រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ការប្រកួតគូពានរង្វាន់របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ទៀតហើយ ដោយការប្រកួតដែលទើបបញ្ចប់នេះ គឺបង្គោលខៀវ ព្រឿង សុជាតិ បានវាយបំបាក់កីឡាករ ភួង ពិសិដ្ឋ ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២ ហើយដណ្ដើមបានកៅអី៨នាក់។ ការប្រកួតរបស់អ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់មហាជន ជាពិសេសនៅពេលដែលអ្នកទាំងពីរស្ទុះស្ទារវាយគ្នាទៅវិញទៅមក។

ការប្រកួតសម្រាប់សប្តាហ៍ថ្មីនេះ ឃើញថា នៅតែមានការប្រកួតទាក់ទាញជាធម្មតា ដោយមានការចូលរួមប្រយុទ្ធសុទ្ធតែគូឈ្នះជុំទី១ ខណៈដែលអ្នកមកចូលរួមទស្សនានៅតែពេញជុំវិញរេញ បើទោះមានភ្លៀងបង្អុរមករំខានក៏ដោយ។
សម្រាប់គូប្រកួតដែលមានឈ្មោះវាយដណ្តើមពានរង្វាន់នៅក្នុងថ្ងៃនោះ សុទ្ធតែបញ្ចេញកម្លាំងដាក់គ្នាបានល្អ ដោយទាំងកីឡាករអ្នកឈ្នះ និងអ្នកចាញ់សុទ្ធតែបើកឆាកប្រយុទ្ធដាក់គ្នាយ៉ាងយកចិត្តទុកដាក់ ដើម្បីមានឱកាសបានឡើងទៅវគ្គបន្ត។

នេះជាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯក TV5 KNOCK OUT SERIES By (k-Cement) ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមរដូវកាលទី៦ ក្នុងជុំទី២ អាទិត្យទី២។ គូប្រកួតពានកីឡាករ ភួង ពិសិដ្ឋ ក្លិបរាជសីហ៍ខេត្តរតនៈគិរី ប៉ះជាមួយកីឡាករ ព្រឿង សុជាតិ ក្លិបកងពលធំអន្តរាគមន៍លេខ២។
ហើយក្រោយបញ្ចប់ការប្រកួតយ៉ាងស្វិតស្វាញនេះ បង្គោលខៀវ បានបំបាក់បង្គោលក្រហម ឱ្យបោះបង់ការប្រកួតក្នុងទឹកទី២តែម្តង។ (កែសម្រួលដោយ ៖ បុប្ផា)









ចែករំលែកព័តមាននេះ