រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់លីអូបៀរលើកទី៣ ប្រចាំឆ្នាំ២០១៤ សម្រាប់មណ្ឌលរាជធានីភ្នំពេញ បានចាប់ផ្តើមហើយកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៤ នៅទីលានកីឡា Beeline Arena ជ្រោយចង្វា។ សម្រាប់ការប្រកួតថ្ងៃដំបូងនេះមាន៤ប្រកួត គឺពូលA ក្រុមសមាគមកីឡាបាល់ទះខេត្តកណ្តាល ជួបប្រកួតជាមួយក្រុមសមាគមនិស្សិត។
ពូលB ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ប្រកួតជាមួយក្រុមវិទ្យាល័យឫស្សីកែវ ។ ពូលC ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់វាលស្បូវ ប្រកួតជាមួយក្រុមវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ និងពូលD ក្លិបកីឡាបាល់ទះ LP ជួបប្រកួតជាមួយក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ ។ លោកបឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឱ្យដឹងថា ក្នុងចំណោម១២ក្រុមដែលបានចូលរួមនេះ គេជ្រើសរើសយកតែ២ក្រុមបុ៉ណ្ណោះដើម្បីឡើងទៅប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុមកីឡាករមកពីបណ្តាខេត្តផ្សេងទៀត ។
សម្រាប់ការប្រកួតនេះ គឺយើងមានបំណងជ្រើសរើសកីឡាករដែលមានសមត្ថភាពពិតប្រាកដដើម្បីត្រៀមខ្លួនចួលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះ។ លោកបន្តទៀតថា ចំពោះប្រាក់រង្វាន់ជ័យលាភីគឺក្រុមដែលជាប់ចំណាត់ថ្នាក់លេខ១ នឹងទទួលបាន៤៥០ដុល្លារ, ចំណាត់ថ្នាក់លេខ២ ទទួលបាន២៥០ដុល្លារ, ចំណាត់ថ្នាក់លេខ៣ ទទួលបាន២០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ ទទួលបាន១០០ដុល្លារ ។ ការប្រកួតនេះចែកចេញជា៤ពូល ក្នុងមួយពូលៗមាន៣ក្រុម ហើយពូលនីមួយៗត្រូវប្រកួតវិលជុំដើម្បីជម្រុះ១ក្រុមចេញយក២ក្រុមឡើងទៅលេងបន្តនៅវគ្គ៨ក្រុមចុងក្រោយ ។
សម្រាប់ពូលA មានសមាគមបាល់ទះខេត្តកណ្តាល, សមាគមនិស្សិត និងក្រុមកងអន្តរាគមន៍២១០ ។ ពូលB មានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង, វិទ្យាល័យឫស្សីកែវ និងអង្គការភាពញញឹមនៃកុមារ ។ ពូលC មានក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់វាលស្បូវ, វិទ្យាល័យហ៊ុន សែន បុ៊ន រ៉ានី ផ្សារដើមថ្កូវ និងវិទ្យាល័យជា ស៊ីម ជ្រោយចង្វា និងពូលD មានក្លិបបាល់ទះ LP, សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ និងក្រុមបាល់ទះវិហារសួគ៌ ។ តាមការគ្រោងទុកការប្រកួតដែលចាប់ផ្តើមពីថ្ងៃទី៣១ មីនា តទៅនេះ នឹងបញ្ចប់នៅថ្ងៃទី៥ ខែមេសា ហើយថ្ងៃចុងក្រោយនោះ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពរវាងក្រុមក្រសួងមហាផ្ទៃ និងក្រុមបញ្ជាការដ្ឋានអង្គរក្សផងដែរ ៕
ចែករំលែកព័តមាននេះ