ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយថា ក្រុមឧតុនិយមរបស់ហុងកុង បានប្រកាសអាសន្នពីកម្រិតព្យុះភ្លៀងកាលពីល្ងាចថ្ងៃទី៣០ មីនា កន្លងមក គឺបរិមាណទឹកភ្លៀងស្ថិតក្នុងកម្រិតប្រហែល៨០មិល្លីម៉ែត្រ ក្នុងរយៈពេល១ម៉ោង នៅក្នុងតំបន់មួយចំនួននៅហុងកុង និងមានរន្ទះប្រហែល៨.៧០៣លើក ឬជាមធ្យមក្នុងមួយម៉ោងមានរន្ទះជាង៣.៥០០លើក ។
ព្យុះភ្លៀង អាចបង្កឱ្យមានការជន់លិចផ្លូវជាច្រើនខ្សែមិនអាចធ្វើចរាចរណ៍បាន រួមទាំងការផ្តល់សេវាកម្មផ្នែករថភ្លើង មានសភាពយឺតយ៉ាវ ដូចគ្នានឹងជើងហោះហើរក៏យឺតជាងការកំណត់ ដោយសារអាកាសធាតុមិនអំណោយផល ។ ចំណែកហាងទំនិញនៅខណ្ឌកៅលូនតុង បានបង្ហាញថា មានទឹកហូរពីលើដំបូល ដោយសារកញ្ចក់បង្អួចបែក ព្រោះតែប៉ះនឹងដុំព្រិលធំដែលបោកបក់ ។ ក្រៅពីនេះ ក៏នៅមានទូកុងតឺន័រប្រហែល២០ទូ រអិលធ្លាក់នៅឯកំពង់ផែ ដោយសង្កត់លើរថយន្តជាច្រើនគ្រឿង ។ ស្របពេលជាមួយគ្នានេះដែរ ខាងឧតុនិយមក៏បានប្រកាសអាសន្នថា អាចនឹងមានភ្លៀងធ្លាក់បន្តរយៈពេលពី១ថ្ងៃ ទៅ២ថ្ងៃទៀត រួមទាំងមានភ្លៀងផ្គរដោយសារមានសម្ពាធទាបពីក្វាងទុងភាគខាងត្បូងប្រទេសចិន ។
ដោយឡែក នៅប្រទេសចិនយ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន១៦នាក់ នៅក្នុងហេតុការណ៍ភ្លៀងធ្លាក់ខ្លាំង និងព្យុះព្រិល បង្កឱ្យមានការជន់លិចនៅភាគខាងត្បូងប្រទេស ។ គ្រោះធម្មជាតិដ៏អាក្រក់នេះ បានកើតឡើងកាលពីថ្ងៃទី៣១ មីនា ដែលបង្កឱ្យខេត្តចំនួន៧ នៅភាគខាងត្បូងប្រទេសត្រូវទទួលការខូចខាត ៕
ចែករំលែកព័តមាននេះ