ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការបាត់បង់តំបន់ទេសចរណ៍ធម្មជាតិរលុះធំនាពេលខ្លីៗខាងមុខនេះ បើសិនជាពុំមានវិធានការទប់ស្កាត់ និងថែរក្សានោះទេ ។ តំបន់ទេសចរណ៍ធម្មជាតិរលុះធំ ដែលមានទំហំផ្ទៃដីចំនួន១០ហិកតា ស្ថិតនៅក្នុងភូមិខ្នាចឫស្សី សង្កាត់កូនគ្រៀល ក្រុងសំរោង ។
ប្រជាពលរដ្ឋចាស់ទុំដែលបានដឹងពីប្រវត្តិសាស្ត្រតំបន់ទេសចរណ៍ធម្មជាតិរលុះធំ បានរៀបរាប់ថា ចាប់តាំងពីរូបគាត់កើតមកដឹងក្តីបានឃើញតំបន់ទេសចរណ៍ដោយធម្មជាតិនេះ ស្រស់ស្អាតបំព្រងនៅពេលរដូវដើមឈើតូចធំជាច្រើនផ្លែផ្កាម្តងៗស្ទើរតែមានគ្រប់ពេល ចំនែកដីវិញមានដុះជារាងក្បាច់រចនាបទ ដូចជាទ្រង់ទ្រាយប្រាសាទអីុចឹង ។ គាត់បានបន្តថា នាពេលសព្វថ្ងៃនេះ ជនដែលខិលខូចត្រូវបានកាប់ដើមឈើធំៗដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍គ្មានសល់ ថែមទាំងរំលោភកាប់រុករានទន្ទ្រានព្រៃឈើយកដីជាកម្មសិទ្ធិ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ដោយមិនគិតដល់ផលប្រយោជន៍ជាតិទាល់តែសោះ ។
ទាក់ទិននឹងហេតុការណ៍នេះ កោះសន្តិភាពបានជួបលោកជា គឹមហាន់ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានមានប្រសាសន៍ថា តំបន់ទេសចរណ៍ធម្មជាតិរលុះធំ នៅក្នុងអំឡុងឆ្នាំ១៩៩៨ មន្ទីរទេសចរណ៍បានគ្រប់គ្រងទៅលើផ្ទៃដីចំនួន១០ហិកតា មកដល់អំឡុងឆ្នាំ២០០៨ នេះ ត្រូវបានបាត់បង់ផ្ទៃដីចំនួន៥០០ហិកតា ដោយសារតែមានការឯកភាពគ្នាពីថ្នាក់លើ និងអាជ្ញាធរមូលដ្ឋានកាត់ទៅឱ្យភូមិខ្នាចអូរឫស្សី រៀបចំប្រជាពលរដ្ឋរស់នៅក្បែរនោះ ។
លោកអនុប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា នៅក្នុងខេត្តឧត្តរមានជ័យ មានសម្បត្តិវប្បធម៌ និងរមណីយដ្ឋានជាច្រើនបង្គួរ នៅមិនទាន់បានអភិរក្ស និងអភិវឌ្ឍន៍នៅឡើយ ដូចជានៅក្នុងស្រុកអន្លង់វែង មានចំនួន១៤កន្លែង ដែលកំពុងទទួលបានទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងនោះមានប្រាសាទបុរាណចំនួន១៨កន្លែង រមណីយដ្ឋានធម្មជាតិប្រវត្តិសាស្ត្រចំនួន១៤កន្លែង ស្ពានបុរាណមានចំនួន៧កន្លែង និងទួលបុរាណមានចំនួន៩០កន្លែង ប៉ុន្តែក្នុងតំបន់ទេសចរណ៍ទាំងអស់នេះ គេបានកត់សម្គាល់ឃើញថា កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ឱ្យដឹងថា នៅក្នុងខេត្តឧត្តរមានជ័យ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍បុរាណទាំងអស់លោកបានជំរុញដល់មន្ទីរទេសចរណ៍ខេត្តត្រូវតែយកចិត្តទុកដាក់ការពារ និងថែរក្សាឱ្យបានគង់វង្ស ដើម្បីស្វែងរកនូវថវិកាអភិរក្ស និងអភិវឌ្ឍន៍លើតំបន់ទេសចរណ៍គ្រប់ទីន្លែង ហើយឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលទស្សនាលេងកម្សាន្តក្នុងខេត្តឧត្តរមានជ័យ ។
ចែករំលែកព័តមាននេះ