ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​​មុខ​រាជ​ដំណាក់ អាជ្ញាធរ​​ប្រកាស​​ជា​ផ្លូវការ​​ថា គ្មាន​​ផែនការ​​កា.ប់​ទេ សូម​កុំ​ឱ្យ​​មានការ​​ព្រួ​យ​បា​រ​ម្ភ

11 ឆ្នាំ មុន

ខេត្ត​សៀម​រាប​​ ៖​​​ មន្ត្រីអាជ្ញាធរ​ខេត្ត​​បាន​អះអាង​​សា​ជាថ្មី​​ថា​ «គម្រោង​ស្ថាប​នា​​ស្ពាន​ថ្ម​ថ្មី​និង​ពង្រីក​​​ផ្លូវ​ចេញ​​​ពីរង្វង់មូល​​​​ព្រះ​រាជ​ដំណាក់​​ទៅ​កាន់​​ស្ដុប​តុលា​កា​រ​ចាស់​»​ មិន​បាន​ប៉ះពាល់​​ដល់​ដើម​ឈើ​​ធំ​ៗទាំង​ស្រុង​​​ទេ​ គឺមាន​តែ​បួន​ដើម​ប៉ុណ្ណោះ​ ដែល​ត្រូវ​ពិចារណា​​​កា.ប់​ចោលឬបែប​ណា ?

ខេត្ត​សៀម​រាប​​ ៖​​​ មន្ត្រីអាជ្ញាធរ​ខេត្ត​​បាន​អះអាង​​សា​ជាថ្មី​​ថា​ «គម្រោង​ស្ថាប​នា​​ស្ពាន​ថ្ម​ថ្មី​និង​ពង្រីក​​​ផ្លូវ​ចេញ​​​ពីរង្វង់មូល​​​​ព្រះ​រាជ​ដំណាក់​​ទៅ​កាន់​​ស្ដុប​តុលា​កា​រ​ចាស់​»​ មិន​បាន​ប៉ះពាល់​​ដល់​ដើម​ឈើ​​ធំ​ៗទាំង​ស្រុង​​​ទេ​ គឺមាន​តែ​បួន​ដើម​ប៉ុណ្ណោះ​ ដែល​ត្រូវ​ពិចារណា​​​កាប់​ចោលឬបែប​ណា ?​ការ​បក​​ស្រាយ​​សា​ជា​ថ្មីនេះ ​ធ្វើ​ឡើង​​នៅក្នុង​សន្និសីទ​​សារ​ព័ត៌​មាន​​រួម​គ្នា​មួយ​រវាងមន្ត្រី​សាលា​ខេត្ត​​​សៀម​រាប​​ជាមួយ​​​មន្ត្រី​​ម​ន្ទីរ​សាធារណការ​​និង​ដឹក​ជញ្ជូន​​​​ខេត្ត កាល​ពី​ល្ងាច​ថ្ងៃទី​​២៨ មីនា ​នៅសាលប្រជុំ​​​លេខ​​២​ នៃ​អគារ​សាលា​ខេត្ត​​ បន្ទាប់​​ពី​​សារ​​​​​​​​​ព័ត៌មាន​​កោះស​ន្ដិ​ភាព​និង​គេហ​ទំព័រ​បាន​ចេញ​ផ្សាយ​អត្ថបទ​​មួយ​មាន​ចំណង​ជើង​ថា ​«​ដើម​​ឈើ​ទាល​ធំ​ៗ​​​​​​​​រាប់សិប​ដើម​នៅអមសង​ខាង​​​ផ្លូវអាស្រមព្រះ​​​អង្គចេក​ព្រះអង្គ​ចម​​​​​​​​ កំពុង​​ប្រឈម​​នឹង​​ការ​កាប់​បំផ្លាញ​ក្រោម​ហេតុ​ផល​​ពង្រីក​​ផ្លូវ​»។

