ថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារវិបត្តិនយោបាយនៅប្រទេសអ៊ុយក្រែន និងវិបត្តិបូរណភាពទឹកដីនៅតំបន់គ្រីមេ (Crimea) ដែលជាតំបន់រដ្ឋស្វយ័តរបស់អ៊ុយក្រែន ។ នៅថ្ងៃទី២២ ខែកុម្ភៈ កន្លងទៅនេះ ក្រុមបក្សប្រឆាំងប្រទេសអ៊ុយក្រែន បានប្រមូលតំណាងរាស្ដ្រលើសពី ២ភាគ៣ បោះឆ្នោតទម្លាក់លោកប្រធានាធិបតី Viktor Yanukovick ពីតំណែង បន្ទាប់ពីរូបលោករត់ចេញពីទីក្រុងគៀវ ។
ព្រឹត្តិការណ៍នេះ បានញ៉ាំងឲ្យប្រទេសរុស្ស៊ីចាប់ផ្ដើមធ្វើការគាបសង្កត់ដោយប្រើប្រាស់កងកម្លាំងយោធា ដែលមាននៅទីនោះស្រាប់នៅទីក្រុងសេវាស្ដូប៉ូល(Seveastopol) ជាកំពង់ផែចំណតនាវាចម្បាំងរបស់រុស្ស៊ីផងដែរ ដែលមានទីតាំងនៅទីនោះ។ កងកម្លាំងទ័ពរុស្ស៊ីនៅក្រាយមៀបានដណ្ដើមយកវិមានរដ្ឋាភិបាល និងវិមានសភាតំណាងរាស្រ្ដ។ នៅចុងខែកុម្ភៈ សភាក្រាយមៀបានតែងតាំង លោក Sergei Aksyonov ជានាយករដ្ឋមន្រ្ដី។ រូបលោកនេះឯងបានរៀបចំកម្លាំងប៉ូលិស និងយោធាថ្មីទាំងអស់។ នៅថ្ងៃទី១៦ ខែមីនា ប្រជាពលរដ្ឋនៅតំបន់ស្វយ័តគ្រីមេ បានបោះឆ្នោតប្រជាមតិសម្រេចផ្ដាច់ខ្លួនចេញពីអធិបតេយ្យរបស់អ៊ុយក្រែនដើម្បីភ្ជាប់តំបន់ស្វយ័តនេះទៅនៅក្រោមអធិបតេយ្យរបស់រុស្ស៊ីវិញ។
រឿងរ៉ាវនៅប្រទេសអ៊ុយក្រែន និងតំបន់ស្វយ័តក្រាយមៀ បានកញ្ឆក់អារម្មណ៍ពិភពលោកតាមរយៈទំព័រកាសែត និងទូរទស្សន៍អន្ដរជាតិគ្រប់ទីកន្លែង ។ ម្យ៉ាងវិញទៀត វិបត្តិនេះបានឈានដល់ការប្រឈមមុខគ្នារវាងរុស្ស៊ី ដែលជាមហាអំណាចបរមាណូ និងជាមហាអំណាចសេដ្ឋកិច្ចនៅលោកខាងកើត និងសហរដ្ឋអាមេរិកដែលជាមេដឹកនាំកម្លាំងយោធាអូតង់ (OTAN ឬ NATO) រួមទាំងការប្រឈមមុខជាមួយសហភាពអឺរ៉ុបផងដែរ។ ដោយទ្បែកនៅកម្ពុជា បក្សប្រឆាំងតាមរយៈបទវិភាគរបស់ខ្លួន បានភ្ជាប់រឿងរ៉ាវនេះទៅនឹង ប្រធានបទយ៉ាងនេះថា «តើជម្លោះនៅតំបន់គ្រីមេ អាចជាបទពិសោធន៍សម្រាប់រដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាឬទេ? » ។ ឆ្លើយតបទៅនឹងបទវិភាគ ដែលពុំបានផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ដ យើងយល់ថា បក្សប្រឆាំងមិនបានយល់ច្បាស់អំពីព្រឹតិ្ដការណ៍នយោបាយ និងភូមិសាស្ដ្រនៃតំបន់នោះ ហើយខិតខំ លើកយកមកប្រៀបធៀបជាមួយព្រឹត្តិការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា ។ ក្នុងន័យនេះហើយ ដែលចាំបាច់ឲ្យយើងធ្វើការលើកបង្ហាញ ដើម្បីជៀសវាងការយល់ច្រឡំពីសំណាក់បងប្អូនជនរួមជាតិខ្មែរដែលមានខ្លឹមសារដូចខាងក្រោម ៖
