កីឡាករអាល្លឺម៉ង់ John Degenkolb បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងបន្ទាប់ពីរូបគេយកឈ្នះពានជើងឯកប្រណាំងកង់ ដែលមានរយៈពេលមួយថ្ងៃ Gent-Wevelgem នៅប្រទេសបែលហ្ស៊ិក ។ ការប្រណាំងនេះត្រូវបានរៀបចំធ្វើនៅទីក្រុង Wevelgem កាលពីថ្ងៃអាទិត្យ ទី៣០ខែមីនា ។
Degenkolb ដែលជិះកង់ឱ្យក្រុម Team Giant-Shimano បានយកឈ្នះការប្រណាំងមានចម្ងាយផ្លូវ២៣៣គីឡូម៉ែត្រ ចេញដំណើរពីទីក្រុង Deinze ឆ្ពោះទៅក្រុង Wevelgem ប្រទេសបែលហ្ស៊ិក ដោយប្រើអស់ថិរវេលា៥ម៉ោង២៤នាទីនិង៣៧វិនាទីយកឈ្នះកីឡាករបារាំង Arnaud Demare ជិះឱ្យក្រុម FDJ.fr ដែលបានប្រើអស់ថិរវេលាច្រើនជាងស្មើជាមួយកីឡាករស្លូវ៉ាគី Peter Sagan ដែលជិះឱ្យក្រុម Cannondale ។
ថ្លែងបន្ទាប់ពីបញ្ចប់ការប្រណាំង Degenkolb បានបញ្ជាក់ថា ៖ «នេះជាជ័យជម្នះការប្រណាំង Classics ដ៏ធំមួយ ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ចំពោះពានលើកនេះ ។ វាជាជំហានបន្ទាប់ក្នុងអាជីពរបស់ខ្ញុំ ។ និយាយរួម វាពិតជាជ័យជម្នះដ៏ធំមួយសម្រាប់រដូវកាល២០១៤ នេះ» ។ គួរកត់សម្គាល់ថា វាជាលើកទីមួយហើយដែល Degenkolb យកឈ្នះពានជើងឯក Gent-Wevelgem ៕
ចែករំលែកព័តមាននេះ