បណ្តាញព័ត៌មានបរទេសផ្សាយថា តម្លៃប្រេងធ្លាក់ចុះកាលពីដើមសប្តាហ៍នេះ ខណៈដែលពាណិជ្ជករជាច្រើនបានកាត់ប្រាក់ចំណេញចូលបញ្ជី បន្ទាប់ពីមានការកើនឡើងខ្លាំងកាលពីសប្តាហ៍មុន ដែលផ្គត់ផ្គង់ដោយភាពវិជ្ជមាននៃទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងភាពតានតឹងនៅអ៊ុយក្រែន ។
នៅក្នុងតំបន់ពាណិជ្ជកម្មទីក្រុងញូវយ៉ក ចំណុចគោលនៃប្រេងឆៅអន្តរការីរបស់រដ្ឋតិចសាស់ សម្រាប់ចែកចាយក្នុងខែឧសភា ធ្លាក់ចុះ៩% ទៅនឹងតម្លៃ១០១,៥៨ដុល្លារ ក្នុងមួយបារ៉ែល ។ ចំណែកនៅទីក្រុងឡុង ប្រេងឆៅនៅសមុទ្រខាងជើង សម្រាប់ផ្គត់ផ្គង់ខែឧសភា បានធ្លាក់ចុះ៣% ស្មើនឹង១០៧,៧៨ដុល្លារ ក្នុងមួយបារ៉ែល ។ ការធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ុយក្រែន និងរុស្សុី នាអំឡុងពេលមួយសប្តាហ៍នេះ បានធ្វើឱ្យសម្ពាធនៃតម្លៃប្រេងធ្លាក់ចុះ ។ ទោះជាយ៉ាងណាក៏ដោយ បើតាមការឱ្យដឹងពីអ្នកវិភាគឱ្យដឹងថា ប្រទេសរុស្សុីផ្តល់នូវការផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់តំបន់អឺរ៉ុបប្រមាណជា១/៤ ជាមួយនឹងការនាំចេញប្រហែលពាក់កណ្តាល ដែលឆ្លងកាត់តាមបណ្តាញបំពង់ទុយោក្នុងប្រទេសអ៊ុយក្រែន ។
លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Price Future Groupe បានបង្ហើបឱ្យដឹងថា «ទីផ្សារប្រេងនៅតែជាប់គាំងទៅនឹងតុល្យភាពដែលពិបាកនឹងដោះស្រាយនៃហានិភ័យភូមិសាស្ត្រនយោបាយ និងការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់» ។ ម្យ៉ាងវិញទៀត អ្វីដែលជួយសម្រាប់តម្រូវការបន្ទាន់តម្លៃប្រេង គឺជាការចាប់ផ្តើមផលិតកម្មពីតំបន់ផលិតប្រេងធំ២ West Qurna នៅក្នុងប្រទេសអុីរ៉ាក់ ដែលមានសមត្ថភាពផលិតបាន១២០.០០០បារ៉ែល ក្នុងមួយថ្ងៃ ហើយគេរំពឹងថា នឹងកើនឡើង៤២០.០០០បារ៉ែល ក្នុងមួយថ្ងៃ នៅដំណាច់ឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