បោះបាយបិណ្ឌ ជាទានមួយបែបដែលមានន័យធំធេងណាស់ គឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិដើរទន្ទឹមគ្នា ។ យុវវ័យគួរតែឈ្វេងយល់ឱ្យបានច្បាស់ ដើម្បីបានជាគតិក្នុងដំណើរការបណ្តុះសទ្ធារបស់ខ្លួន ហើយចៀសវាងធ្វើដោយប្រាសចាកបញ្ញាជាទានមានផលតិច ។
តើគុណសម្បត្តិ និងគុណវិបត្តិនៃការបោះបាយបិណ្ឌមានន័យយ៉ាងណា?ពាក់ព័ន្ធនឹងការបោះបាយបិណ្ឌសាស្ត្រាចារ្យនៃពុទ្ធិកសកលវិទ្យាល័យ សាន សុខនឿន បានលើកឡើងថា រឿងបោះបាយបិណ្ឌនេះ ជាពិធីមួយសំខាន់ណាស់អាចញុំាងសទ្ធាអ្នកដែលមិនធ្លាប់ចូលវត្តវ៉ាឱ្យស្គាល់ស្រែបុណ្យបាន ជាពិសេសបណ្តុះយុវ័យក្មេងៗឱ្យមានចរិយាធម៌ សីលធម៌ សុជីវធម៌ រស់នៅជាមួយនឹងអំពើសុចរិតដែលជាគុណសម្បត្តិសម្រាប់ជីវិតរបស់ពួកគេ ។
លោកសាស្ត្រាចា្យបានបន្ថែមថា ទោះជាយ៉ាងណាត្រូវប្រយ័ត្នពីគុណវិបត្តិផងព្រោះថា ធ្វើទានក្នុងទីងងឹត បែបបោះបាយបិណ្ឌនេះប្រឈមនឹងហានិភ័យច្រើនណាស់ពិសេសយុវតីគួរប្រយ័ត្នឱ្យមែនទែន ព្រោះថាក្នុងសកម្មភាពដ៏ច្របូកច្របល់បែបនេះ ចៀសមិនផុតពីវត្តមានក្រុមមនុស្សទុច្ចរិតនៅជាមួយដែរទេ ។ ក្រុមនេះតែង សម្លឹងរំពៃមើលរបស់ទ្រព្យដែលនៅជាប់ខ្លួនអ្នកទាំងពួងទាំងឡាយ ឱ្យតែហ៊ានធ្វេសតែបន្តិចបើមិនបាត់ទូរស័ព្ទ ក៏ហិនកាបូបលុយដែរ ។ ករណីបែបនេះធ្លាប់កើតមានស្ទើរមិនលស់ឆ្នាំទៅហើយ ។ រឿងប្រេតមែនទែននោះមិនដែលធ្វើឱ្យល្អក់កករ ឬបង្កទុក្ខទោសដល់ម្ចាស់ទានទេ តែគួរឱ្យខ្លាចបំផុតក្រុម មនុស្សធ្វើប្រេត មិនងាយប្រដៅឡើយគេហ៊ានធ្វើអ្វីៗសព្វបែបយ៉ាងដើម្បីបំពេញតម្រូវការរបស់ខ្លួន ។
ចំណែកព្រះមហាស៊ឹម ស៊ីណាតក៏បានបញ្ជាក់ផងដែរថា ពិធីបោះបាយបិណ្ឌគឺជាពិធីមួយដែល មានន័យធំធេងមានប្រយោជន៍ណាស់ ។ តែបែរជាមានយុវវ័យមួយចំនួនយកពិធីនេះទុកជាការលេងសើច ដោយខ្លះបានយកបាយបិណ្ឌគប់គ្នាលេង ខ្លះទៀតនោះយកលេសថាទៅបោះបាយបិណ្ឌ តែបែរជាណាត់ជួបគ្នា និងទុកជាកន្លែងទាក់ទងស្នេហាទៅវិញ ។
យុវជន យុវនារីទាំងអស់ដែលទៅបោះបាយបិណ្ឌ ត្រូវតែស្តាប់ឱវាទព្រះសង្ឃ និងអាចារ្យ ហើយត្រូវបោះដោយ សេចក្តីគោរពទើបជាការប្រសើរ ។ ធ្វើទានប្រកបដោយបញ្ញា ជាទានមានផលច្រើន ខុសពីធ្វើតាមជំនោរ ឡើងស្រកមិនថេរ ជាទានមានកម្លាំងខ្សោយ ៕ ដោយ សាន សារិន
ចែករំលែកព័តមាននេះ