ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ភូមិ​ឡ​​ពាង​ វិវាទ​​ដី​ធ្លី​​លែង​ត្រូវ​ការ​​ជន​ទី​3​​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បើ​ទោះ​បី​ជា​ក្រុម​គណៈ​កម្មការ​ចម្រុះ​មាន​សមាសភាព​១៥​រូប​ ដែល​មាន​លោក​ជំទាវ​ដោក​ សុទ្ធា​ អភិ​បាល​រង​ខេត្ត​ ជា​ប្រធាន​គណៈ​កម្មការ​ ដែល​ប្រឹងប្រែង​រៀបចំ​ដោះស្រាយ​វិវាទ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ​ជា​មួយ​ក្រុម​ហ៊ុន​ ខេ.ឌី.ស៊ី​ កាល​ពី​ព្រឹកថ្ងៃទី​២៧​ មីនា​ កន្លងទៅ​ ហាក់​ទទួល​នូវ​បរា​ជ័យ​ខ្លះៗ

ខេត្ត​កំពង់​ឆ្នាំង​ ៖ បើ​ទោះ​បី​ជា​ក្រុម​គណៈ​កម្មការ​ចម្រុះ​មាន​សមាសភាព​១៥​រូប​ ដែល​មាន​លោក​ជំទាវ​ដោក​ សុទ្ធា​ អភិ​បាល​រង​ខេត្ត​ ជា​ប្រធាន​គណៈ​កម្មការ​ ដែល​ប្រឹងប្រែង​រៀបចំ​ដោះស្រាយ​វិវាទ​ដី​ធ្លី​រវាង​ប្រជាពលរដ្ឋ​ជា​មួយ​ក្រុម​ហ៊ុន​ ខេ.ឌី.ស៊ី​ កាល​ពី​ព្រឹកថ្ងៃទី​២៧​ មីនា​ កន្លងទៅ​ ហាក់​ទទួល​នូវ​បរា​ជ័យ​ខ្លះៗ​ ព្រោះ​តែ​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​កិច្ច​ដំណោះស្រាយ​នេះ​ បាន​ពន្យុះ​ឱ្យប្រជាពល​រដ្ឋ​ងើប​ចេញ​ពី​កិច្ច​ប្រជុំ​នេះ​មិន​ព្រម​ស្តាប់​ការ​បក​ស្រាយ​របស់​មេធាវី​ក្រុម​ហុ៊ន​យ៉ាងណា​ក៏​ដោយ​ បុ៉ន្តែ​ស្រាប់​តែ​នៅ​ព្រឹកថ្ងៃទី​២៨​ កុម្ភៈ​ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ព្រម​ត្រឡប់​មក​រក​កិច្ច​ពិភាក្សា​វិញ​ ហើយ​ដំណោះ​ស្រាយ​បាន​ឈាន​ទៅ​យ៉ាង​រលូន​តាម​ការ​គ្រោង​ទុក​ ខណៈ​ដែល​មេ​ខ្យល់​២​នាក់​អវត្ត​មាន​នៅ​ព្រឹក​នោះ ។​

គួរ​រំឭក​ថា​ តាម​ការ​គ្រោង​ទុក​ គណៈ​កម្មការ​ចម្រុះ​នឹង​ហៅ​ប្រជា​ពល​រដ្ឋ​ទាំង​៥២​នាក់​ដែល​បាន​អះ​អាង​ថា មាន​ដី​ធ្លីវិវាទ​ជាមួយ​ក្រុម​ហ៊ុន​មក​សាក​សួរ​ម្នាក់​ម្តងៗ​ ដោយ​នៅ​ព្រឹក​ថ្ងៃទី​២៧​ មីនា​ ចំនួន​១២​នាក់​ ។ ហើយ​រសៀល​ថ្ងៃដដែល​ចំនួន​២០​នាក់​ និង​នៅ​ព្រឹក​ថ្ងៃទី​២៨​​ មីនា ចំនួន​២០​នាក់​ទៀត ។ បុ៉ន្តែ​នៅ​ម៉ោង​១២​ថ្ងៃត្រង់​ ក្រោយ​ពេល​ប្រជាពលរដ្ឋ​ទាំង​១២​នាក់បាន​បំភ្លឺ​ជូន​គណៈ​កម្មការ​ ហើយ​ដល់​ពេលមេធាវី​ក្រុម​ហ៊ុន គឺ​លោក​ផាត់​ ពៅ​សៀង​ បក​ស្រាយ​ជូន​គណៈ​កម្មការ​​វិញ​ម្តង​ ស្រាប់​តែប្រជាពលរដ្ឋ​ទាំង​នោះ​ស្ទុះងើប​ចេញ​ ព្រោះ​មេ​ខ្យល់​មក​ដេញ​ឱ្យ​ចេញ​ទាំង​បង្ខំ​ ​គឺ​ឈ្មោះ​ រាជ​ សីម៉ា​ ជា​ជន​កំឡៅ​ធ្វើ​ឱ្យ​បរិយា​កាស​​ដែល​សង្ឃឹម​ថា​ នឹង​មាន​ដំណោះ​ស្រាយ​បាន​ប្រែ​ជា​អាប់​អួរ​តែ​មួយ​ពព្រិច​ភ្នែក​ ។​ ពួក​គាត់​នាំគ្នាដើរ​ចេញ​ ហើយ​បាន​ស្រែក​ឡូ​ឡា​ពេញ​មុខ​សាលា​ឃុំ​តាចេស​ ធ្វើ​ឱ្យ​ទាំង​ភាគី​ក្រុម​ហ៊ុន​ និង​គណៈ​កម្មការ​មាន​ការ​អស់​សង្ឃឹម​ជា​ខ្លាំង ។​ បុ៉ន្តែ​ទោះ​បីបែប​នេះ​ក្តី​ ក៏​គណៈ​កម្មការ​​បាន​បន្ត​ការងារ​របស់​ខ្លួន​រហូត​ដល់​រសៀល​ថ្ងៃ​ដដែល ។​

ផ្ទុយ​ពី​ក្តី​អស់​សង្ឃឹម​របស់​ក្រុម​គណៈ​កម្មការ​ ក៏​ដូចជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ចង់បាន​ការ​ដោះស្រាយ​សន្តិ​វិធី​ នៅ​ព្រឹកថ្ងៃទី​២៨ មីនា ប្រជា​ពល​រដ្ឋទាំង​នោះ​បាន​សុខ​ចិត្ត​វិល​ត្រឡប់​មក​រក​ដំណោះស្រាយរបស់​គណៈកម្មការ​វិញ​ មិន​ខុសពី​ដុំ​ពព​ក​ខ្មៅ​បានរសាត់​ទៅ មេឃ​ក៏​ស្រឡះ​ដែរ​នោះ​ទេ ។​ នៅ​ព្រឹក​ថ្ងៃ​នោះ​ ប្រជា​ពល​រដ្ឋ​បាន​បំភ្លឺ​ជូន​គណៈ​កម្មការ​គ្រប់​ទាំង​៥០​នាក់​ អវត្ត​មាន​២​នាក់​ ព្រោះ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។​ នៅ​ព្រឹក​នោះ​ផង​ដែរ​​ ឈ្មោះ​ រាជ​ សីម៉ា ដែល​គេចាត់​ទុក​ជា​អ្នក​តំណាង​ក្រៅ​ខោ​ឱ្យ​អ្នក​តវ៉ា​​ និង​ជា​មេ​ខ្យល់​ មិន​វត្ត​មាន​ទៀត​ទេ​ ព្រោះ​អស់​ឥទ្ធិ​ពល​ជា​មេខ្យល់​ដែល​ធ្វើ​ឱ្យប្រជាពល​រដ្ឋ​មាន​ភាព​ទន់​ឥរិយាបទ​បំភ្លឺ​ជាមួយ​គណៈ​កម្មការ​រហូត​គ្រប់​៥០​នាក់​ ​។ អ្វីដែល​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នោះ​ទៀត​ គឺ​លោក​ជំទាវ​នាយិកា​ក្រុម​ហ៊ុនបាន​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រជា​ពល​រដ្ឋ​ ដោយបាន​ចែក​នំបុ័ង​ជូនប្រជា​ពល​រដ្ឋ​គ្រប់​គ្នា​ដែល​នឿយ​ហត់​ និង​នៅថ្ងៃត្រង់​បាន​ចែកបាយ​ម្នាក់​មួយ​កញ្ចប់​ និងទឹក​ម្នាក់​មួយ​ដប​ផង​ដែរ ។​​

