ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯម​ វិចិត្រ​ ​បំបាក់​​រឿម​​ វណ្ណៈ​ លើ​​រេញ​បឹង​​ស្នោ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពីថ្ងៃ​អាទិត្យ​​ ទី​៣០ មីនា​ កីឡាករ​ឯម​ វិចិត្រ​ ជើង​ខ្លាំង​ប្រចាំ​ក្លិប​​ឫទ្ធិ​ពោធិ​សែន​ជ័យ​ បាន​បំបាក់​កីឡា​ករ​រឿម​ វណ្ណៈ​ ជើង​ខ្លាំង​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​យ៉ាងគួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​លើ​រេញទូរទស្សន៍​បាយ័ន​បឹង​ស្នោ ។​ ការ​ប្រកួត​រវាង​គូ​នេះ​ មុន​ឈាន​ដល់​លទ្ធ​ផល​មាន​សម្រែក​​​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង​ដោយ​សារតែ រឿម វណ្ណៈ​ ក៏​មិ​នអន់​នៅ​មុន​ពេល​​សន្លប់ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ កាល​ពីថ្ងៃ​អាទិត្យ​​ ទី​៣០ មីនា​ កីឡាករ​ឯម​ វិចិត្រ​ ជើង​ខ្លាំង​ប្រចាំ​ក្លិប​​ឫទ្ធិ​ពោធិ​សែន​ជ័យ​ បាន​បំបាក់​កីឡា​ករ​រឿម​ វណ្ណៈ​ ជើង​ខ្លាំង​មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​យ៉ាងគួរ​ឱ្យ​ភ្ញាក់​ផ្អើល​នៅ​លើ​រេញទូរទស្សន៍​បាយ័ន​បឹង​ស្នោ ។​ ការ​ប្រកួត​រវាង​គូ​នេះ​ មុន​ឈាន​ដល់​លទ្ធ​ផល​មាន​សម្រែក​​​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង​ដោយ​សារតែ រឿម វណ្ណៈ​ ក៏​មិ​នអន់​នៅ​មុន​ពេល​​សន្លប់ ។​

ដ្បិត​តែ​ទឹក​ទី​១​ កីឡាករ​ទាំង​ពីរ​ហាក់​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្ទាប​ស​្ទង់​សមត្ថភាព​គ្នា​ បុ៉ន្តែ​នៅ​ទឹក​ទី​២ ​និងទី​៣​ អ្នក​ណា​ក៏​ឃើញ​ដូច​គ្នា​ថា​ កីឡាករ​ទាំង​សង​ខាង​ស្ទុះស្ទា​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ទាក់​ទាញនូវ​ការគាំ​ទ្រ ។​ ក្នុង​២​ទឹក​ចុង​ក្រោយ​មុន​កំណត់​ចាញ់​ឈ្នះ​ កីឡាករ​បង្គោល​ក្រហម​ ឯម​ វិចិត្រ​ បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ឃើញ​កីឡាករ​បង្គោល​ខៀវ​ រឿម វណ្ណៈ​ បង្កើន​ថាម​ពល​ប្រយុទ្ធ​ដោយ​មិន​ព្រម​ចុះ​ញ៉ម ។​ ទាំង​ដៃ​ទាំង​ជើង​ និង​កែង​បក​ កីឡាករ​រឿម វណ្ណៈ​ មិន​ទុក​ឱ្យ​ទំនេរ​ចោល​ឡើយ​ ពោល​គឺ​ឱ្យ​តែ​មាន​ឱកាស​វាយ​ចេញ​ទាំង​អស់​ ដោយបាន​ទាំង​ធ្វើ​ឱ្យ​បង្គោល​ក្រហម​ ឯម​ វិចិត្រ​ បុក​ពោះ​ម្តង​ជា​ពីរដង​​ និង​ឈាន​ដល់​ទ័ល​ស្នៀត​ជា​ច្រើន​អន្លើ​ទៀត​ផង ។​ យ៉ាងណា​ក៏​ដោយ​ កីឡាករ​ឯម​ វិចិត្រ​ នៅតែ​មាន​​សំណាង​វាយ​ត្រូវ​កន្លែង​សំខាន់​ ហើយ​ទទួល​បាន​ជោគ​ជ័យ​ដដែល​ បន្ទាប់​ពី​ក្នុង​ទឹក​ទី​៣ គេ​បាន​ប្តូរ​ស្នៀត​វាយ​ធ្វើ​ឱ្យ​កីឡា​ករ​បង្គោល​ខៀវ​ រឿម វណ្ណៈ​ អស់​ស្នៀត​តវ៉ា ។​ កីឡា​ករ​រឿម វណ្ណៈ​ ត្រូវគេ​ឃើញ​អង្គុយ​ដួល​អុក​​គូទ​ភ្លាមៗ​ បន្ទាប់​ពីត្រូវ​បុ៉ន្មា​ន​ដៃ​យ៉ាង​សន្ធាប់​ពី​កីឡាករ​ឯម​ វិចិត្រ ។​

