រាជធានីភ្នំពេញ ៖ ក្រោយប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជារួចមក ពេលនេះមានដំណឹងចុងក្រោយថា ក្លិបប្រដាល់ថ្មីពីរ ព្រមទាំងព្រឹត្តិការណ៍ប្រដាល់នោះផង ពិតជាត្រៀមកកើត និងលេចរូបរាងពិតប្រាកដហើយនៅលើទឹកដីស្រុកគិរីវង់ និងក្រុងដូនកែវ របស់ខេត្តតាកែវ ក្រោយអំឡុងចូលឆ្នាំខ្មែរ ។
យ៉ាងណាក៏ដោយ ចំពោះកាលបរិច្ឆេទនៅមិនទាន់កំណត់ច្បាស់នៅឡើយទេ ។ កាលពីចុងខែមីនា លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងមុតមាំថា លោកនឹងផ្តើមបង្កើតឱ្យមានក្លិបប្រដាល់ថ្មី២ នៅលើទឹកដីស្រុក-ក្រុងពីររបស់ខេត្តតាកែវ ឱ្យបានកាន់តែឆាប់ដោយគ្រោងរៀបចំឱ្យមានការប្រដាល់ ហើយផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ឆ្លាស់គ្នាពីទឹកដីនោះផង ។ ស្រុកដែលស្ថិតក្នុងគម្រោងនៃការបង្កើតនោះ គឺស្រុកគិរីវង់ ដែលមានព្រំប្រទល់ជាប់ព្រំដែនវៀតណាម និងក្រុងដូនកែវដែលជាទីប្រជុំជនដ៏ធំរបស់ខេត្តតាកែវនោះតែម្តង ។ ការសម្រេចបើកឱ្យមានក្លិបប្រដាប់នៅក្នុងតំបន់ទាំងពីរ គឺបន្ទាប់ពីកត់សម្គាល់ថា ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់នោះមានការនិយមចូលចិត្តកីឡាប្រដាល់ភាគច្រើន ម្យ៉ាងដោយសារទីតាំងរបស់ស្រុកគិរីវង់ និងក្រុងដូនកែវ គឺជាតំបន់ដែលមានការរីកចម្រើន និងមានប្រជាពលរដ្ឋរស់នៅបែបស៊ីវិល័យរួចជាស្រេច ។
តាមការស្ទាបស្ទង់ ប្រជាពលរដ្ឋនៅខេត្តតាកែវមានទម្លាប់ចូលចិត្តកីឡាប្រដាល់ខ្លាំងណាស់ ដោយបានបញ្ជូនកូនចៅឱ្យមកហ្វឹកហាត់ប្រដាល់ឆ្លងខេត្ត និងមានទម្លាប់ធ្វើដំណើរឆ្លងស្រុក ឆ្លងឃុំ មកទស្សនាការប្រដាល់ដែលរៀបចំនៅខេត្តជិតខាង ឬស្រុកជិតខាង ដោយមិនសូវលស់ពេលទៀតផង ។ ទោះយ៉ាងណា មិនមានន័យថា ពលរដ្ឋក្រៅពីស្រុកគិរីវង់ និងក្រុងដូនកែវ មិនចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍ប្រដាល់ និងកីឡាប្រដាល់នោះទេ ដោយគ្រាន់តែស្រុកគិរីវង់ និងក្រុងដូនកែវ ជាតំបន់ដែលមានសក្តានុពលជាងគេបុ៉ណ្ណោះសម្រាប់ខេត្តតាកែវទាំងមូល ។ លោកបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់ឱ្យដឹងថា ការសម្រេចចិត្តបង្កើតក្លិបប្រដាល់នៅលើទឹកដីស្រុក-ក្រុងទាំងពីរ គឺបណ្តាលមកពីស្រុក-ក្រុងទាំងពីរជាតំបន់មានការរីកចម្រើនគួរឱ្យកត់សម្គាល់ជាងគេនៅក្នុងខេត្តតាកែវ ។ ម្យ៉ាង កម្ពុជាមានបំណងឱ្យតំបន់ទាំងពីរកាន់តែមានគេស្គាល់នៅពេលក្លិបប្រដាល់ស្រុកគិរីវង់ និងក្លិបប្រដាល់ក្រុងដូនកែវ ត្រូវគេស្គាល់កាន់តែទូលំទូលាយនោះផង ។