ជាមួយ​នឹង​កាយ​វិការ​សប្បុរស​ធម៌​ក្នុង​នាម​ជា​អ្នក​គោរព​ច្បាប់​ ដែល​ពី​មុន​ធ្លាប់​តែ​ពាក់​មុខ​យក្ស​ដាក់​គ្នា​ ព្រោះ​មានអ្នក​នៅ​ពី​ក្រោយ​ខ្នង​ញុះ​ញង់​ ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ​ហាក់​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពីគ្នា​នោះ​ បាន​ក្លាយ​ជា​​ភាព​ល្អូក​ល្អើន​ដាក់​គ្នា​​ខុស​​ប្រក្រតី​ ។​ លោក​ជំទាវ​នាយិកា​ក្រុម​ហ៊ុន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ សូ​មបងប្អូន​កុំ​ស្តាប់​ការ​ញុះ​ញង់​របស់​មនុស្ស​ទី​៣​ គឺ​ពេល​នេះ​យើង​ជួប​គ្នា​ ជជែក​គ្នា​ដោយ​ផ្ទាល់​ដើម្បី​បញ្ចប់​វិវាទ ហើយ​ពី​ពេល​នេះ​ទៅ​ សូម​កុំ​ស្តាប់​អ្នកណា​ឱ្យ​សោះក្រៅ​ពី​គណៈ​កម្មការ​​ដែល​នៅ​ចំពោះ​មុខ​បងប្អូន​នៅ​ពេល​នេះ។​ លោក​ជំទាវ​ ដោក​ សុទ្ធា​ អភិបាល​រង​ខេត្ត​ និង​ជាប្រធាន​គណៈ​កម្មការ​ មាន​ប្រសាសន៍​ថា​ ឃើញ​ទេ ព្រឹក​នេះ​យើង​មាន​ការ​​ជជែក​គ្នា​ យល់​ចិត្ត​គ្នា​ ព្រោះ​គ្មាន​មនុស្សទី​៣​ ដែល​ជា​មនុស្ស​​អគតិ​ សូម​កុំ​ស្តាប់​ការ​​ញុះ​ញង់​របស់​គេ ហើយ​ពេល​នេះ​បង​ប្អូន​ចំនួន​៥០​នាក់បាន​បំភ្លឺ​ជូន​គណៈ​កម្មការ​អស់​ហើយ ចំណែក​ក្រុម​ហ៊ុន​ក៏​បាន​បំភ្លឺ​ជូន​គណៈ​កម្មការ​ដែរ​ ។ ​

លោក​ជំទាវ​អភិ​បាល​រង​ខេត្ត​ថ្លែង​ទៀត​ថា​ ពេល​នេះ​គណៈ​កម្មការ​នឹង​ប្រមូល​យក​នូវ​ព័ត៌​មាន​ដែល​យើង​ធ្វើ​​ពីរ​ថ្ងៃ​នេះ​ទៅ​ដាក់​ជូន​លោក​អភិ​បាល​ខេត្ត​ ដើម្បី​ប្រជុំ​បូក​សរុប​ជា​មួយ​គណៈ​កម្មការ​ ​និងវាយ​តម្លៃ​យក​លទ្ធផល​បែបណា​មក​ជម្រាប​ជូន​បងប្អូន​វិញ​នៅ​ពេល​ក្រោយ ។​ សូម​បញ្ចាក់​ថា​ មេ​ខ្យល់​ទាំង​២នាក់​សុទ្ធ​តែ​ជា​មនុស្ស​គ្មាន​ដី​នៅ​ទី​នោះ​ទេ​ ដែល​គេ​សង្ស័យ​មាន​បំណង​កេង​យក​ចំណេញ​ពីប្រជា​ពល​រដ្ឋ​ ។​ លោក​ថៃ ហុី​ តំណាង​ឱ្យ​ក្រុម​ហ៊ុន​ ខេ.ឌី.ស៊ី​ បាន​បង្ហើប​ប្រាប់​អ្នកសារ​ព័ត៌​មាន​ថា​ ប្រជា​ពល​រដ្ឋ​គ្មាន​ឯកសារ​ណា​ច្បាស់​បញ្ជាក់​ដាក់​ជូន​គណៈ​កម្មការ​នោះ​ទេ​​ តែ​ពេល​នេះ​ក្រុ​មហ៊ុន​បាន​យោគ​យល់​ចង់​បញ្ចប់​វិវាទ​​នេះ​ឱ្យបាន​ឆាប់​ ។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ក្រុម​ហ៊ុន​បាន​ធ្វើ​សម្ប​ទាន​ឱ្យ​ប្រជា​ពល​រដ្ឋ​​ ដូចជា​ពាក្យ​ប្តឹង​ទៅ​តុលាការ​របស់​ប្រជាពលរដ្ឋ​ដែល​ទាម​ទារ​ដី​ពីក្រុម​ហ៊ុន​មាន​២២​គ្រួសារ​ តែ​ពេល​មក​ដោះស្រាយ​វិវាទ​បាន​កើន​ឡើង​​​ដល់​៥២​គ្រួសារ​ ក្រុម​ហ៊ុន​ក៏​មិន​ថា​ដែរ​ ហើយ​មក​បំភ្លឺ​ជូន​គណៈ​កម្មការ​ គ្មាន​ឯកសារ​​អី​ទាំង​អស់​ ក៏​ក្រុ​មហ៊ុន​មិ​នថា ។​ តាម​ការ​ប៉ាន់​ស្មាន​រឿង​វិវាទ​នេះ​ បើ​គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​កាង​ទេ​ ការដោះ​ស្រាយ​នឹង​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ​ព្រោះ​ក្រុម​ហ៊ុន​នឹង​អាច​ធ្វើ​សម្ប​ទាន​គោល​នយោ​បាយ​ខ្លះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ជុំវិញ​ករណី​ខាង​លើ​នេះ​ត្រូវ​បាន​មតិ​ភាគ​ច្រើន​លើក​ឡើង​ថា​ មក​ដល់​ពេល​នេះ​មិ​នខុស​អំពី ល្បិច​កល​មនុស្ស​ខូច​ដែល​ធ្វើ​នយោបាយ​​ឈ្នះ​បាន​ដី ចាញ់​បាន​ប្រាក់​នោះ​ទេ ។​ តែ​ទោះ​យ៉ាង​ណា​ក៏ដោយ​ចុះ​ សូម​កុំ​ចង់​បាន​អ្វី​ដែល​ហួស​ហេតុ​ពេក​ ព្រោះ​ដោយសារតែ​ការ​ចង់​បាន​ហួស​ហេតុ​បែប​នេះ​ហើយ​ ទើប​ការ​​ដោះ​ស្រាយ​កន្លងទៅ​៣​លើក​នៅតែ​ទទួល​​ការ​បរា​ជ័យ ។​ បរា​ជ័យ​គួរ​ឱ្យ​ស្តាយ​នេះ​ដោយសារ​​មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ ដែល​មាន​ឈ្មោះ​ រាជ​ សីម៉ា​ ជា​មេ​ខ្លោង​ បាន​តាំង​ខ្លួន​ជា​តំណាង​ឱ្យ​ប្រជា​ពល​រដ្ឋ​ និងបាន​ការ​ញុះ​ញង់​ពីតំណាង​ម្នាក់​ទៀត​យក​ឈ្មោះ​អង្គ​ការ​មក​ពាក់​មុខ ​កុំ​ស្មាន​ថា​ គេ​មិន​ស្គាល់​​ក្រយៅ​ខូច​​របស់​គាត់ ។​ អ្វីដែល​ជា​ចំណាប់​អារម្មណ៍ដែរ​នោះ​ គឺ​លោក​សំ​ ចាន់​គា​ ប្រធាន​ការិយា​ល័យ​សិទ្ធិ​មនុស្ស​អាដ​ហុក​ ដែ​លជា​អ្នក​ជ្រោម​ជ្រែង​អ្នក​តវ៉ា​តាំងពី​ដើម​​មក​ ហើយ​ត្រូវ​បាន​ជ្រើស​តាំង​ក្នុង​ជួរ​គណៈ​កម្មការ​ដែរ​នោះ​ នៅ​ព្រឹក​ថ្ងៃទី​២៧​ មីនា​ បាន​ឃើញ​ទៅ​ដល់​សាលា​ឃុំ​តា​ជេស​ យឺត​យ៉ាវ​ ហើយ​នៅពេល​ដែល​ប្រជាពល​រដ្ឋ​ជ្រួល​ច្របល់​ងើប​ចេញ​មិន​ព្រមស្តាប់​ការបក​ស្រាយ​របស់​មេធាវី​ក្រុម​ហ៊ុន​នោះ​ គេ​ឃើញ​ម្នាក់​នេះ​បាន​ដើរ​ចេញ​ពី​ក្រុម​គណៈ​កម្មការ​ដែរ​ ។ ទង្វើ​នេះ​តើ​ចាត់​ទុក​ជា​ជន​ជំពូក​ណា​ ។​ ព្រឹក​នោះ​ប្រធាន​គណៈ​កម្មការ​បាន​ប្រកាស និង​បន្ត​ការ​ងារ​របស់​ខ្លួន​ដល់​ពេល​រសៀល​ដោយ​គ្មាន​េម​សិទ្ធិ​មនុស្ស​ខេត្ត​ក៏បាន​ដែរ។​ ដោយ​ឃើញ​អាកប្ប​កិរិ​យា​ខុស​គេ​បែប​នេះ​ អ្នក​កាសែត​ និង​ទូរទស្សន៍​បាន​តាម​សម្ភាស​យ៉ាង​ប្រកិត ។​ ចំណុច​នេះ​លោក​​ចាន់ គា​ បាន​បក​ស្រាយ​ប្រាប់ទូរ​ទស្សន៍​ក្នុង​ស្រុក​មួ​យថា លោក​បាន​ឮ​ថា គណៈ​កម្មការ​នឹង​មក​បូក​សរុប​ការងារ​នេះ​នៅ​ខេត្ត ទើប​លោក​ត្រឡប់​មក​មុន​បែប​នេះ​ ​។ ដែល​​​ការ​បក​ស្រាយ​នេះ​គេ​សង្ស័យ​ថា​ ជា​ជន​មិន​ល្អ ។​

អ្វីដែល​ជា​ការ​កត់​សម្គាល់​ខ្លាំង​នោះ​ ប្រជា​ពលរដ្ឋ​ទាំង​នោះ​មាន​ទឹក​មុខ​ស្រស់​ស្រាយ​ និង​សប្បាយ​រីក​រាយ​ក្រៃ​លែង ខណៈ​ដែល​លោក​ជំទាវ​​នាយិកា​ក្រុម​ហ៊ុនបាន​រួសរាយ​រាក់​ទាក​់ជា​មួយ​ពួក​គាត់ ធ្វើ​ឱ្យ​បរិ​យាកាស​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ក្រៃ​លែង​ ដែល​នាំ​ឱ្យ​ពួកគាត់​សប្បាយ​​ចិត្ត​ពេក​​បាន​សុំ​ដាក់​ធុង​បាស់​ជប់​លៀង​ថ្ងៃ​ចូល​ឆ្នាំ​ខាង​មុខ​នេះ​ ហើយ​លោក​ជំទាវ​ក៏បានប្រកាស​ជា​សាធារណៈ​ឱ្យ​ធុង​បាស់​ចាក់​រាំ​សប្បាយ​ និង​បន្ថែម​ពី​លើ​នេះ​ គឺស្រាបៀរ​មួ​យគ្រប់​ក្នុង​ពេល​នោះ​ទៀត​ផង​ ដែល​ការងារ​នេះប្រគល់​ឱ្យ​លោក​ថៃ ហុី​ តំណាង​ក្រុម​ហ៊ុន​ជាអ្នក​ចាត់​ការ​ ។​ អ្នក​ភូមិ​ឡ​ពាង​ប្រាប់​កោះសន្តិ​ភាព​ថា​ ចាប់​ពី​ពេល​នេះ​ទៅ​ ពួកគេ​លែង​ស្តាប់​ លែងត្រូវ​ការ​មេ​ខ្យល់​ទាំង​ពីរ​នាក់​ដ៏​ល្ហេម​ល្ហាម​នេះ​ទៀត​ហើយ ។​ ពួក​គេ​និយាយ​ថា មេ​ខ្យល់​ទាំង​ពីរ​​ជា​មនុស្ស​​អត់​មាន​ដី​ទេ​ ប្រហែល​ជា​ចាំ​ស៊ី​កំ​មីស្យុង​អ្នក​ភូមិ​ហើយ​មើល​ទៅ​ បាន​ជា​ប្រឹង​ញុះ​ញង់​ពួក​គេ​ឱ្យ​បាត់​បង់​អស់​ផល​ប្រយោជន៍​រាប់​ឆ្នាំ​មក​​នេះ​ ។​

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ​ មិ​នខុស​ពី​ក្រោយ​ភ្លៀង​ មេឃ​ស្រឡះ​ឡើយ​ ។​ អ្នក​ស្រុក​​ខ្លះ​បាន​បដិ​សេធ ឆ្មោះ​ រាជ​ សីម៉ា ឱ្យ​ឈប់​ជ្រៀត​​ជ្រែក​ ព្រោះ​ឈ្មោះ​នេះ​ជាប់​សង្ស័យ​ដុត​ផ្ទះ​អ្នក​យាម​ដី​ ដែល​សាលា​ដំបូង​កំពុង​កោះ​ហៅ ៕​