ទី១៖ ប្រវត្តិសាស្ដ្របានបង្ហាញថា ភូមិភាគគ្រីមេ ម្ដងស្ថិតក្រោមអធិបតេយ្យរបស់រុស្ស៊ី នៅក្រោមសហភាពសូវៀត អស់រយៈពេលជាង២០០ឆ្នាំមកហើយ។ នៅឆ្នាំ១៩៥៤ គណៈដឹកនាំជាន់ខ្ពស់សូវៀត បានផ្ទេរគ្រីមេឲ្យស្ថិតនៅក្រោមអធិបតេយ្យរបស់អ៊ុយក្រែន។ ក្រោយមក នៅឆ្នាំ១៩៩១ បន្ទាប់ពីសហភាពសូវៀតត្រូវបានដួលរលំ ប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស បានឯកភាពរៀបចំធ្វើកិច្ចព្រមព្រៀងរួមគ្នាមួយដើម្បីឲ្យប្រទេសអ៊ុយក្រែនទទួលបាននូវឯករាជ្យបរិបូរណ៍ និងឲ្យភូមិភាគក្រាយមៀស្ថិតនៅក្រោមអធិបតេយ្យរបស់អ៊ុយក្រែន។
ទី២៖ ដោយហេតុថា ប្រទេសអ៊ុយក្រែនកាលពីនៅក្រោមអធិបតេយ្យរបស់សហភាពសូវៀតនោះ ជាសាធារណរដ្ឋមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាជាប្រទេសលេខ៣ ខាងផលិតគ្រាប់បែកបរមាណូ ។ ប៉ុន្ដែក្រោយពីសហភាពសូវៀតដួលរលំ មហាអំណាចទាំងអស់មិនចង់ឲ្យមានប្រទេសមួយទៀត ក្លាយទៅជាមហាអំណាចបរមាណូទី៦ នោះទេ។ ដូចនេះ កិច្ចព្រមព្រៀងឆ្នាំ១៩៩៤ ត្រូវទទួលស្គាល់ឯករាជ្យពេញលេញរបស់អ៊ុយក្រែន តម្រូវឲ្យប្រទេសអ៊ុយក្រែនបំផ្លាញចោលឲ្យអស់នូវគ្រាប់បែកបរមាណូរបស់ខ្លួនដែលមាន។ បន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រទេសអ៊ុយក្រែនបានបញ្ជូនគ្រាប់បែកទាំងអស់ ប្រមាណ ១៩០០គ្រាប់ ប្រគល់ឲ្យប្រទេសរុស្ស៊ីកម្ទេចចោលទាំងស្រុង។
ទី៣៖ បើពិនិត្យអំពីសភាពការណ៍នៃការចាកចេញនៃជនជាតិរុស្ស៊ី តាំងពីដើមមក ពិសេសជំនាន់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន ស្ថិតក្រោមអធិបតេយ្យរបស់សហភាពសូវៀតនោះ បានចាកចេញជាច្រើនម៉ឺនសែននាក់ ទៅនៅជ្រកកោនប្រទេសនានា (ហើយបានក្លាយទៅជាប្រជាពលរដ្ឋយ៉ាងស្របច្បាប់របស់ប្រទេសទាំងនោះ)។ ឧទារហណ៍ បច្ចុប្បន្ននៅប្រទេសអ៊ុយក្រែនមានជនជាតិរុស្ស៊ីចំនួនជាង ៨លាននាក់ ប្រទេសអ៊ីស្រាអែល ១លាននាក់។ល។ ដោយឡែក នៅតំបន់ស្វយ័តក្រាយមៀ មានជាជនជាតិរុស្ស៊ីចំនួនភាគច្រើនដាច់ខាតលើសពី ៥៨% (ឬជាង ១លាននាក់ក្នុងចំណោមតំបន់ក្រាយមៀ ដែលមានប្រជាជនតែ២លាននាក់ប៉ុណ្ណោះ) ។