អត្ថ​បទ​​ចុះ​ផ្សាយប្រកប​​​​ទៅ​ដោយ​វិជ្ជា​ជីវៈ​ និង​ក្រម​សីល​ធម៌​​​​​​ បាន​ផ្អែក​ទៅ​តាម​​​ខ្លឹមសារ​​នៃ​បទ​សម្ភាសន៍​មួយ​​​ដែលមាន​ទាំង​ថត​ជា​សំឡេង​​​ត្រឹម​ត្រូវ​ជាមួយប្រធានមន្ទីរ​​សាធា​រណ​ការ​​ និង​ដឹក​ជញ្ជូន​ខេត្ត​គឺ​​លោក​ គឹម​ ប៉ុណ្ណា​ ទាក់​​ទិន​​នឹង​ផែន​ការ​អភិវឌ្ឍន៍​​​​​ហេដ្ឋារចនា​សម្ព័ន្ធ​​ស្ពានថ្នល់​​ខាង​លើ​​ ​។ ​​ក្នុង​បទសម្ភាសន៍​​នោះ​​មាន​ការ​​​បង្ហើប​ថា​​ ដើម​ឈើ​មួយចំនួន​ក្នុង​ចំណោម​​ដើម​​ឈើ​ទាំង​អស់ដុះ​​នៅលើ​គម្រោង​​​​ផ្លូវ​នោះ​ទាម​​ទារ​ការ​​​​កាប់​ចោល​ ​​។ ​​ការ​ផ្សាយ​ដូច​​បាន​នាំ​ពាក្យ​នេះ​​​វា​បាន​ក្លាយ​ទៅជា​ដំណឹង​ដ៏ក្ដៅ​​គគុក​និង​​​រសើប​​បំ​ផុត​មួយ​នៅ​តាម​បណ្ដា​​ញ​​ផ្សព្វ​ផ្សាយ​សង្គម​​(ហ្វេស​​ប៊ុក​​)​​ខណ​ៈ​​គេបាន​​ឃើញ​ដើម​ឈើ​​ជា​ច្រើន​ដើម​​នៅមុខ​​​អូតែលសុខាបាន​​បាត់​​ស្រមោល​រួច​​​​ទៅ​​ហើយ​នោះ ។ ថ្លែង​នៅ​ក្នុងសន្និសីទ​សារ​ព័ត៌​មាន​​នោះ​​ប្រធាន​មន្ទីរ​សាធារ​ណ​ការ​ និង​ដឹក​ជញ្ជូន​​ខេត្ត​​លោក ​គឹម ប៉ុណ្ណា​បាន​អះអាង​ថា ​អត្ថ​បទ​ចុះ​ផ្សាយ​​​​​​​​​រួចមក​ហើយ​នោះ​មាន​ឥទ្ធិ​ពល​ខ្លាំង​ណាស់​និង​អា​ចនាំ​ទៅ​ដល់ការ​​យល់ច្រឡំ​ថា​មាន​ការ​កាប់​​ដើម​​ឈើ​ធំ​ៗ​​ទាំង​នោះ​ចោល​ដើម្បីយក​ដី​ស្ថាប​នា​ផ្លូវ​​ ​។​ ​តាម​ពិត​គម្រោង​នោះ​​មិន​បាន​ប៉ះ​ពាល់​​​ដើម​ឈើ​ទាំង​អស់​ទេ​ ​គឺមាន​តែ​​បួន​ដើម​ប៉ុណ្ណោះ​​​​​ដែល​ត្រូវប្រឈម​នឹង​​​ការ​កាប់​ ព្រោះ​ដុះ​​​នៅ​លើ​ទីតាំង​ដែល​ត្រូវ​ពង្រីក​ផ្លូវ​​ ។ ​លោក​បន្ត​ថា ដើម​ឈើ​​​​ទាំង​៤​ដើម​នោះ ពី​រ​ដើម​​​​ជា​ប្រភេទ​​ដើម​អម្ពិល​​​​បារាំងដុះ​​នៅជាប់​ស្ដុប​តុលាការ​ចាស់ និង​ពីរ​​ដើម​​​​ទៀត​ជាប្រភេទ​​ដើម​ដូង និង​ដើម​ធ្នង់​ នៅម្ដុំ​​មណ្ឌល​ផ្ដល់​ព័ត៌មាន​​​ទេស​ចរណ៍​​ ។

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ដូច​នៅ​ក្នុង​បទ​​សម្ភាសន៍​​នៅមុន​ពេល​​ចុះ​ផ្សាយ​​ថា «គម្រោង​​​ហ្នឹង​គឺ​ជា​​យុទ្ធ​​សាស្ត្រ​​​​​​​​​​បញ្ចៀស​ការ​កកស្ទះ​​ចរាចរណ៍​ដែល​កំពុង​​​កើត​មាន​​​នៅលើ​កំណាត់​ផ្លូវ​សំខាន់ៗ​​ចំនួន​ពីរ​​រួម​មាន កំណាត់​ផ្លូវ​ជាតិ​លេខ​​​៦ ចាប់​ពី​ស្ដុប​កោះកេរិ៍្ត​ ដល់​ស្ពានថ្ម​​​​​ចាស់មុខ​ព្រះរាជ​ដំណាក់ និង​កំណាត់​ផ្លូ​វ​វត្ត​បូព៌ ​​​​​ ។ បើ​​​តាម​គំនូស​​​​ប្លង់ស្ពាន​​​ថ្មីគឺ​​ត្រូវ​​បាន​ស​ង់​នៅ​ប៉ែក​ខាង​​ជើង​ស្ពាន​ថ្ម​ព្រះរាជ​ដំណាក់​​​ចាស់​ ដោយ​ទាម​ទារ​​ឱ្យមានការ​ពង្រីក​​​ផ្លូវ​ឆ្លង​កាត់​​​អាស្រម​ព្រះអង្គ​ចេក​​ ព្រះអង្គ​ចម​ ​​​ឆ្ពោះ​ទៅកាន់​ស្ដុប​​សុខា​អូតែល​(ស្ដុបតុលាការ​ចាស់ ) ។ សូមបញ្ជាក់​​​​ថា កំណាត់​ផ្លូវ​ដែល​មាន​គម្រោង​​​​ពង្រីក​នេះមាន​ប្រវែង​ប្រមាណ​​​៤០០​ម៉ែត្រ ចាប់​ពី​រង្វង់មូល​​​​ព្រះ​រាជ​ដំណាក់​ ឆ្លង​កាត់​​អាស្រម​​​លោកយាយទេព និង​ព្រះអង្គ​ចេក​ ព្រះអង្គចម​ ​រហូត​ទៅ​ដល់​​ស្ដុប​តុលាកា​រ​​ចាស់​​​​ដែល​មាន​ដើម​​​ឈើដុះ​​អម​សង​ខាង​​​ផ្លូវ​យ៉ាង​តិច​​​៣៥​ដើម​ ​​​​​​​​​​​​​​​​​​​​​​បន្សល់​​ទុក​តាំង​ពី​សម័យ​អាណានិ​គម​បា​រាំង​​​មក​ម្លេ៉ះ​ដោយបានផ្ដល់ម្លប់​ត្រឈឹង​ត្រឈៃ​​និងកា្លាយ​ទៅជាគម្រប​​​ពណ៌បៃតង​​សម្រាប់​​ទី​ក្រុង​​​ទេស​ចរណ៍​ដ៏បុរាណ​នេះ​​ ។

​លោកប្រធានមន្ទីរបាន​បញ្ជាក់​ពីគម្រោង​​ផ្លូវ​នោះ​យ៉ាង​ដូច្នេះ​ថា «​ផ្លូវ​ដែល​ត្រូវ​​ពង្រីក​​ត្រូវ​បាន​​អនុវត្ត​ជា​​​ពីរ​ដំណាក់​កាល​ ដោយ​ដំណាក់កាល​ទី​​១​ចាប់​ពីរង្វង់មូល​​ព្រះ​រាជ​ដំណាក់​​ទៅ​ដល់​ផ្លូវ​​កាត់​ទទឹង​ក្បែរមណ្ឌល​​ផ្ដល់​ព័ត៌មាន​ទេស​ចរណ៍​​ គឺ​យក​​ផ្នែកខ្លះ​នៃសួន​ច្បារ​​ស្ថាប​នា​ផ្លូវ​​ទទឹង​​៤​ម៉ែត្រ​ ដោយ​យក​ដើម​​ឈើ​ធំ​ៗ​​ដុះ​​ជា​ជួរ​​ទាំង​នោះ​​ធ្វើជា​ចំណុចកណ្ដាល ។ ដំណាក់​កាល​ទី​​២ ចាប់​ពី​​ផ្លូវកាត់​ទទឹង​​ទៅ​ដល់​ស្ដុប​តុលា​ការ​ចាស់​​​ ជា​ការ​ពង្រីក​​​ផ្លូវ​តូចធំ​​ទៅ​តាម​​ស្ថាន​ភាព​​ដើម​ឈើ ។ ទោះជា​យ៉ាង​នេះក្ដី​ ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​បាន​​អះអាង​​ថា ការ​ស្ថាប​នា​​​និង​ពង្រីក​​ផ្លូវនោះ​មិន​​អាច​​ដំណើរ​​ការ​​គម្រោង​​ដោយកាប់​ដើម​ឈើ​​​ត្រឹម​​តែ​​​​​បួន​ដើម​​ដូចការ​បក​ស្រាយ​​ខាង​លើ​បាន​ទេ ។​​ ដោយ​មាន​មុខ​របរ​​ជា​អ្នក​​​បើក​រថយន្ត​ដឹក​ភ្ញៀវ​ ​​​បុរស​ឈ្មោះ​​ឃឹម ​តៃ អាយុ​​​៣៥ឆ្នាំ​ បាន​ឈរ​សម្លឹង​​ទៅ​កាន់​កំណាត់​​ផ្លូវ​​ចាប់​​ពីមណ្ឌល​​ផ្ដល់ព័ត៌​មាន​​​ទេស​ចរណ៍​​ទៅកាន់ស្ដុប​តុលាការ​​ចាស់​ដែលមាន​ដើម​​ឈើ​ទាលយ៉ាង​​តិច​​១៨​ដើម​ ដុះ​នៅសង​ខាង​ផ្លូវ​​​​ ឆ្លើយ​​ទៅ​កាន់អ្នក​យក​ព័ត៌​មាន​​​ថា ផ្លូវ​នេះ​មិន​អាច​ពង្រីក​ឱ្យ​ធំ​ជាង​​នេះ​ដោយ​​គ្មានការកាប់​​ដើម​ឈើ​​ធំ​ៗ​​ទាំង​នេះ​ទេ​ ព្រោះ​ដើម​​ឈើ​​ទាំងនោះវាដុះ​​កៀក​​​ជា​​ប់​នឹង​​ថ្នល់​ស្រាប់​ទៅ​ហើយ​ ។ ដោយ​ឡែក​​ចំពោះ​​ផែនការ​​ស្ថាប​នា​​ផ្លូវ​ថ្មី​ពីរង្វល់​មូល​​ព្រះរាជដំណាក់​​​មក​កាន់​មណ្ឌល​ព័ត៌មាន​​​ទេស​ចរណ៍​​ អាច​ធ្វើ​ទៅបាន​ដោយ​គ្រាន់​តែ​​​​​កាប់​ដើម​​ឈើ​ប្រមាណ​បី​បួន​ដើម​បាន​ហើយ​​ ប៉ុន្តែ​​​​កៀក​​នឹង​អាស្រម​ព្រះ​អង្គ​ចេក​ព្រះអង្គ​ចមពេក​​​​ ។

​នាយក​រដ្ឋបាលសាលា​ខេត្ត​សៀម​រាប​លោក ​​​​​​​​​​​​​​​​​​​​​​​​​លី សំរិទ្ធ​ ដែលបាន​​មក​​បកស្រាយ​​នៅក្នុងសន្និ​សីទ​​​​សារ​ព័ត៌​មាន​នោះដែរ បានថ្លែង​​ទទួលស្គាល់​ថា ដើម​ហេតុ​​ដែលនាំ​​ឱ្យ​អត្ថបទ​ចុះផ្សាយ​​ចុង​ក្រោយ​​នេះ​មាន​ឥទ្ធ​ិពល​ខ្លាំង​​ទៅ​លើស្រទាប​់​ម​ហាជន​ ដោយ​ផ្ដើម​ចេញ​​ពីការ​កាប់ឈើ​មួយចំនួន​នៅ​អមសង​ខាង​ផ្លូវ​សុខា​អូតែល ​នាពេល​កន្លង​មក​ ​​​​​​ជាមួយនឹង​​ការ​បារម្ភ​យ៉ាង​ខ្លាំង​​អំពី​ការ​កាប់​ដើម​​ឈើ​បន្ត​ទៀត ។ ​​ទោះបីជាយ៉ាង​ណា ​លោក​បាន​អះអាង​​​ថា តាមការ​​ណែនាំ​​របស់​លោក ឃឹម ​ប៊ុនសុង អភិបាល​ខេត្ត​ ក៏ដូចជា​​​​​​​កា​រជជីក​សួរ​​ទៅក្រុម​អ្នក​ជំនាញ​​​ផ្លូវថ្នល់ឃើញ​ថា យើង​ពុំ​មាន​ផែនការ​បន្ត​កាប់​ដើម​ឈើ​ផ្សេង​​ទៀត​ទេ ​ដូច្នេះ​​​សូម​​ឱ្យ​មហាជន​​កុំ​មាន​ការ​​ព្រួយបារម្ភ​​​អ្វី​ទៀត​​ឱ្យ​សោះ ។ ដូច​អ្វី​​​ដែលបានចុះ​ផ្សាយ​​ក្នុង​អត្ថ​បទកន្លង​​ទៅ មន្ត្រីបម្រើកា​រ​ងារ​​​នៅ​ក្នុងមន្ទីរ​អង្គ​ភាព​​រដ្ឋ​មួយ​របស់​ខេត្ត​សៀម​រាប​​​ដែល​បានឃើញ​​​ហេតុ​ការ​ណ៍កាប់បំផ្លាញ​​​ដើម​ឈើ​​នៅ​មុខ​សណ្ឋា​គារ​​​សុខា​កន្លង​ទៅ​​​​និយាយ​ថា