រាជធានីភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ សហការជាមួយនគរបាលប្រឆាំងបាតុកម្ម បានរារាំងក្រុមយុវជនគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយលោកស្រីមួរ សុខហ៊ួរ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី០១ មេសា បន្ទាប់ពីក្រុមយុវជនទាំងនោះព្យាយាមចូលទីលានប្រជាធិបតេយ្យ ដើម្បីធ្វើសន្និសីទសារព័ត៌មានដែលមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ។ ប៉ុន្តែការប៉ះទង្គិចគ្នានេះមិនមានប្រើអំពើហិង្សានោះទេ គ្រាន់តែច្រានទៅច្រានមកប៉ុណ្ណោះ ហើយទីបំផុតលោកស្រីតំណាងរាស្ត្រមិនទាន់ស្របច្បាប់បានដឹកនាំកម្លាំងយុវជនគណបក្សសង្រ្គោះជាតិវិលត្រឡប់វិញ និងសន្យាថាពួកគេនិឹងវិលមកវិញនៅថ្ងៃពុធខាងមុខនេះ។
លោកគឹម វុត្ថា ប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញបានឲ្យដឹងថា នៅវេលាម៉ោងជាង០៩ព្រឹកថ្ងៃខាងលើ លោកស្រីមួរ សុខហ៊ួរ និងយុវជនគណបក្សសង្រ្គោះជាតិចំនួន៦នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចសុិស សេរីRX៣០០ ពណ៌ស្ករ ពាក់ស្លាកលេខរដ្ឋសភា៤ បើកមកឈប់ផ្លូវលេខ១០៦កែងផ្លូវលេខ៥១ រួចនាំគ្នាដើរមកទីលានប្រជាធិបតេយ្យ។ ក្នុងគោលបំណងរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីសម្តែងមតិហើយទាមទារឲ្យដោះលែងសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងកម្មករសរុប២១នាក់ឲ្យមានសេរីភាពឡើងវិញព្រមទាំងទាមទារឲ្យមានការសម្តែងមតិនៅទីលានប្រជាធិបតេយ្យនិងផ្សព្វផ្សាយមូលនិធិជាវិជ្ជា យុត្តិធម៌សំរាប់ពលរដ្ឋកម្ពុជា។ តែគោលបំណងពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើឡើយ ដោយសារតែមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញ ដូច្នេះត្រូវតែចាកចេញដោយគ្មានលក្ខខណ្ឌនោះទេ។
ចែករំលែកព័តមាននេះ