ដូច្នេះ ការរៀបរាប់ខាងលើនេះ បើយកមកឆ្លុះបញ្ចាំងសភាពការណ៍នៅកម្ពុជានោះ គឺខុសទាំងស្រុងតែម្ដង។ បក្សប្រឆាំងតែងលើកឡើងដោយភ្ជាប់ជនជាតិវៀតណាម ដែលបានមករស់នៅមួយចំនួននៅកម្ពុជាជាត្រីមុខក្នុងរបរនយោបាយរបស់ខ្លួន។ តាមធាតុពិតនេះ គ្រាន់តែជាលេសរបស់បក្សប្រឆាំងដើម្បីលេងល្បែងនយោបាយប្រជាភិថុតិ ក្នុងន័យបញ្ឆេះកំហឹងជាតិសាសន៍ ដើម្បីបម្រើឲ្យមហិច្ឆតាស្រេកឃ្លានអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ ព្រោះថា ជនជាតិវៀតណាមដែលរស់នៅកម្ពុជាទាំងនោះ ដែលមានសែស្រឡាយជាវៀតណាម តែទម្លាប់ ប្រពៃណីរបស់ពួកគេជាពលរដ្ឋខ្មែរទៅហើយ ដូចអនិកជនខ្មែររាប់ម៉ឺនរាប់សែននាក់ ដែលភៀសខ្លួនពីកម្ពុជា តាំងពីឆ្នាំ១៩៧៥ ទៅរស់នៅប្រទេសបារាំង សហរដ្ឋអាមេរិក អូស្ដ្រាលី កាណាដា។ល។ គេបានក្លាយខ្លួនជាប្រជាពលរដ្ឋរបស់ប្រទេសនោះទៅហើយ។
ក្នុងន័យដែលបក្សប្រឆាំងថា ខ្លួនភ័យបារម្ភចំពោះជនជាតិវៀតណាមដែលមានសញ្ជាតិខ្មែរ រស់នៅលើទឹកដីកម្ពុជានោះ គឺជនជាតិវៀតណាមទាំងនោះ មិនអាចលើកគ្នាទាមទារធ្វើប្រជាមតិដូចនៅគ្រីមេខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជាបានឡើយ។ ម្យ៉ាងវិញទៀតព្រឹត្តិការណ៍នៃការបោះឆ្នោតកន្លងទៅ ដែលបានរៀបចំទ្បើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋកម្ពុជា ១០០% បានសម្ដែងឆន្ទៈរៀងៗខ្លួន បោះឆ្នោតសម្រេចជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីការពារសុខុមាលភាព និងសុខដុមរមនា ពិសេសសន្ដិភាព និងស្ថេរភាពសង្គម។ នៅគ្រីមេ ការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅនេះ បានបង្ហាញថា រដ្ឋបាល តំណាងរាស្ដ្រ និងប្រជាជនរបស់គ្រីមេដែលចេញទៅបោះឆ្នោតចំនួន ៨៣% បានសម្ដែងមតិ៩៦,៧% ដើម្បីភ្ជាប់ខ្លួនទៅនឹងអធិបតេយ្យរបស់រុស្ស៊ី។
