រាជធានីភ្នំពេញ ៖ ហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ បានធ្វើឱ្យលោកទេស សារិន ជាគ្រូបង្ហាត់របស់គេមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីគេប្រកួតចាញ់ពិន្ទុ ពុទ្ធ ហ៊ុច មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន នៅវគ្គជម្រុះវិលជុំពានរង្វាន់ K-cement ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនៅលើសង្វៀនស្តាតចាស់កាលពីរសៀលថ្ងៃអាទិត្យ ទី៣០ មីនា ។
ជាមួយនឹងការទាត់ និងម៉ាត់ ព្រមទាំងបុកស្នៀតជង្គង់មិនសូវបានរហ័សតាំងពីនៅក្នុងទឹកទី១ របស់ ហេង វិឆ័យ គឺជាមូលហេតុដែលធ្វើឱ្យលោកទេស សារិន ដែលជាគ្រូបង្ហាត់របស់គេនោះមិនពេញចិត្តសោះឡើយ ។ ម្យ៉ាងរាល់ការព្យាយាមទាត់ចេញពីចម្ងាយរបស់គេរាល់លើក គឺតែងតែត្រូវបាន ពុទ្ធ ហុ៊ច វាយបកសងវិញ យ៉ាងចាស់ដៃទៀតផង ។ ហេង វិឆ័យ មានកម្លាំងខ្លាំងជាង ពុទ្ធ ហ៊ុច ឆ្ងាយណាស់ បុ៉ន្តែចលនានៃការវាយចេញរបស់គេមិនសូវល្អទាល់តែសោះ ។ គេបានព្យាយាមសម្រុកចូលកៀកដើម្បីវាយជង្គង់ដែរ បុ៉ន្តែ ពុទ្ធ ហ៊ុច មិនបណ្តោយឱ្យចូលកៀករូបគេបានដោយងាយនោះឡើយ ។ ពុទ្ធ ហ៊ុច តែងតែព្យាយាមដកថយពីការវាយលុករបស់ ហេង វិឆ័យ រហូត បុ៉ន្តែរាល់ការដកថយរបស់គេមិនមែនមានន័យថាគេខ្លាច ហេង វិឆ័យ នោះទេ គឺគេគ្រាន់តែងាកចេញបន្តិច ហើយក៏បានទាត់សងមកវិញភ្លាមៗ។
រាល់ការប្រើស្នៀតជើងទាត់ និងម៉ាត់ចេញរបស់ ពុទ្ធ ហុ៊ច គឺតែងទទួលបានផលល្អជានិច្ច ព្រោះថាគេអាចវាយចូលចំគោលដៅបានយ៉ាងល្អ ។ ទោះបីជាយ៉ាងណា ហេង វិឆ័យ នៅតែព្យាយាមដើរចូលយ៉ាងងងើលដើម្បីវាយទៅលើ ពុទ្ធ ហ៊ុច តែទីបំផុតគេវាយមិនបានល្អទាល់តែសោះ ។ លោកទេស សារិន បានស្តីបន្ទោស ហេង វិឆ័យ ជាប់រហូតដោយសារតែលោកមើលឃើញរាល់ការវាយ និងទាត់ចេញរបស់គេមានសភាពយឺតយ៉ាវបំផុត ធ្វើឱ្យគេត្រូវចាញ់ពិន្ទុ ពុទ្ធ ហ៊ុច យ៉ាងអាម៉ាស់ ។ ចំណែកគូប្រកួតមិត្តភាពវិញ កីឡាករជ័យ ស៊ីនេត មកពីក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ បានយកឈ្នះពិន្ទុកីឡាករអ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានឫទ្ធិ ។ កីឡាកររាជសីហ៍ បាបា មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀន យកឈ្នះកីឡាករហែល វ៉ា មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ដោយពិន្ទុ ។
កីឡាករជួង ទីតា មកពីក្លិបកងពលធំអន្តរាគមន៍លេខ៣ ព្រះវិហារ យកឈ្នះកីឡាករយ៉ាម រ៉េត មកពីក្លិបរស្មីកុមារកំព្រាដោយពិន្ទុ ។ កីឡាករសយ សី មកពីក្លិបពន្លឺវិបុលរិទ្ធី យកឈ្នះកីឡាករហង្ស រស្មី មកពីក្លិបក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយពិន្ទុ ។ កីឡាករសំខាន់ ពិសិដ្ឋ មកពីក្លិបរ៉ាហាប់ស្វាយប៉ាក បានវាយផ្តួលកីឡាករលី ដាវុធ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ឱ្យសន្លប់នៅក្នុងទឹកទី៣ ខណៈកីឡាករឆិល សុភី មកពីក្លិបអេភូថងកីឡា បានវាយផ្តួលកីឡាករសាលវ័ន្ត អាណាន់ មកពីក្លិបសាលវ័ន្តកីឡាឱ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៥ ៕
ចែករំលែកព័តមាននេះ