ ទី៦ មេសាតែម្តង ។ ដោយឡែក ចំពោះគម្រោងចេញទៅកាន់ប្រទេសបារាំងវិញ នៅមិនទាន់ដឹងច្បាស់ថាត្រូវទៅថ្ងៃណានៅឡើយទេ ដោយគ្រាន់តែដឹងថា នឹងត្រូវចេញទៅនៅក្រោយអំឡុងបុណ្យចូលឆ្នាំខ្មែរ ហើយលឿនឬយឺតអាស្រ័យតាមលិខិតអនុញ្ញាតដែលចេញពីស្ថានទូតបារាំងទម្លាក់មកពេលណាបុ៉ណ្ណោះ ។
នៅលើរេញ Thai Fight សេន បុ៊នថេន នឹងប៉ះជាមួយកីឡាករ Iquezang Kor.Rungthanakeat ដែលធ្លាប់បំបាក់កីឡាករវង្ស ណយ រួចមកហើយនៅក្នុងព្រឹត្តិការណ៍នេះ ។ បើទោះជា Iquezang Kor.Rungthanakeat មិនមែនជាកីឡាករមានឈ្មោះបោះសំឡេងខ្ទរខ្ទារដូចកីឡាករលំដាប់កំពូលរបស់ប្រទេសថៃ បុ៉ន្តែកេរ្តិ៍ឈ្មោះរបស់គេ ក៏មិនធម្មតាដែរនៅក្នុងពិភពប្រដាល់ថៃ ។ កីឡាករ Iquezang Kor.Rungthanakeat គឺជាកីឡាករមហាកម្លាំង សម្បូរស្នៀតប្រយុទ្ធ ដោយក្នុងពិភពប្រដាល់ថៃស្គាល់គេយ៉ាងច្បាស់ថា គេជាកីឡាករដែលមានការប្រកួតប្រកបដោយការពុះកញ្ជ្រោលទៅកាន់គូប្រកួត ។ សូម្បីប្រវត្តិ និងបទពិសោធន៍ឡើងរេញ ក៏គេច្រើនជាងកីឡាករកម្ពុជាដែរ ។ អុីចឹងហើយទើបកីឡាករសេន ប៊ុនថេន ហាក់មិនសូវសប្បាយចិត្តនៅពេលនឹកដល់ឱកាសឡើងរេញ ដែលកាន់តែកៀកចូលមកដល់នោះ ។
ក្នុងព្រឹត្តិការណ៍ Thai Fight កន្លងមក កីឡាករ Iquezang Kor.Rungthanakeat បានសាងភាពភ្ញាក់ផ្អើលរួចមកហើយជាមួយនឹងការបំបាក់កីឡាករវង្ស ណយ របស់កម្ពុជាក្នុងទឹកទី៣ និងការប្រកួតលើកចុងក្រោយបានបំបាក់កីឡាករប្រេស៊ីល Jose Neto ដែលធ្លាប់ចាញ់កីឡាករកម្ពុជា រឿង សោភ័ណ្ឌ នៅក្នុងព្រឹត្តិការណ៍នេះដូចគ្នា ។ សេន ប៊ុនថេន អះអាងថា បានស្ទុះស្ទាជាមួយនឹងការហ្វឹកហាត់ណាស់ចាប់តាំងពីបានបញ្ចប់ការប្រកួតជាមួយកីឡាករស្លូវ៉ាគីនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយទទួលបានជ័យជម្នះក្នុងទឹកទី២ នោះមក ។ លោកមិនហ៊ានប្រហែសឡើយដើម្បីអាចទទួលបានលទ្ធផលវិជ្ជមានមួយជាមួយកីឡាករ Iquezang Kor.Rungthanakeat ។ ការត្រៀមខ្លួនរបស់លោក ក៏ជាការត្រៀមទុកដើម្បីទៅបង្អួតដល់បងប្អូនខ្មែរ និងជនជាតិបរទេសដែលរស់នៅប្រទេសបារាំងនៅក្រោយចូលឆ្នាំនោះផងដែរ ដើម្បីឡើងទៅប្រកួតផង និងដើម្បីពាំនាំយកស្នៀតប្រដាល់របស់ខ្មែរមួយចំនួនទៅបង្ហាត់បង្ហាញដល់កូនខ្មែរ និងសិស្សគុនដែលរស់នៅទីនោះផង ។ ម្នាក់ៗកំពុងចាំអ៊ុតមើលថា បើសេន បុ៊នថេន អាចយកឈ្នះក្នុងព្រឹត្តិការណ៍ Thai Fight នៅថ្ងៃអាទិត្យ ទី៦ មេសាបានមែននោះកេរ្តិ៍ឈ្មោះរបស់គេពិតជាកក្រើកជាក់ជាមិនខានឡើយក្នុងដំណើរចេញទៅកាន់ប្រទេសបារាំង ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូល ។
ទោះបីយ៉ាងណា តាមប្រភពព័ត៌មានចុងក្រោយដែលកោះសន្តិភាពទើបទទួលបានឱ្យដឹងថា សេន ប៊ុនថេន អាចនឹងមិនបានចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ Thai Fight នាថ្ងៃទី៦ ខែមេសាខាងមុខនេះ ប្រសិនបើដោះស្រាយមិនទាន់ពេលវេលាជាមួយក្លិប និងសហព័ន្ធកីឡាប្រដាល់កម្ពុជាទេ ។ បញ្ហាស្ថិតនៅត្រង់ថា អ្នកផ្គូផ្គង និងសេន ប៊ុនថេន មិនបានប្រាប់ដំណឹងពីការប្រកួតរបស់ខ្លួនដល់ក្លិបក្រសួងមហាផ្ទៃ ដែលខ្លួនហ្វឹកហាត់ និងសហព័ន្ធកីឡាប្រដាល់កម្ពុជា ។ លោកមាស សុខគ្រី ដែលជាគ្រូបង្វឹកក្លិបក្រសួងមហាផ្ទៃបាននិយាយក្នុងសម្តីធ្ងន់ៗថា ៖ «ការចេញទៅប្រកួតនៅថៃលើកនេះ យើងមិនទទួលខុសត្រូវទេ បើចេញទៅដោយពុំមានការអនុញ្ញាត ឬមិនស្តាប់តាមក្លិប និងសហព័ន្ធទេ សេន ប៊ុនថេន អាចនឹងមិនឱ្យចេញទៅប្រកួតនៅបារាំងនាពេលខាងមុខ ក៏ថាបាន» ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Thai Fight នឹងធ្វើឡើងក្នុងកំពង់ផែ Sattahip Nribet ដែលជាមូលដ្ឋានកងទ័ពជើងទឹកថៃនៅក្នុងប្រទេសថៃ ។ ការប្រដាល់នេះនឹងធ្វើការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថៃបុ៉ស្តិ៍លេខ៣ ចាប់ពីម៉ោង៣រសៀលតទៅ ៕
ចែករំលែកព័តមាននេះ