អុីចឹង​ហើយ​ទើប​ធ្វើ​ឱ្យ​ម្នាក់ៗ​​ភ្ញាក់​ផ្អើល​នៅ​ពេលដឹ​ង​ថា​ រឿម វណ្ណៈ​ ដែល​ជា​កីឡាករ​កំពុង​ឡើង​កូដ​​ មាន​សមត្ថភាព​ខ្ពស់ និង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​ បែរ​ជាត្រូវ​សន្លប់​ដោយ​ស្មាន​មិន​ដល់​ក្រោម​ដៃ​របស់​កីឡាករ​ឯម​ វិចិត្រ ។​ លទ្ធ​ផល​ដែល រឿម វណ្ណៈ​ ទទួល​បាន​នេះ​ត្រូវគេ​គិត​ដូច​គ្នា​ថា​ ជា​រឿង​ភ្លាត់​ស្នៀត បុ៉ន្តែ​ក៏​ជួយ​ឱ្យ​ ឯម​ វិចិត្រ​ ដែល​កាន់តែ​មាន​វ័យ​ច្រើន​ និង​ធ្លាប់​ធ្វើ​ឱ្យ​បាត់​ទំនុក​ចិត្ត​មួយ​ប្រាវ​មុន​​រំកិល​ខ្លួន​មក​កាន់​តំណែង​ដែល​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ភាគ​ច្រើន​ជឿ​ទុក​ចិត្ត​ពី​សមត្ថភាព​កាន់តែ​ខ្ពស់​ជាង​មុន​​ផង​ដែរ ។​ កីឡាករ​ឯម​ វិចិត្រ​ បាន​បង្ហាញអារម្មណ៍​រីក​រាយ​យ៉ាងខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ជា​ដៃ​គូ​ ខណៈ​ដែល រឿម វណ្ណៈ​ វិញ​ ដ្បិត​ថា​បាន​សន្លប់​មួយ​សន្ទុះ​រហូត​បណ្តាល​ឱ្យ​រាប់​ដល់​១០​ ក៏​គេ​ប្រឹង​ក្រោក​ឈរ​ដើម្បី​គេច​ចេញ​ពី​ការ​តម្រង់​ថតរបស់​កាមេរ៉ា​ដើម្បី​ការពារ​មុខ​មាត់ ។​

រឿម វណ្ណៈ​ មិន​និយាយ​ស្តី​អ្វី​មួយ​ម៉ាត់​ឡើយ​ បើ​ទោះ​ជា​មាន​ការ​សាកសួរ​ពី​មិត្ត​អ្នក​គាំទ្រ​ ពី​រឿង​ភ្លាត់​ស្នៀត​ដែល​នឹក​ស្មាន​មិន​ដល់​នោះ ។​ គាប់​ជួន​ជា​មាន​ការស្តី​បន្ទោស​តិច​តួច​ពី​អ្នក​ហែ​ហម​ រឿង​គេ​ចំហ​ល្វែង​លើ​បណ្តាល​ឱ្យ​ ឯម​ វិចិត្រ​ វាយ​ចូល​នោះ​ផង​ ទើប​រឹត​តែ​ធ្វើ​ឱ្យ​គេ​មិន​មាត់​ក​សូម្បី​មួយ​ម៉ាត់ ។​ សភាពដែល​ផ្ទុយ​ពី​ចរិត​រួសរាយ​រាក់ទាក់​របស់គេ​នា​ពេល​នោះ​ ត្រូវ​គេ​ឃើញ​ដូចគ្នា​ថា​ កើត​ចេញពី​ការ​ហួស​ចិត្ត​ដែល​រុញ​ឱ្យ​គេ​​សន្លប់​នៅ​ក្រោមដៃ​កីឡាករ​ឯម​ វិចិត្រ​ ដោយ​នឹក​ស្មាន​មិន​ដល់ ។​ ភាព​មិន​អស់​ចិត្ត​របស់ រឿម វណ្ណៈ​ នឹង​ត្រូវ​គណៈ​កម្មការ​រៀបចំ​ឱ្យ​​គេ​មាន​ឱកាស​ឡើង​ប្រកួត​សងសឹក​ឆាប់ៗ​ដើម្បី​​ចង់​ដឹង​ថា​ ប៉ះ​កីឡា​ករ​ឯម​ វិចិត្រ​ លើក​ក្រោយ​នៅតែ​ទទួល​លទ្ធ​ផល​ដដែល ឬ​ប្រែ​ប្រួល​ ។​

នៅ​លើ​សង្វៀន​នោះដែរ​ កីឡាករទី​ ចាក់ក្រី​ មក​ពី​ក្លិប​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក​ ចាញ់​កីឡា​ករ​ព្រឿង​ សុជាតិ​ មក​ពី​ក្លិប​ខេមរៈ​ភូមិន្ទ​ ក្នុង​ទឹកទី​៣ ។​ កីឡាករ​វីវ៉ា​ សាវ៉េត​ មក​ពី​ក្លិប​មហិទ្ធិ​ឫទ្ធិ​តា​ដំបង​ដែក​ វាយ​ឈ្នះ​កីឡាករ​ហេង​ វាសនា​ មក​ពី​ក្លិបព្រៃ​ទទឹង​បង្ក្រាបគ្រឿងញៀន​ខេត្តបាត់​ដំបង​ដោយ​ពិន្ទុ ។​ កីឡាករ​ស្រម៉ៃ​ សួន​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំ​ពេញ​ វាយ​កីឡាករ​ពេជ្រ​ ធារ៉ា​ មក​ពី​ក្លិប​អារុណ​រះ​កីឡាឱ្យ​សន្លប់​ក្នុងទឹក​ទី​២​ និង​កីឡាករ​​សល់​ អាម៉ា​ មក​ពី​ក្លិប​កុសល​កីឡា​ វាយ​ឈ្នះ​កីឡា​ករ​សុខ​ វិរៈ​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់​ដំបង ដោយ​ពិន្ទុ៕​