ក្រៅពីការបង្កើតក្លិបប្រដាល់ថ្មីពីរនៅលើទឹកដីនេះ លោកក៏សម្រេចឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រដាល់នៅលើទឹកដីក្រុងដូនកែវ និងស្រុកគិរីវង់ដូចការបញ្ជាក់ខាងលើផងដែរ ដើម្បីលើកស្ទួយវិស័យប្រដាល់ដែលទើបដំណើរការនេះ និងដើម្បីចំណេញវិស័យទេសចរណ៍នៅក្នុងតំបន់ទាំងពីរនោះផងដែរ ។ តាមផែនការ ទូរទស្សន៍អប្សរានឹងទទួលសិទ្ធិនាំមុខគេក្នុងការរៀបចំព្រឹត្តិការណ៍ប្រដាល់ដែលផ្សាយចេញពីខេត្តតាកែវនាពេលនោះ ។ យ៉ាងណាក៏ដោយ ការបង្កើតក្លិប និងការរៀបចំឱ្យមានការប្រដាល់ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អប្សរាជាទៀងទាត់ចេញពីទឹកដីក្រុងដូនកែវ និងស្រុកគិរីវង់ នៅមិនទាន់មានការបញ្ជាក់ថា ចាប់ផ្តើមពេលណានៅឡើយទេ ។
មន្ត្រីជាន់ខ្ពស់ស្ទើរគ្រប់រូបប្រចាំសហព័ន្ធកីឡាប្រដាល់បានត្រឹមតែឆ្លើយដាក់គ្នាបុ៉ណ្ណោះជាមួយនឹងការស្នើឱ្យបញ្ជាក់ពីកាលបរិច្ឆេទ ។ ការបញ្ជាក់ជារួមមួយគឺការបង្កើតក្លិបប្រដាល់ប្រចាំស្រុកគិរីវង់ និងក្រុងដូនកែវ នឹងមិនយូរបុ៉ន្មានទេ ព្រោះគម្រោងផែនការបានរៀបចំបណ្តើរៗហើយ ។ បើក្លិបប្រដាល់ទាំងពីរកើតមានពេលណា ការប្រដាល់ជាលក្ខណៈប្រកួតប្រជែង ក៏មិនយូរដូចគ្នានៅលើទឹកដីនោះ បន្ទាប់ពីបញ្ជូនឱ្យកីឡាករប្រចាំក្លិបថ្មីទាំងពីរមានមុខឡើងរេញនៅសង្វៀនភ្នំពេញ ដើម្បីឱ្យមានគេស្គាល់ទូលំទូលាយ ។ តាមរយៈការអះអាងនេះមានន័យថា មិនយូរទេ យ៉ាងយូរត្រឹមអំឡុងខែ៦ និងខែ៧ ក្លិបប្រដាល់ស្រុកគិរីវង់ និងក្លិបក្រុងដូនកែវ នឹងមានមុខនៅលើទីផ្សារប្រដាល់ ។
គម្រោងថ្មីនេះបានតម្រូវឱ្យលោកយុទ្ធ ភូថង អតីតអភិបាលខេត្តកោះកុង ដែលមានបទពិសោធន៍ផ្នែកកីឡាប្រដាល់រៀបចំបង្កើតក្លិប និងតម្រូវឱ្យទូរទស្សន៍អប្សរាជាអ្នករៀបចំព្រឹត្តិការណ៍បន្តផ្ទាល់ក្នុងពេលដ៏ខ្លី ខណៈដែលកន្លងមកខេត្តតាកែវ មានក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ និងមានក្លិបប៉េតង់ ក៏ដូចជាកីឡាប្រណាំងទូករីកចម្រើនរួចមកហើយ ៕
ចែករំលែកព័តមាននេះ