យោងតាមគេហទំព័រផ្លូវការរបស់ World Cup 2014 ចេញផ្សាយ កាលពីថ្ងៃពុធ ទី២ មេសា ឆ្នាំ២០១៤ បានឱ្យដឹងថា សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោក២០១៤ លក់ដាច់បានចំនួនសរុប២.៥៧៧.៦៦២សន្លឹក ។ ដំណាក់កាលលក់ជូនសាធារណជនទូទៅមានចំនួន១.៥៩១.៤៣៥សន្លឹក ដែលក្នុងនោះប្រជាជនរបស់ប្រទេសម្ចាស់ផ្ទះទទួលបាន៦៥ភាគរយ និង៣៥ភាគរយទៀតសម្រាប់អ្នកគាំទ្របរទេស។
រហូតមកដល់ពេលនេះ ប្រទេសប្រេសីុលនៅតែជាប្រទេសនាំមុខគេ លើចំនួនសំបុត្រចូលទស្សនាការប្រកួតគឺមានចំនួន១.០៤១.៤១៨សន្លឹក បន្ទាប់មកគឺសហរដ្ឋអាមេរិកមានចំនួន១៥៤.៤១២សន្លឹក ខណៈប្រទេសអូស្ត្រាលីឈរលំដាប់លេខ៣មានចំនួន៤០.៦៨១សន្លឹក នាំមុខប្រទេសអង់គ្លេសដែលមានចំនួន៣៨.០៤៣សន្លឹក និងប្រទេសកូឡំប៊ី៣.៣១២សន្លឹក ។
នៅក្នុងចំណោមសំបុត្រទាំងនេះសំបុត្រចំនួន២៩.៩៨៨សន្លឹក ត្រូវបានលក់បញ្ចុះតម្លៃសម្រាប់មនុស្សចាស់ សិស្ស-និស្សិត និងបុគ្គលិកកម្មវិធីសុខុមាលភាពសង្គមដែលគេហៅថា Bolasa Familia ៕
ចែករំលែកព័តមាននេះ