ដូច្នេះ គេត្រូវយល់ថា ដើមចមនៃការបំបែកភូមិភាគក្រាយមៀ គឺមកពីប្រជាជនអ៊ុយក្រែន និងតំណាងរាស្ដ្រជាង ២ភាគ៣ របស់ប្រទេសអ៊ុយក្រែនបានបោះឆ្នោតទម្លាក់លោកប្រធានាធិបតី Viktor Yanukovick ។ នៅឆ្នាំ២០១០ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបានប្រព្រឹត្តិទៅដោយមានកម្លាំងប៉ូលពីរប្រទាញគ្នាគឺ កម្លាំងប្រជាពលរដ្ឋដែលនិយាយភាសារុស្ស៊ី នៅភូមិភាគខាងកើតគាំទ្រលោក Yanukovick និងប្រមាណពាក់កណ្ដាលទៀត នៅភូមិភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដែលនិយាយភាសាអ៊ុយក្រែន និងមានទំនោរទៅសហគមន៍អឺរ៉ុប ដែលបានបោះឆ្នោតឲ្យលោកស្រី Yulia Tymoshinko ។ លទ្ធផលនៃការបោះឆ្នោតកាលនោះ លោកស្រី Tymoshinko ទទួលបានប្រមាណជាង ៤៩% និងលោក Yanukovick បានប្រមាណជាង ៥០% ប៉ុណ្ណោះ។ គណបក្សរបស់លោក Yanukovick ជាអ្នកនិយមប៉ូលរុស៊្សី ត្រូវការរំពឹងលើសេដ្ឋកិច្ច នឹងពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី។ រីឯគណបក្សសម្ព័ន្ធរបស់លោកស្រី Tymoshinko ជាក្រុមដែលនិយមលោកខាងលិច ហើយខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឲ្យប្រទេសអ៊ុយក្រែន ចូលជាសមាជិកក្នុងសហគមន៍អឺរ៉ុប។
ជាសរុប ការប្រៀបធៀបស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជា ទៅនឹងស្ថានភាពនយោបាយ សេដ្ឋកិច្ច ភូមិសាស្ដ្រ និងប្រវត្តិសាស្ដ្ររបស់ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន និងតំបន់ស្វយ័តគ្រីមេ គឺផ្ទុយស្រឡះ។ យើងយល់ថា បក្សប្រឆាំងក្ដី អ្នកតាំងខ្លួនជាអ្នកវិភាគឯករាជ្យក្ដី សង្គមស៊ីវិលក្ដី គួរខិតខំស្រាវជ្រាវស្វែងយល់ឲ្យច្បាស់អំពីស្ថានភាពនយោបាយ ព្រឹត្តិការណ៍ពិត ដែលប្រទេសនានាបានជួបប្រទះ ដូចកាលបក្សប្រឆាំងបានយកបដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់មកប្រៀបធៀបសភាពការណ៍កម្ពុជា ដើម្បីធ្វើវិទ្ធង្សនា ប្រជាភិថុតិ អុចអាល បំផុសបំផុល បំបះបំបោរសភាពការណ៍ដែលកំពុងស្ងប់ស្ងាត់នៅកម្ពុជាឲ្យផ្ទុះឡើងតែប៉ុណ្ណោះ។
ក្នុងន័យនេះ ក្នុងឋានៈខ្លួនជាគណបក្សចាញ់ឆ្នោតត្រូវចេះសម្របស្រួលជាមួយគណបក្សឈ្នះឆ្នោត ជាជាងចំណាយពេលឥតប្រយោជន៍យករឿងរ៉ាវប្រទេសគេ មកប្រៀបធៀបប្រទេស របស់ខ្លួនក្នុងការកេងចំណេញផ្នែកនយោបាយតទៅទៀត ៕
ចែករំលែកព័តមាននេះ