យុទ្ធនាការដណ្តើមយកពានជើងឯកក្នុងកម្មវិធី Miami Masters ជាលើកទី៤ របស់កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិច បានសម្រេចជាស្ថាពរហើយ ខណៈកាលពីថ្ងៃអាទិត្យ ទី៣០ មីនា គេបានបំបាក់កីឡាករអេស្ប៉ាញរ៉ាហ្វាអែល ណាដាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយលទ្ធផលពីរសិតទល់នឹងសូន្យគឺ៦-៣ និង៦-៣ ។
នេះជាលើកទី៤០ ហើយដែលកីឡាករយ៉ូកូវិច និងណាដាល់ ជួបគ្នានៅលើទីលានប្រកួតក្នុងអាជីពរបស់ពួកគេ ។ យ៉ាងណាក៏ដោយ ក្នុងចំនួននេះ ណាដាល់ ឈ្នះច្រើនជាងចាញ់គឺ២២លើកទល់នឹង១៨លើក យ៉ូកូវិច ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់ជ័យជម្នះលើកនេះគឺ យ៉ូកូវិច បានប្រើពេលតែ១ម៉ោង២៤នាទីប៉ុណ្ណោះ ។
ទោះជាយ៉ាងណា កីឡាករវ័យ២៦ឆ្នាំរូបនេះបានទទួលស្គាល់ថា ខ្លួនពិតជាជួបការលំបាកខ្លាំងអំឡុងពេលប្រកួត ។ ជាក់ស្តែង ក្នុងសិតបើកឆាក រូបគេត្រូវណាដាល់បំបាក់ក្នុងលទ្ធផល ២-៦ មុននឹងនាំមុខ៣-២នៅវគ្គបន្ទាប់ ។ សូមបញ្ជាក់ថា យ៉ូកូវិច ធ្លាប់បានយកឈ្នះពាននៅទីនេះចំនួន៣លើករួចមកហើយនៅឆ្នាំ២០០៧ ២០១១ និងឆ្នាំ២០១២ ។ ដូច្នេះជ័យជម្នះលើកនេះគឺជាលើកទី៤ ហើយ ។ បើគិតក្នុងអាជីពវិញគឺជាពានលើកទី៤៣ ខណៈសម្រាប់ឆ្នាំនេះគឺជាពានលើកទី២ ។
ថ្លែងបន្ទាប់ពីបញ្ចប់ការប្រកួត ៖ «ការប្រកួតរបស់ខ្ញុំពិតជាអស្ចារ្យខ្លាំងណាស់ ។ អ្វីៗគ្រប់យ៉ាងបានដំណើរការទៅយ៉ាងរលូន ។ ក្នុងពេលប្រកួត ខ្ញុំមិនបានផ្តល់ឱកាសឱ្យកីឡាករណាដាល់តដៃបាននោះឡើយ» ។ ជ័យជម្នះពានជើងឯកលើកនេះ យ៉ូកូវិច ទទួលបានប្រាក់រង្វាន់៧៨ម៉ឺន និង៧ពាន់ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