ក្នុងនាម​​ជាពល​រដ្ឋ​ខ្មែរ​មួយ​រូប​​​លោក​​​​​​ស​ប្ប​ាយ​ចិត្តនៅពេល​ដែល​​​​​​ឃើញ​ទី​ក្រុង​មានការ​អភិវឌ្ឍ​​​​​​ទៅលើ​ហេដ្ឋារច​នាសម្ព័ន្ធ​​ផ្លូវ​ថ្នល់​​ ក៏ប៉ុន្តែកា​រ​អភិវឌ្ឍ​​ដោយ​ការ​កាប់​បំផ្លាញ​​​​ដើមឈើ​​​​​​​ជាកេរ​ដំណែល​របស់មនុស្ស​ជំនាន់​មុន​​​បែប​នេះ​មិន​គួរ​​គប្បី​​ទាល់​តែ​សោះ​ ។​

ជា​ច្រើន​ឆ្នា​ំមក​នេះ​ គេ​​​ឃើញ​ដើម​គគីរ​និង​ដើម​ឈើ​ទាល​ធំៗ​រាប់​សិប​ដើម​ដុះ​នៅ​តាម​ចិញ្ចើម​​​ផ្លូវ​​​មួយ​ចំនួន​​ដូច​ជា​ ផ្លូវ​ទៅ​អង្គរ​ ផ្លូវ​ជាតិ​លេខ​៦​ និង​ផ្លូវ​អម​សង​ខាង​មាត់​ស្ទឹង​​​បាន​ងាប​់​ជា​បន្ត​បន្ទាប់​​ ក្នុង​នោះ​មួយ​ចំនួន​ងាប់​ក្រោម​ហេតុ​ផល​អាយុ​កាល​ចាស់​និង​កង្វះ​ការ​ថែ​ទាំ​​ ។ ខ្លះ​ទៀត​ត្រូវ​បាន​អ្នក​ជំនាញ​ព្រៃ​ឈើ​សង្ស័យថា ​ងាប់​ដោយ​សា​រ​ការ​ថប់​ខ្យល់​​នៅ​ផ្នែក​គល់​របស់​វា​ដោយ​​​សារ​ការ​ក្រា​លការ៉ូ​ឡា​ និង​ចាក់​បេតុង​​ ព្រម​ទាំង​ខ្លះ​សង្ស័យ​​ថា​មាន​លួច​ចាក់​ថ្នាំសម្លាប់​ជា​​ដើម​ ។​ ​​​​​ប៉ុន្តែ​ជា​រៀង​រហូត​មក ​គេ​មិន​ធ្លាប់​ឃើញ​ក្រុម​មន្រ្តី​ណា​ម្នាក់​ចេញ​មុខ​​​ដាំ​ដើម​ឈើ​ទាំង​នោះ​ឡើង​វិញ​ទេ​​ ក្រៅ​ពី​ឃើញ​មាន​ការ​កាប់​បំផ្លាញ​ ក្រោម​រូប​ភាព​ពង្រីក​​ផ្លូវ​ ឬ​ទើស​ផ្លូវ​ចូល​មុខ​ផ្ទះ​ សណ្ឋាគារ របស់​​​​​ក្រុម​អ្នក​មាន​លុយ​មាន​អំណា​ចមួយ​ចំនួន​​​នោះ​ ។ ​កោះសន្ដិ​ភាព​​​ មាន​ក្ដី​រំភើប​​រីក​រាយ​​​​កាល​បើ​បានដំណឹង​​​ច្បាស់​​ថា ការ​​ព្រួយ​បារម្ភ​​​ជុំ​វិញ​​​​​ផែន​ការ​​​ពង្រី​ក​ផ្លូវ​​​​​ហើយ​អាច​នឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការ​កាប់​ដើម​​​ឈើ​ធំ​​​​​​​​​​​​​​​ៗ​តាមបណ្ដោយ​​​ផ្លូវ​មុខ​ព្រះ​រាជ​ដំណាក់​នោះ​គឺ​​មិន​មាន​​​​​ទេ ​។ ​អាជ្ញាធរ​បានប្រកាស​ច្បាស់​​​​​​​លាស់​បំផុត​​​ថា មិនមានការកាប់​តទៅ​ទៀត​​​ដូច​កាប់​​​​លើក​មុន​ៗ​នោះ​ឡើយ ៕ ​​