រាជធានីភ្នំពេញ ៖ សាលាការ៉ាតេកម្ពុជា និងសហព័ន្ធការ៉ាតេជប៉ុន បានរៀបចំសិក្ខាសាលាផ្លាស់ប្តូរបច្ចេកទេសការ៉ាតេ កាលពីព្រឹកថ្ងៃទី៣០ មីនា នៅក្នុងក្លិបមុនីឋាបនាទួលគោក ក្រោមអធិបតីភាពលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសាលាការ៉ាតេកម្ពុជា លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីព្រឹទ្ធាចារ្យ ស៊ីប៊ូយ៉ា តាកាស៊ី ទីប្រឹក្សាពិសេសរបស់សហព័ន្ធការ៉ាតេជប៉ុន អនុប្រធានសហព័ន្ធការ៉ាតេជប៉ុន នៅទីក្រុងតូក្យូ និងជាឧត្តមទីប្រឹក្សាសាលាការ៉ាតេកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស កីឡាករ-កីឡាការិនីជាច្រើននាក់ ។
គោលបំណងនៃការរៀបចំសិក្ខាសាលាបច្ចេកទេសការ៉ាតេនេះ គឺដើម្បីទទួលបាននូវការបណ្តុះបណ្តាលបន្ថែមបច្ចេកទេសការ៉ាតេពីសហព័ន្ធការ៉ាតេជប៉ុន, ផ្តល់ជូនឯកសណ្ឋានការ៉ាតេដល់សិស្សការ៉ាតេថ្មីចំនួន៦០នាក់ ដែលជាគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា, ប្រគល់វិញ្ញាបនបត្រទទួលស្គាល់ខ្សែក្រវាត់ខ្មៅថ្នាក់ដាន់ជូនសិស្សការ៉ាតេ៤នាក់ ក្នុងនោះលោករដ្ឋមន្ត្រី លឹម គានហោ ត្រូវបានបំពាក់ខ្សែក្រវាត់ខ្មៅ៤ដាន់, បំពាក់មេដាយម៉ារ៉ាតុងលើកទឹកចិត្តដល់សិស្ស និងគ្រូមកពីក្លិបមុនីឋាបនាខ្សាច់កណ្តាលចំនួន១៣នាក់ ដែលបានចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៣ នៅខេត្តព្រះសីហនុ ការប្រឡងខ្សែក្រវាត់ខ្មៅថ្នាក់ដាន់ដែលទទួលស្គាល់ពីសហព័ន្ធជប៉ុនសម្រាប់គ្រូបច្ចេកទេសការ៉ាតេ និងសិស្សការ៉ាតេរបស់សាលាការ៉ាតេកម្ពុជា។
លោកលឹម គានហោ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា លោកស្រឡាញ់វិស័យកីឡាការ៉ាតេនេះតាំងពីវ័យក្មេងមកម៉្លេះ រហូតមកដល់ពេលនេះមានរយៈពេលជាង៤០ឆ្នាំហើយ ។ លោកបានកោតសរសើរដល់ប្រធានសហព័ន្ធ គ្រូបង្វឹកដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្តបណ្តុះបណ្តាលដល់ក្មេងៗជំនាន់ក្រោយឱ្យទទួលបាននូវកម្រិតបច្ចេកទេសកាន់តែល្អប្រសើរតទៅមុខទៀត ។ ក្រៅពីកីឡាការ៉ាតេនេះ នៅមានកីឡាជាច្រើនប្រភេទទៀតដូចជា អៃគីដូ និងយូដូ ក៏លោកទទួលបាននូវកម្រិតខ្សែក្រវាត់ខ្មៅដូចគ្នា ។ លោកបន្តថា ការហ្វឹកហាត់ទទួលបានជោគជ័យទៅបាន គឺមានមូលដ្ឋានគ្រឹះ៣ចំណុចដែលត្រូវអនុវត្ត គឺទី១ ត្រូវគោរពវិន័យ ព្រោះស្ទើរតែគ្រប់ប្រភេទកីឡាទាំងអស់ពេលឡើងប្រកួត គឺតែងតែធ្វើការគោរពគ្នា នេះបញ្ជាក់ឱ្យឃើញពីសេចក្តីថ្លៃថ្នូររបស់កីឡា ។ ទី២ គឺទាក់ទងនឹងការប្រមូលផ្តុំអារម្មណ៍ដូចជា ការតាំងសមាធិ តាំងអារម្មណ៍ឱ្យបានល្អ ជាពិសេសចាប់ពីខ្សែក្រវាត់ខ្មៅ១ដាន់ឡើងទៅត្រូវតែរៀនពីបញ្ហានេះ និងទី៣ គឺបច្ចេកទេស បើយើងចេះប្រើប្រាស់បច្ចេកទេសបានល្អនោះជ័យជម្នះយើងទទួលបានយ៉ាងងាយស្រួល ។
សូមបញ្ជាក់ថា សិស្សការ៉ាតេទាំង៤នាក់ដែលទទួលបានវិញ្ញាបនបត្រថ្នាក់ខ្សែក្រវាត់ខ្មៅមាន ១-លោករដ្ឋមន្ត្រី លឹម គានហោ ទទួលបានខ្សែក្រវាត់ខ្មៅ៤ដាន់, ២-លោកជុន ជឿន ទទួលបានខ្សែក្រវាត់ខ្មៅ៣ដាន់, ៣-លោកអេង ទូច ទទួលបានខ្សែក្រវាត់ខ្មៅ១ដាន់ និង៤-លោកសាមីធី ទទួលបានខ្សែក្រវាត់ខ្មៅ១ដាន់ ។
សាលាការ៉ាតេកម្ពុជាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩ រហូតមកដល់បច្ចុប្បន្នមានរយៈពេល២៥ឆ្នាំហើយ ក្នុងនោះសាលាការ៉ាតេកម្ពុជាមានក្លិបចំនួន១៦ ដែលមានសិស្សការ៉ាតេសរុបចំនួន៧២០នាក់ ។ នៅដើមឆ្នាំ២០១៤ នេះ មានការកើនឡើងសិស្សថ្មីចំនួន១៤៤នាក់ ដែលពួកគេភាគច្រើនជាសិស្ស-និស្សិតក្រីក្រ និងកុមារកំព្រាតាមអង្គការនានា ។ ការទទួលបាននូវឱកាសសិក្សាតាមរយៈសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសការ៉ាតេនានា គឺបានដោយសារមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ទាំងផ្នែកថវិកាពីលោកបណ្ឌិត អូនព័ន្ធមុនីរ័ត្ឋ ប្រធានកិត្តិយសសាលាការ៉ាតេកម្ពុជា ដែលបានដឹកនាំសាលាការ៉ាតេកម្ពុជាតាំងពីឆ្នាំ២០០៩ មកប្រកបដោយភាពជោគជ័យ និងការអភិវឌ្ឍទៅមុខជារៀងរហូតមក ព្រមទាំងការឧបត្ថម្ភពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមូលនិធិមុនីឋាបនា ។ ជាពិសេស សហព័ន្ធការ៉ាតេជប៉ុន តែងតែឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសការ៉ាតេជារៀងរាល់ឆ្នាំផងដែរ ៕
ចែករំលែកព័តមាននេះ