កីឡាករប្រដាល់អង់គ្លេស អាមៀ ខាន់ នឹងឡើងសង្វៀនប្រកួតជាមួយកីឡាករអាមេរិកល្វីស កូលឡាហ្សូ នៅថ្ងៃទី៣ ខែឧសភាខាងមុខ។ ការប្រកួតគ្រោងរៀបចំធ្វើនៅសង្វៀន MGM Grand Hotel & Casino ស្ថិតក្នុងទីក្រុងឡាសវេហ្គាស រដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក ពោលគឺនៅថ្ងៃតែមួយជានឹងការប្រកួតមេវេដឌ័រ និងមេដាណា ។
ចាប់តាំងពីការយកឈ្នះដោយពិន្ទុលើកីឡាករ Julio Diaz នៅទីក្រុង Sheffield ខែមេសាឆ្នាំទៅមិញរួចមក អាមៀ ខាន់ មិនបានឡើងប្រកួតនោះទេ ។ ដូច្នេះ នេះគឺជាការចេញមុខលើកដំបូងរបស់គេរយៈពេលជិត១ឆ្នាំមកនេះ ។ អតីតម្ចាស់ជើងឯកពិភពលោករូបនេះថ្លែងថា ៖«នៅថ្ងៃទី៣ ខែឧសភានោះ គេនឹងបានឃើញ អាមៀ ខាន់ ថ្មីម្នាក់ដែលពេញដោយសមត្ថភាពជំនាញ អត់ធ្មត់ និងសង្ហា ។ ខ្ញុំស្ទើរតែមិនអាចរង់ចាំបាន ។ ការរង់ចាំសឹងនឹងធ្វើឱ្យឈឺខ្លះៗហើយ»។
កាលពីពេលមុននេះ អាមៀ ខាន់ សង្ឃឹមថា ខ្លួនអាចទទួលបានឱកាសឡើងវាយដណ្តើមខ្សែក្រវាត់ស្ថាប័ន WBC ពីកីឡាករអាមេរិកហ្វ្លយ មេវេដឌ័រ ។ ប៉ុន្តែក្តីសង្ឃឹមរបស់គេបានរលត់ផុតជីវិតបន្ទាប់ពីមេវេដឌ័រ បានសម្រេចជ្រើសយកកីឡាករអាហ្សង់ទីន ម៉ាកូស មេដាណា ជាគូប្រកួត ។ កីឡាករវ័យ២៧ឆ្នាំរូបនេះបានបន្តថា ៖«ខ្ញុំគិតថា ការប្រកួតរវាងខ្ញុំ និងមេវេដឌ័រ នឹងកើតឡើងនៅថ្ងៃណាមួយជាមិនខាន ។ ទោះជាដូច្នេះក្តី ខ្ញុំមិនបង្ខំនោះទេ ហើយការប្រកួតនេះនឹងកើតឡើង ខណៈខ្ញុំត្រៀមខ្លួនរួចរាល់»។
សូមបញ្ជាក់ថា អាមៀ ខាន់ មានឯតទគ្គកម្មប្រកួតឈ្នះ២៨លើក ចាញ់៣ មិនដែលស្មើ ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន១៩លើក ។ ចំណែកកីឡាករអាមេរិកកូលឡាហ្សូវ័យ៣២ឆ្នាំ ធ្លាប់ប្រកួតបាន៣៩លើក ក្នុងនោះឈ្នះ៣៥លើក ចាញ់៥ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឱ្យសន្លប់បានចំនួន១៨លើក ។ ប្រកួតលើកចុងក្រោយកាលពីថ្ងៃទី៣០ ខែមករាដើមឆ្នាំ គឺផ្តួលកីឡាករវិចទ័រ អូទីស ឱ្យសន្លប់ក្នុងទឹកទី២ ៕
ចែករំលែកព័តមាននេះ