ខេត្តស្វាយរៀង ៖នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រាល ស្នងការនគរបាលខេត្ត សហការជាមួយនគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែងកាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី៣០ មីនា ២០១៤ បានចុះបង្ក្រាបឃាត់ខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៤នាក់ គាស់បានកាំភ្លើងចំនួន៣ដើមកប់ក្នុងដីនៅចំណុចភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
បើតាមលោកវរសេនីយ៍ទោ កុយ សុភាព នាយការិយាល័យកម្រិតធ្ងន់ស្នងការនគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ជាមុខសញ្ញាដែលធ្វើសកម្មភាពប្លន់កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១ មករា ២០១៤ នៅភូមិពោនកក ឃុំឈើទាល ស្រុកស្វាយជ្រំ ។
លោកនាយការិយាល័យកម្រិតធ្ងន់បានបន្តទៀតថា អាវុធចំនួន៣ដើមដែលសមត្ថកិច្ចដកហូតបាន មានកាំភ្លើងAK47 ស្វាយបត់១ដើមលេខ៣៦១១ បង់ចំនួន១ និងគ្រាប់៩គ្រាប់, កាំភ្លើងAK47 កាត់ស្វាយ១ដើមលេខ៥៩៤១ បង់១ គ្មានគ្រាប់ និងកាំភ្លើងខ្លីK54 ចំនួន១ដើម លេខ៦២២ បង់១ និងគ្រាប់៤គ្រាប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងអាវុធទាំង៣ដើមនេះ ត្រូវនគរបាលការិយាល័យកម្រិតធ្ងន់កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តស្វាយរៀងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