ខេត្តបាត់ដំបង ៖ មន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់ កាលពីថ្ងៃទី២៨ មីនា បានស្ម័គ្រចិត្តចុះជួយព្យាបាលជំងឺមាត់ធ្មេញដល់កុមារកំព្រា និងប្រជាពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ ក្រោមកិច្ចសហការជាមួយអង្គការក្រៅរដ្ឋាភិបាល Cambodia Children Trust ។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារកែវមុន្នី ខេត្តបាត់ដំបង រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៨-៣០ មីនា ដោយមានការចូលរួមពីក្រុមទន្តពេទ្យ និងបុគ្គលិកស្ម័គ្រចិត្តចំនួួន១៥នាក់ និងមានអ្នកជំងឺចូលព្យាបាលចំនួន២០០នាក់ ។
គួររំឭកថា ចាប់តាំងពីឆ្នាំ២០០៧ មក បុគ្គលិកមន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់ បានចំណាយពេលវេលា និងវិជ្ជាជីវៈរបស់ខ្លួនដើម្បីផ្តល់សេវាព្យាបាលធ្មេញដល់កុមារ និងប្រជាពលរដ្ឋទីទ័លក្រជាច្រើនដោយមិនយកប្រាក់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ក្រុមទន្តពេទ្យ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ បានសហការគ្នាក្រោមបេសកកម្មគ្លីនិកចល័តរបស់រំចង់ ចុះទៅដល់ខេត្តព្រះសីហនុ កំពង់ស្ពឺ កំពង់ចាម និងខេត្តដទៃៗទៀតដើម្បីព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ រួមទាំងកុមារចាប់ពី១០០នាក់ទៅ២០០នាក់ក្នុងមួយថ្ងៃ ។
ក្នុងដំណើរទៅកាន់បណ្តាខេត្តនានាទាំងនោះ បុគ្គលិករំចង់បានផ្តល់សេវាព្យាបាលធ្មេញដូចជា ការសម្អាតធ្មេញ ការវះកាត់ ដកថ្គាមទាល់ ការដាក់ និងការប៉ះធ្មេញជាដើម សម្រាប់អ្នកជំងឺដែលទន្តពេទ្យពិនិត្យឃើញថា ពួកគាត់មានបញ្ហាមាត់ធ្មេញត្រូវព្យាបាល ជាជាងទុកឱ្យពលរដ្ឋបន្តប្រឈមនូវបញ្ហាទាំងនោះ ព្រោះធម្មតាពលរដ្ឋកម្រទៅរកសេវាព្យាបាលធ្មេញណាស់ ហើយគោលដៅសំខាន់របស់ក្រុមការងាររំចង់ គឺផ្តោតខ្លាំងទៅលើសុខភាពមាត់ធ្មេញរបស់កុមារ ។
លោកទន្តបណ្ឌិតទិត ហុងយឺ មានប្រសាសន៍ថា កន្លងមកយើងបានផ្តល់ការអប់រំសុខភាពមាត់ធ្មេញដល់កុមារជាច្រើនរយនាក់នៅក្នុងប្រទេសកម្ពុជា ហើយមន្ទីរពេទ្យតែងតែផ្តល់ឱកាសដល់និស្សិតទន្តពេទ្យឆ្នាំបញ្ចប់ការសិក្សាឱ្យចូលរួមដំណើរបេសកកម្មជាមួយបុគ្គលិករំចង់ ដើម្បីផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់និស្សិតទន្តពេទ្យ ក៏ដូចជាបង្កើនលទ្ធភាពផ្តល់សេវាព្យាបាលដល់ទីជនបទផងដែរ។ លោកបញ្ជាក់ថា ក្នុងពេលនេះនិស្សិតទន្តពេទ្យដែលបានចុះធ្វើការដោយស្ម័គ្រចិត្តជាមួយរំចង់ នឹងទទួលបានចំណេះដឹង និងការអនុវត្តជាក់ស្តែងក្រោមការគ្រប់គ្រង និងដំបូន្មានល្អៗពីទន្តពេទ្យរបស់យើងទាក់ទងទៅនឹងការអនុវត្តជាក់ស្តែងរបស់និស្សិតទន្តពេទ្យទាំងនោះផងដែរ។
ចំពោះកម្មវិធីស្ម័គ្រចិត្តនេះ ក៏ជាការអនុវត្តមួយរបស់មន្ទីរពេទ្យទន្តសាស្ត្រ និងសម្ផស្សរំចង់ ក្នុងការបំពេញតាមគោលដៅរបស់មន្ទីរពេទ្យ គឺចង់ឱ្យមានការពង្រឹងគុណភាពលើការបណ្តុះបណ្តាល និងសេវាព្យាបាលធ្មេញឱ្យកាន់តែប្រសើរឡើងថែមទៀតនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